ភ្នំពេញៈ លោក គង់ ភោគ រដ្ឋ​លេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា សេដ្ឋកិច្ច​ឌីជីថល គឺជា​រឿង​ចាំបាច់ ដែល​កម្ពុជា និង​សមាជិក​អាស៊ាន ត្រូវការ​ពង្រឹង​និង​គាំទ្រ​ដោយសារតែ​សេដ្ឋកិច្ច​ឌីជីថល​នេះ​នឹង​បន្ថែម​រហូតដល់​ ១ ​ទ្រី​លាន​ដុល្លារ ដល់ GDP សរុប​របស់​តំបន់​អាស៊ាន​។​

​នៅក្នុងពេល​ធ្វើការ​រាយការណ៍ អំពី​លទ្ធផល​នៃ​ការចូលរួម​របស់​រដ្ឋ​មន្ដ្រី​ការបរទេស និង​សហ​ប្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​ ៥៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ថ្ងៃទី ​១៨ ខែកក្កដា ឆ្នាំ​ ២០២៣ លោក គង់ ភោគ រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​របស់​កម្ពុជា ថ្លែងថា Digital Economy ឬ​សេដ្ឋកិច្ច ឌីជីថល គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអភិវឌ្ឍ​ទៅមុខ​របស់​អាស៊ាន​។

​លោក​បញ្ជាក់ថា​៖ «​ដោយ​ផ្អែកទៅលើ​ការវាយតម្លៃ​របស់​យើង ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ​ ២០៣០ សេដ្ឋកិច្ច​ឌីជីថល នឹង​បន្ថែម​រហូតដល់​ ១ ​ទ្រី​លាន​ដុល្លារ ដល់ GDP សរុប​របស់​តំបន់​។ ដូច្នេះ​ការពង្រឹង សេដ្ឋកិច្ច​ឌី​ជី​ល​របស់​យើង​ពិត​ជាមាន​សារៈសំខាន់​ណាស់​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ​ ២០២៣​ បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​ជំរុញ និង​គាំទ្រ​សេដ្ឋ​​កិច្ច​ឌីជីថល និង​រៀបចំ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​ឌីជីថល ដោយ​ក្រុមការងារ​នេះ មាន​ចំនួន​ ១៣ ​ក្រុម ដែលមាន​តួនាទី​ជំរុញ និង​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​និង​រៀបចំ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ឱ្យ​ដំណើរការ​ទៅ​ប្រកប​​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​។​

​ជុំវិញ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ជំរុញ និង​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល និង​រៀបចំ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​ឌីជីថល​នេះដែរ​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា យល់ឃើញថា ការរៀបចំ​ក្រុមការងារ​នេះ ពិតជា​មាន​សារៈ​សំខាន់​ណាស់​ដោយសារតែ​លោក​បាន​មើលឃើញថា សេដ្ឋកិច្ច​ឌី​​ជី​ថ​ល​ត្រូវការ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អ្នកជំនួញ​។​

​លោក​បញ្ជាក់ថា​៖ «​កន្លងមក​ឃើញ​ប្រជាពលរដ្ឋ​យើង ពាក់ព័ន្ធ​នឹង​ជំនួញ​ឌីជីថល​នេះ គាត់​នៅមានកម្រិត​នៅឡើយ ក្នុងនោះ​ការអប់រំ​កុមារ នៅក្នុង​វិស័យ​ឌី​ជី​ថ​ល​នេះ ក៏​នៅមានកម្រិត​ដែរ​។ ដូច្នេះ​ការបង្កើត​នេះ គឺជា​ការចាប់​​ផ្តើម​មួយ ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ឌីជីថល​យើង​មានដំណើរ​ការ​រលូន ដោយ​ក្រុមការងារ​បច្ចេកទេស​ដែល​ត្រូវបង្កើត​នេះ នឹង​ក្លាយទៅជា​ក្រុមការងារ​រៀបចំ​គោលនយោបាយ និង​តម្រង់ទិស​បន្ថែមទៀត​សម្រាប់​យុទ្ធសាស្ត្រ ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទាំងអស់នេះ​»​។​

​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​បញ្ជាក់ថា ក្រុម​ការងារ​បច្ចេកទេស​ជំរុញ និង​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល និង​រៀបចំ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ទាំង​ ១៣ ​ក្រុម​នោះ រួមមាន ក្រុម​ការ​​ងារ​បច្ចេកទេស​ទទួល​បន្ទុក​ការ​សម្របសម្រួល​កណ្ដាល​,​ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​ប្រព័ន្ធ​វិក្កយបត្រ​អេឡិចត្រូនិក​។

​ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​សារពើពន្ធ​ឌីជីថល ក្រុម​​ការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​និ​យ​ត​កម្ម​ធុរកិច្ច​ឌីជីថល ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​ការសម្រួល​ពាណិជ្ជកម្ម​ឌីជីថល​ក្រុមការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​ការទូទាត់​សង​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​។ ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្រុមការងារ​បច្ចេកទេស ទទួលបន្ទុក​អត្តសញ្ញាណ​ឌីជីថល ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​លំហូរ​ក​ម្លាំ​ង​ពលកម្ម​ជំនាញ​និង​ការបណ្ដុះបណ្ដាល​ជំនាញ​ឌី​ជី​ថ​ល​ក្រុមការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​ការកសាង​ធនធានមនុស្ស​ឌីជីថល​។

​ក្រុមការងារ​បច្ចេកទេស​ទទួលបន្ទុក​ការលើកកម្ពស់ និង​ការជំរុញ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍ ក្រុមការងារ​បច្ចេក​ទេស​ទទួលបន្ទុក​សុវត្ថិភាព​ឌី​ជី​ថ​ល សន្តិសុខ​សាយ​ប័​រ និង​អភិ​បាល​កិច្ច​ទិន្នន័យ និង​ក្រុមការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ឌីជីថល​។​

​ក្រុមការងារ​បច្ចេកទេស​ជំរុញ​និង​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល និង​រៀបចំ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​មាន​តួនាទី​ផ្សេងៗ​គ្នា ដោយ​ក្រុមការងារ​បច្ចេកទេស​ទ​ទួល​បន្ទុក​ការសម្របសម្រួល​កណ្តាល មាន​អគ្គលេខាធិការ​​ដ្ឋា​ន​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល​ជា​លេខាធិការដ្ឋាន​។

​ចំណែក​ក្រុម​ផ្សេងទៀត នឹងត្រូវ​ដឹកនាំ​ដោយ​ក្រសួង​ស្ថាប័ន​មួយចំនួន​ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ក្រុមការងារ​បច្ចេក​ទេស​ចំនួន ​៤ ​ធនាគារជាតិ​នៃ​កម្ពុជា ដឹកនាំ​ក្រុមការងារ​បច្ចេក​ទេស​ចំនួន ​១ និង​ក្រសួង​ពា​ណិ​​ជ្ជ​កម្ម​ដឹកនាំ​ក្រុមការងារ​បច្ចេក​ទេស​ចំនួន ​១​។ រីឯ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ក្រុមការងារ​បច្ចេក​​ទេស​ចំនួន​ ១ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចំនួន​ ១ ក្រសួង​អប់រំ យុវជន និង​កីឡា​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចំនួន​ ១ ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចំនួន ១ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​​គមនាគមន៍ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចំនួន​ ២៕