ភ្នំពេញៈ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ប្រទេស​ចំនួន​ ៥ ដែលមាន ប្រទេស​ចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​ជា​ប្រទេស​ដែល​កម្ពុជា បាន​នាំ​ទំនិញ​ចូលកាន់​ទីផ្សារ​ក្នុងស្រុក​ច្រើនជាងដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ជិត​១០​ពាន់​លាន​ដុល្លារ នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣ ដោយ​ក្នុងចំណោម​ប្រទេស​នេះ មានតែ​ចិន និង​ឥណ្ឌូនេស៊ី​ទេ ដែល​នាំ​ទំនិញ​មក​កម្ពុជា មានការ​កើនឡើង​។​

​របាយការណ៍​ដដែល បានឱ្យដឹងថា ចិន​បាន​នាំចូល​ទំនិញ​មក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់ ជាង​៥ ៤៤០​លាន​ដុល្លារ កើន​១,២​ភាគរយ​,​វៀតណាម ១ ៨៧២​លាន​ដុល្លារ ថយចុះ​ជាង​១០​ភាគរយ​,​ថៃ ១ ៤៤៧ លាន​ដុល្លារ ថយចុះ​ជិត​២០​ភាគរយ​,​ឥណ្ឌូនេស៊ី​ជាង​៥៧៣​លាន​ដុល្លារ កើនឡើង​ជិត​២៧​ភាគរយ និង​ម៉ាឡេស៊ី មាន​ជាង​២៦៨​លាន​ដុល្លារ ថយចុះ​២​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២​។​

​ដោយឡែក​ការនាំ​ចូល​សរុប​របស់​កម្ពុជា​មានការ​ថយចុះ​ជិត​២៣​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០២២​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ប្រាប់​ឱ្យដឹងថា កត្តា​ដែល​ធ្វើឱ្យ​ការនាំ​ចូល​របស់​កម្ពុជា​មានការ​ធ្លាក់ចុះ គឺ​បណ្ដាលមកពី​ការថយចុះ​នៃ​តម្រូវការ​ក្នុងស្រុក គួបផ្សំ​កំណើន​នៃ​ការផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​របស់​កម្ពុជា នៅ​មួយរយៈ​ចុងក្រោយ​នេះ ហាក់​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។​

​លោក​បាន​បន្ថែមថា ក្នុងចំណោម​ប្រទេស​ទាំង​៥​នេះ មាន​ប្រទេស​៤​ហើយ​ជា​សមាជិក​របស់​អាស៊ាន ដែល​នេះ​មានន័យថា ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​សមាជិក ត្រូវបាន​ជំរុញ​និង​លើកទឹកចិត្ត ជាពិសេស​នៅក្នុង​អំឡុងពេល​វិបត្តិ​សកល​នេះ ដែល​អាស៊ាន​ត្រូវការ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ទៅវិញទៅមក​។​

​លោក ប៉ែន សុ​វិជាតិ បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន វៀតណាម​និង​ថៃ មានការ​ដោះដូរ​ទំនិញ​ជាមួយ​យើង​ច្រើនជាងគេ ទាំង​ការ​នាំចូល និង​នាំចេញ គឺមាន​ប្រហាក់ប្រហែលគ្នា ដោយសារតែ​ប្រទេស​ទាំង​២​នេះ មាន​ព្រំដែន​ជាប់​គ្នា​ងាយស្រួល​ដល់​ការដឹកជញ្ជូន ខណៈ​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​ក៏​ប្រហាក់ប្រហែលគ្នា​ផងដែរ​»​។

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ កាលពី​អំឡុងពេល​សម្ពោធ​នាំ​អង្ករ​ចេញទៅ​ហ្វីលីពីន កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ដែរថា នៅក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​នឹង​វិបត្តិ​នានា ក្នុង​ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តែងតែ​ណែនាំ​ឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​អាស៊ាន​ឱ្យបាន​ច្រើន ព្រោះ​ភាគច្រើន​ប្រទេស​ជា​សមាជិក​អាស៊ាន​នាំចេញ​ទៅ​ក្រៅ​តំបន់​អាស៊ាន​។​

​លោក​ធ្លាប់បាន​បញ្ជាក់ថា​៖«​ឥឡូវនេះ​យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង ក្នុងការ​ជំរុញ​ការនាំចេញ​និង​នាំចូល​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​ហេតុអ្វី​បានជា​យើង​ធ្វើបែបនេះ​? ពីព្រោះថា វា​ធ្វើឱ្យ​យើង​បាន​ភាព​ធន់ នៅក្នុង​បញ្ហា​សន្តិសុខ​ស្បៀង​ដែល​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ច្រើន ជាពិសេស​បញ្ហា​ខ្វះខាត​សន្តិសុខ​ស្បៀង ក៏ដូចជា ថាមពល​។​ដូច្នេះ​យើង​ត្រូវ​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​បន្ថែមទៀត​»​។​

​វិបត្តិ​សេដ្ឋកិច្ច​សកលលោក នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដោយសារ​វិបត្តិ​នេះ​បានធ្វើឱ្យ​តម្រូវការ​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា​មានការ​ថយចុះ​។ នេះ​បើតាម​ការលើកឡើង​ពី លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោកថ្លែងថា ស្ថិតក្នុង​បរិបទ​នេះ មាន​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​សុទ្ធតែ​មានការ​ធ្លាក់ចុះ​នូវ​តម្រូវការ ជាពិសេស​តម្រូវការ​មួយចំនួន​ដែល​មិនមាន​ភាពចាំបាច់ រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

​លោក ហុង វណ្ណៈ បាន​បញ្ជាក់ថា​៖«​ការកាត់បន្ថយ​នូវ​ការ​នាំចូល​ទំនិញ​មួយចំនួន​ដែល​មិនចាំបាច់ និង​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ទើប​ជា​កត្តា​ល្អ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។ ម្យ៉ាងវិញទៀត ស្ថិតក្នុង​បរិការណ៍​នេះ បើទោះជា​កម្ពុជា មានការ​នាំចូល​ទំនិញ​ពី​ប្រទេស​ដទៃ នៅមានកម្រិត ក៏​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយ​ប្រទេស​ដទៃ​ឡើយ​»​។​

​សូមបញ្ជាក់ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម​ម្ពុ​ជា សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​២៣​ពាន់​លាន​ដុល្លារ​ថយចុះ​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ ក្នុងនោះ កម្ពុជា បាន​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ទំហំ​ទឹកប្រាក់​ជាង​១២​ពាន់​លាន​ដុល្លារ​។

​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ រួមមាន ផលិតផល​សម្លៀកបំពាក់ ស្បែកជើង វាយ​ន​ភណ្ឌ សម្ភារ និង​គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម ជាដើម​។ ដោយឡែក ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា បាន​នាំចូល​ពី​ខាងក្រៅ​វិញ មានដូចជា ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី សម្ភារ​សំណង់ ជី​ ​ថ្នាំ​កសិកម្ម​ជាដើម​៕