បន្ទាយ​មាន​ជ័​យៈ ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា សមិទ្ធផល​ស្ពានមិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​ បាន​ណង​អៀន​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត បានផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​​កាត់​ព្រំដែន ការបង្កើត​ការងារ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ការសម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​អា​ស៊ាន ក្នុងការ​​ត​ភ្ជាប់​ប្រទេស​នៅក្នុង​តំបន់​អា​ស៊ាន​ទាំងមូល (Asean Connectivity)​។​

​បើ​យោងតាម​ក្រសួង​សាធារណការ ស្ពាន​ស្ទឹង​បត់​-​បាន​ណង​អៀន មាន​ប្រវែង​ស្ពាន​សរុប​ចំនួន ៦២០ ​ម៉ែត្រ (​ផ្នែក​ខាង​កម្ពុជា ២១៥ ​ម៉ែត្រ + ផ្នែក​ខាង​ថៃ ៤០៥​ ម៉ែត្រ​)​ និង​ទទឹង​ស្ពាន ១៧ ​ម៉ែត្រ​។​ស្ពាន​ឆ្លងកាត់​ព្រំដែន​នេះ​ចាប់​ផ្ដើម​ពី​ក្រុង​ប៉ោយប៉ែត ទៅ​បញ្ចប់​នៅ​ច្រកព្រំដែន ប៉ោយប៉ែត​-​ថៃ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២០ ខែមីនា ឆ្នាំ​ ២០-១៧ និង​បញ្ចប់​ការសាងសង់​កាល​ពីថ្ងៃ​ទី ​១៥ ​ខែមករា​ឆ្នាំ​ ២០១៩​។

​ស្ពាន​នេះ​ត្រូវបាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណ ៦៧០ ​លាន​បាត (​ស្មើនឹង​ប្រមាណ​ជាង ១៩​ លាន​ដុល្លារ​អាមេរិក​) សាងសង់​ដោយ កងវិស្វកម្ម នៃ​កងទ័ព​ភូមិន្ទ​ព្រះរាជាណាចក្រ​ថៃ​ត្រួតពិនិត្យ​ដោយ នាយកដ្ឋាន​ហាយវ៉េ (DOH) របស់​ក្រសួង​ដឹកជញ្ជូន​ថៃ​។ ក្រសួង​សា​ធា​រណការ​បានឱ្យដឹង​ទៀតថា ប​ច្ចុ​ប្បន្ន កម្ពុជា​កំពុង​សាងសង់​អគារ​រដ្ឋបាល​នៅ​ច្រក​អន្តរជាតិ ស្ទឹង​បត់​-​បា​ណង​អៀន និង​ខ្សែ​ផ្លូវ​ត​ភ្ជាប់ ទៅកាន់​ផ្លូវជាតិ​លេខ​ ៥ និង​សម្រេច​វឌ្ឍនភាព​ការងារ​បាន​ជាង ៨៥% ហើយ​៕