​ភ្នំពេញៈ ភ្ញៀវទេសចរ​អន្តរ​ជាតិ​ជិត ៤៤ ​ម៉ឺន​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ ក្នុង​រយៈពេល ៧ ​ខែ​ ដើមឆ្នាំ ២០២៣ ដែល​ជួយ​ឱ្យ​គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ជា​ង ២០​ លាន​ដុល្លារ កើនឡើង​ជាង ៥ ​ដង​ បើ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ​២០១៦ ដោយ​ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរ​ណ៍ និង​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំ​ណូ​ល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រា​សាទ​កោះ​កេរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ ត្រូវ​ចែកចេញជា ៣​ ប្រភេទ​ គឺ​សំបុត្រ​ចូល​ទស្សនា ១​ ថ្ងៃ មានតម្លៃ ៣៧​ ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ តម្លៃ ៦២​ ដុល្លារ និង ៧​ ថ្ងៃ មានតម្លៃ ៧២​ ដុល្លារ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃទី​ ២ ខែសីហា គឺ​ពី​ខែមករា​-​ខែកក្កដា ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស ៤៣៩ ៣៦៥​ នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ប្រា​ក់បាន​ពី​ការលក់​សំបុត្រ​ចំនួន ២០ ៣១៧ ៣៤៥​ ដុល្លារ កើនឡើង ៤២៣,៩៦ ​ភាគរយ និង ៥០២,៧៩ ​ភាគរយ​ ព្រម​គ្នា​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។​

​ក្រៅពី​ចំណូល​ខាងលើ គ្រឹះស្ថាន​អង្គរ ក៏​រកចំណូលបាន ៤៣៤ ៧៩៣ ​ដុល្លារ​ផងដែរ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រាសាទ​កោះកែរ ដែលមាន​ទឹកប្រាក់ ១០៦ ១២៥​ ដុល្លារ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ៣២៨ ៦៦៨​ ដុល្លារ​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា លោក ធៀ​ម ធឿ​ង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ សីហា​ថា តាំងពី​ដើមឆ្នាំ ​២០២៣ មក​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ជើងហោះហើរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ភ្ញៀវ​ជន​ជាតិ​ថៃ វៀតណាម និង​ចិន មាន​ច្រើនជាងគេ​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​អាច​នឹង​កើនឡើង​ច្រើន​នៅពេល​ព្រលានយន្តហោះ​សៀមរាប​ថ្មី​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​ ៤ ខាងមុខ​។​

​លោក​ថ្លែងថា​៖ «​យើង​រំពឹងថា អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​សៀមរាប ដែល​គ្រោង​បើក​ដំណើរការ​នៅ​ខែតុលា​ខាងមុខ នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស ពិសេស​ជនជាតិ​ចិន ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​លោក​ប្រាប់ទៀតថា បើ​ទោះ​ក្នុង​រយៈ​ពេល​ជាង ៣​ ឆ្នាំ​មកនេះ​វិស័យ​ទេសចរ​ណ៍​នៅ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​សមាជិកសមាគម​របស់​លោក​តែងតែ​ទាក់ទង​គ្នា និង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ក្នុង​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀម​ទទួល​បម្រើសេវា​ដល់​ភ្ញៀវ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​​អង្គរ លោក ខៀវ ធី និយាយថា ទោះបី​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ ​១៩ បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ក៏ដោយ ក៏​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​តំបន់​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​មិនបាន​កើនឡើង​ច្រើន​នោះទេ​។ ភាគច្រើន​នៃ​ភ្ញៀវ​ទាំងនោះ គឺ​មកពី​ប្រទេសជិតខាង និង​ក្នុង​ទ្វីបអាស៊ី​។

លោក​បន្តថា ដោយ​សារ​ពេលនេះ​ជា​រដូវ​កាល​មិនសូវមាន​ភ្ញៀវ ដូច្នេះ​គេ​មិនទាន់​អាច​វាយតម្លៃថា កំណើន​ភ្ញៀវទេសចរ​បរទេស​នឹង​កើន​ឡើង​កម្រិតណា​នោះទេ​នៅ​ចុងឆ្នាំ​ដែលជា​រដូវ​កាល​មាន​ភ្ញៀវទេសចរ​ច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ យើង​ពិតជា​ចង់ឃើញ​មាន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​ច្រើន ព្រោះ​ក្រៅពី​បង្កើត​ការងារ វា​ក៏បានផ្តល់​ចំណូល​ដល់​អ្នកពាក់ព័ន្ធ​ផងដែរ​។ ខ្ញុំ​រំពឹងថា នៅ High Season (​រដូវ​ភ្ញៀវ​ចេញ​ដើរ​ច្រើន​)​ ខាងមុខ នឹងមាន​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​នាំគ្នា​មក​កម្សាន្ត​នៅ​តំបន់​ប្រាសាទអង្គរវត្ត​»​។​

​នៅក្នុង​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ចំនួន ១១ ៧៨៣ ៩១៦​ លាន​ដុល្លារ ដោយ​ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ចំនួន ១១ ៥២៨ ១៥៨​ ដុល្លារ​, ប្រាសាទ​កោះកែរ ៩០ ៤៥០​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨​ ដុល្លារ​៕