​ភ្នំពេញៈ កម្ពុជា​នឹងមិន​មាន​ភាព​ចាំ​បាច់​ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​ទេ​ក្នុង​ឆ្នាំ ​២០២៣ នេះ ខណៈ​អាកាសធាតុ​អំណោយផល​បាន​ជួយ​ឱ្យ​ការផលិត​អំបិល​សម្រេចបាន​ជាង ៨ ​ម៉ឺន​តោន​។ នេះ​បើតាម​អ្នក​នៅក្នុង​វិស័យ​ផលិត​កម្ម​អំបិល​កម្ពុជា​។​

​ខេត្តកំពត និង​កែប ជាទី​តាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ​២០២៣ នេះ ​ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង​ ២ មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ​២០២២ ដែលមាន​ទំហំ ៤ ៧៤៨​ ហិកតា​។ ជាធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ទៅដល់​ពាក់​កណ្តាលខែ​ឧសភា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​បានអូសបន្លាយ​ការផលិត​រហូតដល់​ដើមខែ​កក្កដា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី ១ ​ហិកតា​គេ​អាច​ផលិត​អំបិល​បានជា​មធ្យម ២០​ តោន​ក្នុង ១​ ឆ្នាំ​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ធ្លាប់បាន​ឱ្យដឹងថា ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។ ក្រៅពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់លក់​ផងដែរ​។​

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត លោក សុខ គឹម​ជឿន បាន​ប្រាប់​ ភ្នំ​​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១ ខែសីហា​ថា ការ​ផលិត​អំបិល​នៅ​ខេត្តកំពត​បានបញ្ចប់​ជាង ១ ​ខែ​មកហើយ​។ កត្តា​អាកាស​ធាតុ​អំណោយផល​បានធ្វើឱ្យ​ទិន្នផល​អំបិល​ដែល​ប្រមូលបាន​នៅ​ខេត្តកំពត​ក្នុង​ឆ្នាំ​ ២០២៣ នេះ​មាន​ចំនួន ៧៨ ៤៨៤ ​តោន កើន​ជាង ៤០ ០០០​ តោន​ធៀប​នឹង​ឆ្នាំ ​២០២២ ដែល​ប្រមូលបាន​ក្នុង​រង្វង់ ៣០ ០០០ ​តោន​។

លោក​បន្តថា ដោយសារ​ការ​ទិន្នផល​ឆ្នាំនេះ​ច្រើន ដូច្នេះ​តម្លៃ​អំបិល​នៅលើ​ទីផ្សារ​ក្នុងស្រុក​បាន​ធា្ល​ក់​ចុះ​បន្តិចបន្តួច​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​អំបិលស​ (​អំបិល​ល្អ​) មានតម្លៃ​ជា​មធ្យម ២០ ០០០​ រៀល​ក្នុង​ ១ ​បាវ ទម្ងន់ ៥០​ គីឡូក្រាម និង​អំបិល​មិន​ស្អាត តម្លៃ ១៣ ០០០ ​រៀល​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​ផល​អំបិល​ដែល​ប្រជាកសិករ​ប្រមូលបាន​ក្នុងឆ្នាំនេះ ខ្ញុំ​គិតថា កម្ពុជា​នឹងមិន​មាន​តម្រូវការ​នាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​បន្ថែម​ទៀតឡើយ​»​។​

​កាលពី​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចូល​អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ​ជិត ២​ ម៉ឺន​តោន​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាស​ធាតុ​ធ្វើឱ្យ​ទិន្នផល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២២ ស្ថិតក្នុង​រង្វង់ ៤ ​ម៉ឺន​តោន​។​

