ភ្នំពេញៈ កម្ពុជា​បាន​បញ្ចេញ​ប្រាក់​ជិត ១,០៨​ ពាន់​លាន​ដុល្លារ ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ចំនួន ៤ ប្រភេទ​មក​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក​នា​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ជិត ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​-​មិថុនា ឆ្នាំ ​២០២៣ ការ​នាំចូល​ប្រេង​ (៤ ​ប្រភេទ​)​ មាន​ទឹកប្រាក់ ១ ០៧៨,១៥​ លាន​ដុល្លារ​ធ្លាក់ចុះ ៩,៧២ ​ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ប្រេងឥន្ធនៈ​ទាំង ​៤ នោះ​រួមមាន ប្រេង​ម៉ា​ស៊ូ​ត​ (D.O)​ ចំនួន ៦៥១,៨៥​ លាន​ដុល្លារ ធ្លាក់ចុះ ៨,០៤ ភាគរយ​, ប្រេង​សាំង ​(E.A) ៣៩០,៩៨​ លាន​ដុល្លារ ធ្លាក់ចុះ ៥,៣ ​ភាគរយ​, ប្រេងសាំង​យន្ត​ហោះ​ (ZA1) ៣២,០៥ ​លាន​ដុល្លារ​កើន​​ឡើង ៥៥,៨១​ ភាគរយ និង​ប្រេង​ខ្មៅ​ (F.O) មាន​ចំនួន ៣,២៦​ លាន​ដុល្លារ ធ្លាក់ចុះ ៩៣,៧១ ​ភាគរយ​។​

​អ្នកសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ៣១ ខែកក្កដា​ថា ការ​ធ្លាក់ចុះ​ចំនួន​ប្រាក់​នាំចូល​ប្រេងឥន្ធនៈ​កាលពី​ឆមាស​ទី​១ ឆ្នាំនេះ គឺ​ដោយសារ​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា តម្លៃ​ប្រេង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ខ្ពស់ជាង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ (​តម្លៃ​ប្រេង​បាន​កើន​ខ្ពស់​បន្ទាប់ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​នាំចេញ​ប្រេង​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​), ការធ្លាក់ចុះ​ចំនួន​រោងចក្រ​/​សហគ្រាស​ដែល​ប្រើ​ម៉ាស៊ីនភ្លើង​ផ្ទាល់​, កំណើន​រថយន្ត​អគ្គិសនី​, និង​ជាពិសេស​ការប្រើប្រាស់​ប្រេង​ខ្មៅ​សម្រាប់​ផលិត​អគ្គិសនី​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាង​គំ​ហុក ​(​កំណើន​ថាមពល​អគ្គិសនី​ទទួល​បាន​ពី​ថាមពល​កកើត​ឡើងវិញ​)​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ការធ្លាក់​ចុះ​ទឹកប្រាក់​នាំចូល​ប្រេងឥន្ធនៈ​កាលពី​ឆមាស​ទី​១ កន្លងមក គឺ​មិន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការធ្លាក់ចុះ​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​ឡើយ ព្រោះ​ការ​ថមថយ​នេះ គឺ​ដោយសារ​រោងចក្រ និង​សហគ្រាស​នៅ​កម្ពុជា​ស្ទើរ​ទាំងអស់​បាននាំគ្នា​ងាក​មក​ប្រើ​អគ្គិសនី​ដែល​ផលិត​ពី​ប្រភព​ស្អាត ​(​មិន​បំពុលបរិស្ថាន​)​ កាន់តែច្រើន​»​។​

​លោក​បន្ថែមថា ទោះយ៉ាងណា​ការនាំ​ចូល​ប្រេងសាំង​យន្តហោះ ​(ZA1)​ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារ​ការដឹកជញ្ជូន​ភ្ញៀវ​បាន​កើនឡើង​។​

​កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា មានតម្លៃ ៥ ៨០០ ​រៀល ​ក្នុង ​១ ​លីត្រ និង​ម៉ា​ស៊ូ​ត ៦ ៣០០ ​រៀល ខណៈ​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២៣ ប្រេងសាំង​មានតម្លៃ ៤ ២០០ ​រៀល និង​ប្រេងម៉ាស៊ូត ៣ ៩៥០​ រៀល​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់បាន​លើកឡើងថា ប្រេងឥន្ធនៈ​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ការធ្លាក់​ចុះ​ចំនួន​ប្រាក់​នាំចូល​ប្រេង​មក​កម្ពុជា គឺ​ដោយសារ​ប្រេង​ក្នុង​ឆមាស​ទី ​១ ឆ្នាំនេះ​មានតម្លៃ​ទាប​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​កាន់តែ​ល្អ​។​

​លោក​ប្រាប់ថា​៖ «​មូល​ហេតុដែល​ធ្វើឱ្យ​ប្រាក់​នាំចូល​ប្រេង​ធ្លាក់ចុះ គឺ​ដោយ​​សារ​តម្លៃ​ប្រេង​អន្តរជាតិ​ធ្លាក់ចុះ​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចូល​រថយន្ត​គ្រប់​ប្រភេទ​ក្នុង​ទឹកប្រាក់​សរុប ៤៥៦,៦៧​ លាន​ដុល្លារ ធ្លាក់ចុះ ១៩,៩​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ រថយន្ត​នាំចូល​ត្រូវ​ចែកចេញជា ៤ ​ប្រភេទ គឺ​រថយន្ត​ទេសចរណ៍ មាន​ទឹកប្រាក់ ៣១៩,៩៤​ លាន​ដុល្លារ ធ្លាក់​ចុះ ១១,៧៦ ​ភាគរយ​, រថយន្ត​ដឹក​ទំ​​និ​ញ ១០៨,៧៤​ លាន​ដុល្លារ ធ្លាក់ចុះ ៣៩,៥៤ ​ភាគរយ​, រថយន្ត​ដឹក​អ្នកដំណើរ ២០,៧៦​ លាន​ដុល្លារ កើន​ ១៥,៧​ ភាគ​​រយ​, និង​រថយន្ត​ផ្សេងទៀត ៧,២៤​ លាន​ដុល្លារ ធ្លាក់ ២៥,៨១​ ភាគរយ​៕