ភ្នំពេញៈ ក្រុមហ៊ុននាំចេញ​អង្ករ​ក្នុងស្រុក​បានឱ្យដឹងថា កត្តា​ដែល​ធ្វើឱ្យ​តម្លៃ​ស្រូវ​នៅ​ទីវាល ពិសេស​ប្រភេទ​ពូជស្រូវ​ប្រាំង IR និង​OM មានតម្លៃ​ខ្ពស់ ដោយសារតែ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដូចជា ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី​មាន​តម្រូវការ​ខ្ពស់​ធ្វើឱ្យ​អង្ក​រស​ឡើងថ្លៃ​ដែល​កំពុង​ជំរុញ​ឱ្យ​ប្រភេទ​ស្រូវ IR និង​​ OM សម្រាប់​ផលិត​ជា​អង្ក​រស​ក៏មាន​តម្លៃ​កើនឡើង​ផងដែរ​។​

​លោក​ ចាន់ ពេជ្រ អ្នក​គ្រប់​​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ខែកក្កដា​ថា បច្ចុប្បន្ន​ទីផ្សារ​អង្ករ​នៅលើ​ពិភពលោក​ពិសេស​ប្រភេទ​អង្ក​រស ឬ​អង្ករ​​ធម្មតា​ដែលជា​ប្រភេទ​អង្ក​របាយ​រឹង និង​បាយ​ទន់ ឃើញថា មាន​តម្រូវការ​ខ្ពស់​។​

​លោក​បានឱ្យដឹងថា​៖ «​មូល​​ហេតុដែល​ខ្ញុំ​មើលឃើញ​បែប​នេះ ដោយសារ​ទី​១ បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយសារ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អូស្ត្រាលី អាមេរិក​ជាដើម ជួប​គ្រោះ​រាំង​ស្ងួត​កាលពីដើម​ឆ្នាំនេះ ដែល​ធ្វើឱ្យ​តម្រូវការ​អង្ករ​មានការ​កើនឡើង ជាពិសេស​ប្រទេស​ឥណ្ឌា ដោយសារ​បញ្ហា​នេះ បាន​បិទ​ការនាំចេញ​អង្ក​រស និង​អង្ក​របាក់ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​របស់គេ​»​។

«​ចំណែក​ប្រទេស​ក្នុង​អាស៊ាន​យើង ដែល​រួមមាន ឥណ្ឌូ​នេ​ស៊ី និង​ហ្វីលីពីន​ជាដើម ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បាន​ជួប​បញ្ហា​កង្វះខាត​ការ​ផ្គត់​ផ្គង់​អង្ករ​នេះដែរ​ដោយបាន​បញ្ជា​ទិញ​អង្ក​រស​នេះ​ជា​បន្ត​បន្ទាប់ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​គ្នា ដូចជា​ទិញ​ពី​វៀតណាម និង​កម្ពុជា​ជាដើម​»​។ លោក​ចាន់ ពេជ្រ បានបញ្ជាក់​បន្ថែម​។​

​លោក​បាន​ថ្លែងថា នៅពេល​ការកាត់បន្ថយ​ថ្លៃដើម​ចាប់ផ្តើម​មាន​ភាពប្រសើរ​ឡើង ឃើញថា ទីផ្សារ​ហ្វីលីពីន នឹង​អាចជួយ​ជំ​រុញឱ្យ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ច្រើន​រហូតដល់​ខ្ទង់លាន​តោន ដោយសារតែ​ប្រទេស​ហ្វីលីពីន​មាន​តម្រូវការ​ខ្ពស់​មាន​ប្រជាជន​ច្រើន​។​

​លោក​ គឹម សាវុធ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វ៊ូ​ដ​គ្រុប ជា​ក្រុម​​ហ៊ុន​ក្នុងស្រុក​នាំចេញ​អង្ករ​ដ៏​ធំ​មួយ​ទៅ​ទីផ្សារ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បានឱ្យដឹង​ដែរ​ថា បញ្ហា​វិបត្តិ​សង្គ្រាម​បានធ្វើ​ឱ្យមាន​វិបត្តិ​ដឹកជញ្ជូន ​(​ឡើងថ្លៃ​ផង​)​ និង​ការប្រែប្រួល​អាកាសធាតុ​ផង បានធ្វើឱ្យ​តម្លៃ​ស្បៀង​កើនឡើង ពិសេស​ប្រទេស​ដែល​នាំចូល​ស្បៀង ជួប​បញ្ហា​ច្រើន ដោយសារតែ​អង្ករ​ឡើងថ្លៃ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ស្រូវប្រាំង​ IR និង​ OM​ ហាក់​មានតម្លៃ​ខ្ពស់​នា​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តម្លៃ​វត្ថុធាតុដើម តម្លៃ​ពលកម្ម និង​តម្លៃ​ជី​ឡើងថ្លៃ​ដែរ​។ ម្យ៉ាងវិញទៀត តម្លៃ​ស្បៀង​ពិភពលោក​ឡើងថ្លៃ​ដូចគ្នា ជា​ពិសេស​ចាប់តាំងពី​មាន​សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ខណៈ​បញ្ហា​អាកាសធាតុ​រាំងស្ងួត​បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ផលិត​ស្បៀង​មិនបាន​គ្រប់គ្រាន់​តាម​ត្រូវការ​»​។​

​ចំណែកអគ្គនាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Agribee (Cambodia)​ លោក យ៉ង ប៉ាក់ បាន​ថ្លែងថា នៅពេល​តម្លៃ​ស្រូវ​នៅ​ទីវាល ជាពិសេស​ស្រូវប្រាំង ​IR និង​OM មានតម្លៃ​ខ្ពស់​បែបនេះ ការបញ្ជា​ទិញ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​អាច​នឹង​ធ្លាក់ចុះ ហើយ​វៀត​ណា​ម​នឹង​ប្រមូល​ទិញ​វិញ​។​

​លោក​ថា​៖ «​ពេល​ស្រូវ​ឡើងថ្លៃ រោង​ម៉ាស៊ីន​ក្នុងស្រុក​ទិញ​បាន​តិចតួច​បំផុត ដូចនេះ​ការ​នាំចេញ​អង្ក​រស ក៏​មិនបាន​ច្រើន​ដែរ ហើយ​កសិករ​យើង​ភាគច្រើន​លក់​ស្រូវ​សើម​ឱ្យ​វៀតណាម ខណៈ​រោង​ម៉ាស៊ីន​ក្នុងស្រុក​យើង​មិនសូវ​ហ៊ាន​ទិញស្រូវ​ស្តុក​ទុក​ដោយសារតែ​តម្លៃ​លើ​ទីផ្សារ​មិនមាន​ភាពច្បាស់លាស់​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា នៅ​ឆ្នាំនេះ ស្រូវ​ប្រភេទ ​IR មានតម្លៃ​ ១ ០៤៧​ រៀល​ ក្នុង​ ១ ​គីឡូក្រាម ខណៈ​ស្រូវ​ប្រភេទ​ OM មានតម្លៃ​ ១ ០២៩ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។

​ក្រសួង​បន្តថា ចំណែក​ស្រូវ​​សែន​ក្រអូប​វិញ គឺមាន​តម្លៃ​ខ្ពស់​ជាងគេ​បើ​ធៀប​នឹង​ស្រូវ IR និង OM ប៉ុន្តែ​តម្លៃ​ស្រូវ​នេះ​មិនសូវ​ប្រែប្រួល​ទេ ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុងក្រោយ ដោយ​ជា​មធ្យម​តម្លៃ​ចន្លោះ​ពី​ ១ ០០០ ទៅ​ ១ ២៦០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​៕