ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ជាថ្មីថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានប្រតិបត្តិការល្អ និងរឹងមាំ ហើយបន្តដើរតួនាទីសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចចំពេលមានការរីករាលដាលកូវីដ ១៩ និងភាពមិនប្រាកដប្រជាជាសកលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈវិស័យនេះបង្ហាញពីភាពរឹងមាំរបស់ខ្លួនតាមរយៈសន្ទនីយភាព និងដើមទុនក្នុងកម្រិតខ្ពស់។
ទេសាភិបាលរង NBC លោកស្រី ជា សិរី បានឱ្យដឹងកាលពីដើមខែនេះថា ការបញ្ចេញឥណទានប្រកបដោយនិរន្តរភាពដល់វិស័យផ្សេងៗបានជំរុញដល់កំណើនសេដ្ឋកិច្ច ខណៈការរៀបចំឥណទានឡើងវិញ បានជួយសម្រាលបន្ទុកដល់ពលរដ្ឋ និងក្រុមហ៊ុនជាច្រើនដែលរងផលប៉ះពាល់។ ស្របគ្នានឹងល្បឿននៃការស្ទុះងើបសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជាក៏បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រចាកចេញដោយប្រុងប្រយ័ត្ន ដើម្បីធានាបានស្ថិរភាព និងប្រតិបត្តិការល្អនៃប្រព័ន្ធធនាគារ។
លោកស្រីថ្លែងថា៖ «ប្រព័ន្ធធនាគារនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការផ្តល់ឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ស្របជាមួយការធ្វើទំនើបកម្មប្រព័ន្ធទូទាត់បន្ថែមទៀត និងស្របតាមតម្រូវការទីផ្សារ»។
លោកស្រីបន្ថែមថា ប្រព័ន្ធធនាគារក៏ប្រឈមនឹងហានិភ័យមួយចំនួនដែររួមមាន ទី១ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិអាចបង្កើនការចំណាយលើមូលនិធិសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ, ការដាក់សម្ពាធលើការបង្កើនលើអត្រាការប្រាក់ក្នុងស្រុក, ទី២ បើសិនសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ ជាលទ្ធផលនៃហានិភ័យខាងក្រៅនឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងគ្រួសារ និងសមត្ថភាពសេវាបំណុលរបស់ពួកគេ និងទី៣ ដោយសារសមាមាត្រនៃប្រាក់កម្ចីដល់វិស័យសំណង់ និងអចលនទ្រព្យ។
លោកស្រីលើកឡើងថា៖ «NBC នឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការគំរាមកំហែងដែលអាចកើតឡើងចំពោះស្ថិរភាពហិរញ្ញវត្ថុ និងចាត់វិធានការបុរេសកម្ម ដើម្បីកាត់បន្ថយ ហានិភ័យ និងការពារប្រកបដោយភាពរឹងមាំ និងភាពធន់នៃប្រព័ន្ធធនាគារ»។
អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានទទួលស្គាល់ថា គ្រឹះស្ថានហិរញ្ញវត្ថុកំពុងដើរតួនាទីសំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ហើយគិតដល់ពេលនេះវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជន ខណៈការកើនឡើងនៃតម្លៃទំនិញនៅជុំវិញពិភពលោក។ ជាមួយគ្នានេះលោកបានពន្យល់ថា និយតករ (NBC) ក៏បានចាប់ផ្ដើមដាក់ចេញនូវវិធានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់វិស័យខាងក្រៅនៃប្រព័ន្ធហិរញ្ញវត្ថុក៏ដូចជាជួយដល់ក្រុមហ៊ុន និងគ្រួសារ។
លោកថ្លែងថា៖ «ដូចដែលអ្នកមើលឃើញហើយថា ទោះបីមានបញ្ហាខាងក្រៅជាច្រើនដែលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ពិសេសប្រាក់ចំណូលរបស់ប្រជាជនក៏ដោយ ក៏វិស័យហិរញ្ញវត្ថុរបស់យើងនៅតែជាវិស័យសំខាន់ក្នុងការចាក់បញ្ចូលទុនដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច»។
លោកស្រី ជា សិរី ក៏បានបង្ហាញថា ហានិភ័យក៏អាចកើតចេញពីគ្រឹះស្ថានធនាគារស្រមោលដូចជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឬហាងបញ្ចាំជាដើមដោយខុសគ្នាពីប្រព័ន្ធធនាគារដែលត្រូវបានគ្រប់គ្រងយ៉ាងដិតដល់ដោយ NBC គ្រឹះស្ថានទាំងនេះក៏ត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្នខ្ពស់ដោយអាជ្ញាធរនិយតកម្មដែលពាក់ព័ន្ធ (និងក្រៅពីអាណត្តិបទប្បញ្ញត្តិនៃ NBC)។ លោកស្រីបញ្ជាក់ថា មានព័ត៌មានតិចតួចដែលអាចរកបានអំពីប្រតិបត្តិការ ឬដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងហាងបញ្ចាំ ឬសមត្ថភាពសេវាបំណុលរបស់អតិថិជនក្នុងវិស័យទាំងនេះ។
លោកស្រីពន្យល់ថា៖ «ដូច្នេះកិច្ចប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរនិយតកម្មពាក់ព័ន្ធគឺចាំបាច់ដើម្បីពង្រឹងការ ប្រមូលទិន្នន័យ និងកែលម្អការត្រួតពិនិត្យបទប្បញ្ញត្តិទាក់ទងនឹងគ្រឹះស្ថានទាំងនេះ ដើម្បីទប់ស្កាត់នូវហានិភ័យ ណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ»។
លោកស្រីបន្តថា៖ «លើសពីនេះ NBC នឹងបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀតដើម្បីធានាបាននូវភាពល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុទាំងមូល នៅក្នុងប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍របស់ NBC ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងដោយវិស័យធនាគារ (៨៥ ភាគរយនៃទ្រព្យសកម្មសរុប) និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ប្រព័ន្ធធនាគារនៅតែរឹងមាំ ខណៈដែលឥណទានបានកើនឡើង ១៦,៣ ភាគរយដែលត្រូវបានបញ្ចេញទៅគ្រប់វិស័យនៃសេដ្ឋកិច្ច។ បន្ទាប់ពីបញ្ចប់វិធានការបន្ធូរបន្ថយក្នុងអំឡុងពេលការរីករាលដាលកូវីដ ១៩ ប្រាក់កម្ចីមិនដំណើរការបានកើនពី ២,១ ទៅ ២,៩ ភាគរយ ដែលបន្តស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
សន្ទនីយភាព និងដើមទុនមានកម្រិតខ្ពស់ដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រព័ន្ធធនាគារទាំងមូល បំពេញតម្រូវការសាច់ប្រាក់របស់អតិថិជនបានគ្រប់គ្រាន់ និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព៕