​ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធ​​ដារ​ (GDT)​ ជំរុញ និង​លើក​ទឹក​​ចិត្ត​អ្នក​ជាប់ពន្ធ​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកាស​ពន្ធ​ទាន់ពេលវេលា ដើម្បី​ចៀសវាង​ភាពរអាក់រអួល​នៅ​ថ្ងៃ​ប្រកាស​ពន្ធ​ចុងក្រោយ ខណៈដែល​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បា​ន​ធ្វើការ​កែសម្រួល និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ជា​បន្តបន្ទាប់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកជា​ប់​កាតព្វកិច្ច​បង់ពន្ធ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីអំពី​សិក្ខាសាលា​ផ្សព្វផ្សាយ​ «​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ និង​ប្រព័ន្ធគ្រប់គ្រង​ការ​​ប្រកាស​ពន្ធ​អាជីវកម្ម​តាម​អន​ឡាញ ​(e-Filing)» ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី ​៣ ខែសីហា លោក ហេង សុខ​ណា​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា សិក្ខាសាលា​ខាងលើនេះ មាន​គោលបំណង​បញ្ជ្រាប​ការយល់ដឹង​ពី​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់​ព័ន្ធ​នឹង​ពន្ធដារ​សំដៅ​ពង្រឹង​អនុ​លោម​ភាព​សារពើពន្ធ និង​លើក​កម្ពស់​វប្បធម៌​បង់ពន្ធ​នៅ​កម្ពុជា​។

លោក​បន្ថែមថា ការបង់ពន្ធ​គឺជា​កាតព្វកិច្ច ហើយ​ការដាក់​លិខិត​ប្រកាស​ពន្ធ គឺជា​រឿង​សំខាន់​មួយ​របស់​សហគ្រាស​ដែល​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ដោយ​គោរព​តាមច្បាប់ និង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​ស្តីពី​ពន្ធដារ​ដែល​បានកំណត់​។ ជាមួយគ្នានេះ​ក៏​សូម​ស្នើ​ដល់​អ្នក​ជាប់ពន្ធ​ត្រូវធ្វើ​ការប្រកាស​ពន្ធ​ឱ្យទាន់ពេល និង​ចៀសវាង​ប្រកាស​ពន្ធ​នៅ​ថ្ងៃ​ចុងក្រោយ ដែល​អាចធ្វើឱ្យ​ប្រព័ន្ធ​មាន​ភាពរអាក់រអួល​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​សូម​ស្នើ​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់​ចូលរួម​បង់ពន្ធ​ទាំងអស់គ្នា​ដើម្បី​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។ ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​មិនអាច​គេចវេះ​ពី​ការបង់ពន្ធ​បានទេ រួមទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ត្រូវ​ចូលរួមចំណែក​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​»​។​

​បន្ថែម​ពីលើ​នេះ​ទៀត លោក សុខ​ណា​ង ក៏បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទាំង​អស់​គួរតែ​មក​ចុះឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ពន្ធដារ​នៅ​សា​លា​ជាតិ​ពន្ធដា​ដើម្បី​ទទួលបាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ ពិសេស​ចូលរួម​អនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ពន្ធដារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី ​៦ ខែសីហាថា ការធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ​ច្បាប់​ពន្ធដារ ការដាក់ បញ្ចូល​ប្រព័ន្ធ​បច្ចេកវិទ្យា​បង់ពន្ធ​តាម​អន​ឡាញ និង​ការលើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ពិសេស​ក្នុង​រយៈពេល​ប្រហែល ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ លោក​បន្តថា ចំណូល​ពន្ធ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ប្រ​ទេស​នីមួយៗ​យកទៅ​អភិវឌ្ឍ​ប្រទេស​ខ្លួន​តាមរយៈ​ការកសាង​ច្បាប់ ធនធានមនុស្ស ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រាក់​បៀវត្សរ៍​មន្ត្រីរាជការ ជាដើម​។​

​លោក​បញ្ជាក់ថា​៖ «​ការចូល​​រួម​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​ប្រជាពលរដ្ឋ គឺជា​ការចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីក​ចម្រើន និង​សម្បូរ​សប្បាយ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា នីតិវិធី និង​ចំនួន​ប្រាក់​ដែល​បានមកពី​ចំណូល​ពន្ធ​នៅ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ ខណៈ​ពន្ធ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ ដោយសារ​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រការ​ទៅមុខ​កាន់តែ​ល្អ ដូច្នេះ​ចំណូល​ពន្ធ​ក្នុងស្រុក ​(​ពន្ធដារ​)​ នឹងមាន​ចំនួន​កាន់​តែ​ច្រើន​។​

​លោក​ប្រាប់ថា​៖ «​ការចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​នៅ​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ល្អ​មួយ ខណៈ​ចំណូល​ពន្ធ​ដែល​រដ្ឋ​រកបាន​ក៏​កើនឡើង​ដែរ​»​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​របានឱ្យដឹងថា ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ ការប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ សម្រេចបាន ២ ០៧២,៣៩​ លាន​ដុល្លារ ស្មើ ៥៨,០២​ ភាគរយ​នៃ​ផែន​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​

​អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ លោក គង់ វិបុល បាន​និយាយថា កំណែទម្រង់ និង​ទំនើបកម្ម​ពន្ធដារ​ចាប់តាំងពី​ឆ្នាំ​ ២០១២ រហូតមក​បានធ្វើឱ្យ​ប្រព័ន្ធ​ពន្ធដារ​នៅ​កម្ពុជា​កាន់​តែមាន​ភាពរឹងមាំ ហើយ​ថ្នាក់​ដឹក​​នាំ និង​មន្ត្រី​ពន្ធដារ​ក៏បាន​ខិតខំ​ស្រុះដៃ​គ្នា​ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​បន្ត​ធានាបាន​និរន្តរភាព​ចំណូល​ពន្ធ និង​បន្ត​ចូលរួម​អនុវត្ត​ការ​​ងារ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​៕