​យោងតាម​លោក គឹម​ជឿន គិត​ត្រឹម​ថ្ងៃទី​ ១ ខែសីហា អំបិល​នៅក្នុង​ខេត្តកំពត​ចំនួន ៥១ ៧២៣ ​តោន​ត្រូវបាន​បញ្ចេញ​លក់​លើ​ទីផ្សារ និង​នៅសល់​ជាង ២៦ ០០០​ តោន​ទៀត​ក្នុង​ឃ្លាំង​ស្តុក​។ បើ​អាកាសធាតុ​អំណោយ​ផល ​(​គ្មាន​ភ្លៀង​)​រយៈពេល​ជាង ២​ ខែ​ខាងមុខ​កសិករ​នឹង​ចាប់ផ្តើម​រៀបចំ​ដី​ដើម្បី​បង្ហូរ​ទឹកសមុទ្រ​ចូលក្នុង​ស្រែ​។​

​ទាក់ទង​ការប្រកាស​របស់​អ្នកជំនាញ​អន្តរជាតិ​ដែលថា នៅក្នុង​ឆ្នាំ ​២០២៣-២០២៤ ពិភពលោក​នឹង​ខ្សត់​ភ្លៀង ហើយ​ឡើងក​ម្តៅ​ខ្ពស់ លោក គឹម​ជឿន ប្រាប់ថា ដោយសារ​ការផលិត​អំបិល​ធម្មជាតិ​តែង​ត្រូវការ​អាកាសធាតុ​រាំង​យូរ ​(​អាច​ចាប់ពី ២​ សប្តាហ៍​ឡើងទៅ​)​ ដូច្នេះ​ទោះបី​អាកាសធាតុ​ក្តៅ ប៉ុន្តែ​បើ ១០ ​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ១​ ដងនោះ​ការផលិត​អំបិល​ក៏​មិនបាន​ផល​ដែរ​។​

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កែប លោក ភោគ សុ​ខេន បាន​និយាយថា សម្រាប់​ទិន្នផល​អំបិល​ដែល​កសិករ​ក្នុង​ខេត្ត​កែប​ផលិត​បាន​ឆ្នាំ​ ២០២៣ នេះ គឺ​ប្រហែល ៣ ០០០ ​តោន​ដោយ​ធ្លាក់ចុះ​ប្រមាណ ៤០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ដែល​ផលិត​បាន​ប្រមាណ ៥ ០០០ ​តោន​។ លោក​បន្ថែមថា មូល​ហេតុដែល​ធ្វើឱ្យ​ការផលិត​អំបិល​នៅ​ខេត្ត​កែប​ធ្លាក់ចុះ គឺ​ដោយសារ​ប្រជា​កសិករ​មួយចំនួន​បាន​ងាក​ទៅ​ប្រកបមុខរបរ​ផ្សេង​វិញ ដោយ​មកដល់​ពេល​​នេះ​ក្នុង​ខេត្ត​កែប មាន​នៅសល់​ក្រុម​​ផលិត​តែ​ចំនួន ៧ ​ប៉ុណ្ណោះ​។​

​លោក​អះអាងថា​៖ «​ការបោះបង់​មុខ​របរ​របស់​កសិករ​បានធ្វើឱ្យ​ទិន្នផល​អំបិល​ដែល​ផលិត​បាន​ក្នុង​ខេត្ត​កែប​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សម្រាប់​តម្រូវការ​អំបិល​ប្រើប្រាស់​នឹង​អាច​ដឹង​បរិមាណ​ពិតប្រាកដ គឺ​គេ​ត្រូវ​រង់​ចាំមើល​រហូតដល់​រដូវ​ធ្វើ​ប្រហុក ​(​អំឡុង​ខែវិច្ឆិកា​-​ធ្នូ​) ទើប​ដឹង​ច្បាស់​»​។​

​បើតាម​លោក សុ​ខេន គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែកក្កដា អំបិល​ក្នុង​ឃ្លាំង​ខេត្ត​​កែប មាន​ចំនួន ១ ៣៦៩​ តោន​។​

​កាលពី​ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង​ ១​ ឆ្នាំៗ​បាន​ជាង ១០ ​ម៉ឺន​តោន​។ ទោះ​យ៉ាងណា​ទិន្នផល​បាន​ធ្លាក់ចុះ​ជា​បន្ត​​បន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៧ មក​៕