ភ្នំពេញៈ វិនិយោគិន​ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ (CSX) ចាប់ពីពេលនេះ​ទៅនឹង​កាន់តែ​ងាយ​ស្រួល​ក្នុងការ​ស្នើសុំ​គណនី​វិ​និ​យោគ ​(Investor ID)​ ពី​និ​យ​ត​​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC) តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ប្លាត​ហ្វ​ម​តែមួយ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដែល​បានអនុញ្ញាត​ឱ្យ​វិ​និ​យោគិន​ស្នើសុំ​គណនី​ជួញដូរ​សំដៅ​ផ្តល់​ភាពងាយស្រួល រហ័ស និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​និយតករ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១០ ខែកក្កដា បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​មូល​ប​ត្រ​ធ្វើ​អាជីវកម្ម​ជើងសា​មូល​ប​ត្រ​ទាំងអស់​ថា ខ្លួន​បានអនុម័ត​ឱ្យ​ដំណើរការ​នូវ​គោលការណ៍​ណែនាំ​ស្តីអំពី​ការបើក​គណនី​ជួញដូរ​មូល​ប​ត្រ​តាម​ប្រព័ន្ធ​អន​ឡាញ​។​

SERC លើកឡើងថា​៖ «​ក្រុម​ហ៊ុន​មូល​ប​ត្រ​ធ្វើ​អាជីវកម្ម​ជើង​សា​មូល​ប​ត្រ​ដែល​មានបំណង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​មូល​ប​ត្រ​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវដាក់​ពាក្យស្នើសុំ​ការ​អនុញ្ញាត​ជាមុន​មក SERC»​។​

​អ្នកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ទីផ្សារ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៨ ខែ​កក្កដា​ថា CSX បានចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​ចាប់យក​ការជួញដូរ​តាម​អន​ឡាញ​ដែល​បានដាក់​ឱ្យ​ដំណើរការ​លើកដំបូង​នៅ​ចុង​ឆ្នាំ ២០២២ និង​បានធ្វើ​ទំនើប​កម្ម​ដំណាក់កាល​ទី២ កាលពីពេល​ថ្មីៗ ដោយបាន​បញ្ចូល​គ្នា​តែម្តង​ទាំង​ដំណើរការ​ការបើក​គណ​នី​ជួញដូរ និង​ការស្នើសុំ ​Investor ID ពី SERC ដោយ​ធ្វើ​នៅក្នុង​ប្រព័ន្ធ​តែ ​១ ដើម្បីឱ្យ​អ្នក​វិនិយោគិន​កាន់តែ​មាន​ភាព​ងាយស្រួល​ដែល​អនុញ្ញាតឱ្យ​គាត់​ចូល​ប្លាត​ហ្វ​ម​តែមួយ គឺ​ស្នើសុំ​បើក​គណនី​ជួញដូរ​ទៅ​កាន់ CSX និង​ស្នើ​បើក​គណនី​អ្នកវិនិយោគ​ទៅកាន់​ SERC​។​

​លោកស្រី​បានលើកឡើង​ថា​៖ «​ជា​ការពិត​គោលការណ៍​ដែល​ទើបតែ​ដាក់ចេញ​ដោយ​និ​យ​ត​ករ​មូល​ប​ត្រ​កម្ពុជា​យើង​កាលពីពេល​ថ្មីៗ​នេះ​គឺ​ពិតជា​មាន​សារៈ​​សំខាន់​ណាស់​ក្នុងការ​ផ្តល់​ជា​បែបបទ​នីតិវិធី​ច្បាស់លាស់ និង​មានចែង​អំពី​ស្តង់ដា​នៃ​ការរៀប​ចំ​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​បើក​គណនី​កាន់តែ​ច្បាស់លាស់ និង​ធ្វើឱ្យ​វិនិយោគិន​កាន់តែ​មាន​ទំនុកចិត្ត​លើ​ទីផ្សារ​យើង​»​។​

​លោកស្រី​បាន​បន្តទៀតថា​៖ «​ដូច្នេះ​គោលបំណង​សំខាន់​នៃ​ការដាក់ឱ្យ​ស្នើសុំ​គណនី​តាម​អន​ឡាញ​នេះ គឺ​ដើម្បី​សម្រប​សម្រួល និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​នៅក្នុង​វិស័យ​មូល​ប​ត្រ​»​។​

​លោក ហុង សុ​ហួរ អគ្គនាយក​​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ពិធី​ចុះ​បញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ខេ​ម ជី្ជ​អេស​អេ​ម កាល​ថ្ងៃទី​ ២៧ ខែ​- មិថុនា ឱ្យដឹងថា បច្ចុប្បន្នភាព​ទីផ្សារ​ភាគហ៊ុន​ដែល​គិត​មក​ត្រឹម​ថ្ងៃទី​ ២៧ ខែមិថុនា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៩ ដោយ​ក្រុមហ៊ុន​ចំនួន​ ១០ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន ​(៨​ ក្រុមហ៊ុន​នៅ​ទីផ្សារ​គោល និង ២ ​ទីផ្សារ​កំណើន​) ​ក្រុមហ៊ុន​ទាំង​ ១០ ​ប្រ​មូល​ទុន​ពី​ទីផ្សារ​សរុប ១២៤ លាន​ដុល្លារ និង​ ៩ ទៀត​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​បើ​រាប់បញ្ចូល​ទាំង​សញ្ញា​បណ្ណ​បំណុល​សរុប ៣២៣,៥​ លាន​ដុល្លារ​។​

​លោក​បន្តថា​៖ «​បច្ចុប្បន្ន​យើង​សង្កេតឃើញ​ចំនួន​វិនិយោគិន​សកម្ម​ក្នុងការ​ជួញដូរ (active investors)​ មានការ​កើនឡើង​ពី ​១ ​ខែ ទៅ ១​ ខែ​។ ក្នុង​ខែមេសា ចំនួន​វិនិយោគិន​សកម្ម​មាន​ប្រ​​មាណ ៥ ពាន់​នាក់​បាន​កើន​ដល់ ៦ ​ពាន់​នាក់​នៅក្នុង​ខែឧសភា​។ នេះ​ស​បញ្ជាក់ថា វិនិយោគិន​សាធារណៈ​ចាប់ផ្តើម​យល់ដឹង និង​ចេះ​ថ្លឹងថ្លែង​ការវិនិយោគ​របស់ខ្លួន ពិសេស​ទៅទៀត​នោះ ការបង្កើន​ចំណូល​អកម្ម​ផង​​ដែរ​។

ស្របតាម​ចក្ខុវិស័យ និង​ផែនការ​របស់​រដ្ឋាភិបាល​ដែល​នឹង​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ យើង​ក៏មាន​មហិច្ឆតា​ធំ​ក្នុង​ការជំរុញ​ទីផ្សារ​ដោយ​សម្រេច​គោលដៅ​បាន​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​លើសពី ១០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០៣០»៕