​ភ្នំពេញៈ វិនិយោគិន​ចិន​បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជំរុញ​ក្រុម​វិនិយោគិន​របស់ខ្លួន​ឱ្យមក​សិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។​

​ព័ត៌មាន​នេះ​ត្រូវបាន​លោក Boris Xue​ប្រធានសភា​ពាណិជ្ជកម្ម​ក្រុង​ណឹ​ង​ប៉ ប្រទេស​ចិន លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា​(​គ​.​វ​.​ក​.) នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាលពី​ថ្ងៃទី​២ ខែសីហា​។​

​លោក Boris Xue​ដែល​ដឹកនាំ​គណៈប្រតិភូ​វិនិយោគ ១៥​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា និង​បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បាន​ជំរុញ និង​លើកទឹកចិត្ត​ក្រុម​វិនិយោគិន​ចិន ជាពិសេស​នៅ​ក្រុង​ណឹ​ង​ប៉​ឱ្យមក​សិក្សា​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​, កាលានុវត្តភាព និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់តែច្រើន​ចាប់ពីពេលនេះ​តទៅ​។ បន្ថែម​លើ​នេះ លោក​ក៏បាន​លើកឡើង​ពី​វិស័យ​សំខាន់ៗ​ដែល​វិនិយោគិន​ចិន​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួមចំណែក​ដុសខាត់​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន តាមរយៈ​ការវិនិយោគ​ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ឧស្សាហកម្ម​, ការផលិត​ក្រណាត់ និង​អំបោះ​, បច្ចេកវិទ្យា​,​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​។​

​លោក​បាន​អះអាងថា​៖«​នឹងមាន​ក្រុមហ៊ុន​ប្រមាណ​ជាង ៤០​ទៀត​មក​ស្វែងយល់​ពី​សក្តានុពល​វិនិយោគ​ជាក់ស្តែង​នៅ​កម្ពុជា​ក្នុង​ពាក់កណ្តាល​ខែសីហា​នេះ​ផងដែរ​»​។​

​ជាការ​ឆ្លើយតប លោក ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា​(​គ​.​វ​.​ក​.) បាន​និយាយថា នេះ​ជា​គណៈប្រតិភូ​វិនិយោគិន​ចិន​ទី​១ ដែល ក​.​អ​.​ក​. ទទួល​ជួប​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ បានបញ្ចប់​។ តាមរយៈ​ជំនួប​នេះ​លោក​សង្ឃឹមថា គណៈប្រតិភូ​ចិន​នឹង​ច្បាម​យក​កាលានុវត្តភាព​ដែល​កំពុងមាន​តាមរយៈ​ការ​មក​បណ្តាក់ទុន​ដោយផ្ទាល់ ឬ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុងស្រុក ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាត់​តែ​រឹងមាំ​បន្ថែមទៀត​។​

​លោក​លើកឡើងថា​៖«​ខ្ញុំ​មានជំនឿថា គណៈប្រតិភូ​នឹង​ច្បាម​យក​កាលានុវត្តភាព​ជា​អតិបរមា​ពី​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នានា​ដែល​កម្ពុ​ជាមាន​សក្តានុពល តាមរយៈ​រូបភាព​វិនិយោគ​ដោយផ្ទាល់ ឬ​ដោយ​ចូល​ហ៊ុន​ជាមួយ​សហគ្រាស​ក្នុងស្រុក ឬ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​ដើម្បី​ចាប់យក​ទីផ្សារ​ដែល​ពោរពេញ​ដោយ​ថាមវន្ត និង​រួមចំណែក​ដល់​ការពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ចិន ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​បាន​លើក​កម្រិត​ដល់​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​»​។​

​អនុ​ប្រជាន​សភា​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅពី​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា​-​ចិន បាន​កើន​ឡើងជា​លំដាប់ ខណៈ​ចិន គឺជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​និង​គ្រឿង​បង្គុំ​-​ផ្សំ ដ៏​សំខាន់​សម្រាប់​កម្ពុជា​យក​មក​ផលិត​-​កែច្នៃ​ជា​ផលិតផល​សម្រេច​ដើម្បី​នាំចេញ​។​ទំនាក់ទំនង​នេះ​នឹង​បន្ត​ទៅមុខ​កាន់តែ​ល្អ ខណៈ​ប្រទេស​ទាំង​២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ផងដែរ​។ លោក​បន្តថា ក្រៅពីនេះ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ផងដែរ ពិសេស​ផលិតផល​កសិកម្ម​។​

​ខណៈដែល​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​តិចជាង​ចិន នាំមក​កម្ពុជា លោក លឹម ហេង បាន​បញ្ជាក់ថា​៖«​ភាគច្រើន​នៃ​ទំនិញ​ចិន​នាំមក​កម្ពុជា គឺជា​ធាតុ​ផ្សំ ឬ​វត្ថុធាតុដើម​សម្រាប់​ផលិត ឬ​កែច្នៃ​ទៅជា​ផលិតផល​សម្រេច​ដើម្បី​នាំចេញ​។ ដូច្នេះ​វា​មិនមែនជា​រឿង​អាក្រក់​នោះទេ​»​។​

​លោក​ប្រាប់ទៀតថា ចំនួន​វិនិយោគិន​ចិន​ដែល​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​នាពេលនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​លិខិត​ថ្លែងអំណរគុណ​ផ្ញើ​ទៅកាន់​លោក ស៊ី ជីន​ភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន (CPC) កាល​ថ្ងៃទី​២៦ ខែកក្កដា បាន​លើកឡើងថា ទោះ​កម្ពុជា​ទើប​រៀបចំ​ការ​ដោះ​ឆ្នោត​ថ្នាក់ជាតិ និង​ស្ថិតនៅក្នុង​ដំណើរការ​នៃ​ការបង្កើត​រដ្ឋាភិបាល​ថ្មី ក៏​គោលនយោបាយ​របស់​កម្ពុ​ជា​ចំពោះ​ប្រទេស​ចិន​គឺ​មិន​ផ្លាស់ប្ដូរ​ឡើយ​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស​ទាំង ២ ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ និង​រួមគ្នា​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់​និង​ស្តង់ដា​ខ្ពស់ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស និង​ប្រជាជន​យើង​ទាំង ២»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ៦ ១៥៣,៣៤​លាន​ដុល្លារ កើនឡើង ២,៨​ភាគរយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ៧១៣,២៨​លាន​ដុល្លារ កើនឡើង ១៦,៦​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ៥ ៤៤០,០៧​លាន​ដុល្លារ កើន ១,២​ភាគរយ​៕