ភ្នំពេញៈ អ្នកជំនាញ​អន្តរជាតិ​បាន​អះអាងថា ការកើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ទំនុកចិត្ត​នៃ​រូបិយប័ណ្ណ​ក្នុងស្រុក អត្រា​សន្ទនីយ​ភាព​ខ្ពស់ ក៏ដូចជា​ការបញ្ជាក់​ពី​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​ទប់​ទល់នឹង​វិបត្តិ​ខាងក្រៅ​។​

​យោងតាម​របាយការណ៍​បាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ទុនបម្រុង​អន្តរជាតិ​សរុប​របស់​កម្ពុជា​បាន​កើន​ដល់ ​១៨,៤​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២៣ កើន ៣,២ ​ភាគរយ​ពី ១៧,៨២​ ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​ ២០២២ ទោះបី​មាន​សម្ពាធ​ដោយសារតែ​ការ​ដួលរលំ​របស់​ធនាគា​រ​អាមេរិក និង​ការខាតបង់​របស់ Credit Suisse ដែលជា​ធនាគារ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ស្វ៊ី​ស និង​ការ​​ដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារកណ្តាល​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​។​

NBC បន្តថា ទោះបី​ទទួលរង​​សម្ពាធ​ពី​ការដួលរលំ​ធនាគារ​អាមេរិក និង​ការខាតបង់​របស់​ធនា​គារ Credit Suisse ដែលជា​ធនាគារ​ធំ​មួយ​នៅ​ប្រទេស​ស្វ៊ី​ស និង​ការដំឡើង​អត្រា​ការ​ប្រាក់​គោល​នៃ​ធនាគារកណ្តាល​នៃ​ប្រទេស​អភិវឌ្ឍន៍​។

NBC បញ្ជាក់ថា​៖ «​ការ​កើន​ឡើង​ទុនបម្រុង​នេះ​ជា​លទ្ធផល​ពី​ការកើនឡើង​ចំណូល​ពី​ការ​​វិនិយោគ​ក្រៅប្រទេស ថ្លៃ​មាស និង​ប្រាក់​បញ្ញើ​របស់​រដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរ​ជាតិ​នេះ គឺ​បង្ហាញ​ពី​លទ្ធភាព​រក្សាបាន​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ទំនុកចិត្ត​លើ​រូបិយវត្ថុ​ជាតិ មូល​​ដ្ឋា​ន​សម្រាប់​ការខ្ចី​ក្រៅប្រទេស ព្រមទាំង​ផ្តល់​ការការពារ​គ្រប់​​គ្រាន់​សម្រាប់​បំពេញតម្រូវការ​សន្ទនីយ​ភាព​ទប់​ទល់នឹង​វិបត្តិ​ពី​ខាងក្រៅ​។​

​លោក ឆាយ បូរ៉ា នាយក​គ្រប់​​គ្រង​របស់​ក្រុមហ៊ុន​ប្រឹក្សា​គោល​នយោបាយ​សាធារណៈ Bower Group Asia (BGA) សង្កេត​ឃើញថា ទុនបម្រុង​អន្តរជាតិ​កម្ពុជា​បាន​កើនឡើង​ទ្វេដង​បើ​ធៀប​ទៅនឹង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ ដែល​នេះ​បង្ហាញថា​សេដ្ឋកិច្ចកម្ពុជា​សេដ្ឋកិច្ចកម្ពុជា​កំពុង​កើនឡើង ខណៈ​ប្រាក់​ចំណូល និង​ប្រាក់​សន្សំ​របស់​ប្រជាជន​ក៏​កើនឡើង​ផងដែរ​។​

​លោក​ពន្យល់ថា ការរក្សា​ទុន​បម្រុង​បរទេស​របស់​ប្រទេស​គឺ​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផែនការ​គ្រប់គ្រង​ហានិភ័យ​ចំពោះ​វិបត្តិ​ខាងក្រៅ​ណាមួយ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ប្រទេស​នេះ ដើម្បី​ដោះស្រាយ​វិបត្តិ​ទាំងនោះ​។​

​លោក​បញ្ជាក់ថា​៖ «​ទុនបម្រុង​អន្តរជាតិ​របស់​ប្រទេស​មាន​សារៈសំខាន់​ណាស់ ដោយសារតែ​វា​បញ្ជាក់ថា​យើង​ទទួលបាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ​ដែល​វា​អាចជួយ​សង្គ្រោះ​ប្រទេស​នៅពេល​មាន​វិបត្តិ​ណាមួយ​កើតឡើង​។ ការណ៍​នេះ​មានន័យថា កាលណា​មាន​វិបត្តិ​កើតឡើង យើង​អាច​ប្រើ​ប្រាក់​នេះ​ដើម្បី​នាំចូល​ទំនិញ និង​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស ដើម្បីឱ្យ​រដ្ឋាភិបាល​មាន​ពេល​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​លំបាក ឬ​វិបត្តិ​នានា​»​។​

​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd ធ្លាប់បាន​និយាយថា ប្រទេស​កម្ពុជា​បាន​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​

​លោក​បាន​ពន្យល់ថា សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាទូទៅ​កំពុង​រក្សា​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ពួកគេ​នៅក្នុង​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែលជា​ផលវិបាក​នៃ​ការកើនឡើង​តម្លៃ​ថាមពល បញ្ហា​ចង្វាក់​ផ្គត់ផ្គង់ និង​ជាការ​ប្រុងប្រយ័ត្ន និង​ការ​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​វិបត្តិ​រូបិយប័ណ្ណ​។​

NBC ពន្យល់ថា ការវិនិយោគ​ទុនបម្រុង​អន្តរជាតិ​ត្រូវបាន​អនុវត្ត​ដោយមាន​ភាពបត់បែន ហើយ​ហានិភ័យ​នៃ​ការវិនិយោគ​ត្រូវបាន​គ្រប់គ្រង និង​តាមដាន​យ៉ាង​ហ្មត់ចត់ និង​គោរព​តាម​សេចក្តីណែនាំ​ការវិនិយោគ​របស់ខ្លួន​ដើម្បី​ធានាបាន​នូវ​ការ​គ្រប់​គ្រង​ទុនបម្រុង​អន្តរជាតិ​ប្រកប​ដោយ​សុវត្ថិភាព សន្ទនីយ​ភាព និង​បាន​ចំណូល​សមស្រប​។

​នៅ​ដើមឆ្នាំ​ ២០២៣ នេះ NBC បានធ្វើ​បច្ចុប្បន្នភាព​សេច​ក្តី​ណែនាំ​ការវិនិយោគ ដោយបាន​កែសម្រួល​សមាសភាគ នៃ​ចំណែក​ទុនបម្រុង​វិនិយោគ និង​រូបិយវត្ថុ ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​តម្រូវការ​សន្ទនីយ​ភាព និង​លទ្ធភាព​ខ្ពស់​ក្នុងការ​​ចាប់យក​ឱកាស​ពី​ការប្រែប្រួល​អត្រា​ការប្រាក់​នៅលើ​ទីផ្សារ​។ ទន្ទឹមនឹងនេះ NBC ក៏បាន​បន្ត​យកចិត្តទុកដាក់​លើ​ការបង្កើន​ការវិនិយោគ​លើ​សញ្ញា​បណ្ណ​​បៃតង និង​សញ្ញា​បណ្ណ​ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន​សង្គម និង​អភិបាលកិច្ច​ដែល​បាន​បោះ​​ផ្សាយ​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ​នៅ​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​នៅ​តំបន់​អឺរ៉ុប​៕