
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities។

កាលពីថ្ងៃអង្គារ តម្លៃមាសបានកើនឡើងយ៉ាងខ្លាំងរហូតដល់តម្លៃប្រហែល ១ ៩៨៤ ដុល្លារ (ក្នុង ១ អោនស៍) ដោយសារតម្លៃប្រាក់ដុល្លារអាមេរិក កាន់តែអាក្រក់ ដែលបណ្ដាលមកពីការធ្លាក់ចុះអត្រាសូចនាករសេដ្ឋកិច្ចសំខាន់ ២ សម្រាប់ខែមិថុនា។
យោងតាមគេហទំព័រ Forexfactory ទិន្នន័យ Core Retail Sales បានធ្លាក់ចុះមកត្រឹម ០,២% (ការរំពឹងទុក ០,៤% និងទិន្នន័យជាក់ស្ដែង ខែមុន ០,៣%) ហើយទិន្នន័យ Retail Sales បានចុះមកត្រឹម ០,២% ខណៈពេលដែលការរំពឹងទុកមានចំនួន ០,៥% ដូចទិន្នន័យជាក់ស្ដែងខែមុន។ បូករួមទាំងអត្រាការងារ នៅសហរដ្ឋអាមេរិក សម្រាប់ខែមិថុនា ដែលមានអត្រាទាប សហរដ្ឋអាមេរិក ប្រហែលជាត្រូវធ្វើអ្វីមួយបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។
ជាទូទៅតម្រូវការសកលកាន់តែខ្ពស់សម្រាប់លោហធាតុមានតម្លៃដូចជាមាសនឹងកើតមានដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក និង/ឬ សហរដ្ឋអាមេរិក។ ដើម្បីទប់ស្កាត់បញ្ហានេះ ធនាគារកណ្តាលធំៗ ត្រូវបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន និងបង្កើនអត្រាការប្រាក់ជាដើម។
ឥឡូវនេះ ទីផ្សារកំពុងតាមមើលធនាគារកណ្ដាល សហរដ្ឋអាមេរិក ថាតើនឹងធ្វើអ្វីទៀតនៅថ្ងៃទី២៦ ខែកក្កដា ជុំវិញវិធានការដំឡើងអត្រាការប្រាក់របស់ខ្លួន។
ស្របពេលដែលគណៈកម្មាធិការរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក បានសម្រេចចិត្តបន្តដំឡើងអត្រាការប្រាក់កាលពីខែមុន អ្នកសេដ្ឋកិច្ចបានគិតនៅក្នុងលទ្ធភាពទាំងអស់ថា នឹងមានការបោះឆ្នោតដំឡើងអត្រាការប្រាក់ ០,២៥% ទៀត។
ផ្អែកលើលក្ខណៈបច្ចេកទេសវិញ សកម្មភាពតម្លៃរបស់មាសកំពុងបង្កើតទម្រង់កើនឡើង ហើយ តម្លៃក្នុងចន្លោះពី ២០១៧ ទៅ ២០២០ ដុល្លារ នឹងក្លាយជាចន្លោះកម្រិតតម្លៃខ្ពស់ថ្មី ដែលអាចកើតមាន នៅសប្តាហ៍ក្រោយ៕
