ភ្នំពេញៈ កម្ពុជា​រកប្រាក់​បានជា​ង ​៤១៥ ​លាន​ដុល្លារ​ពី​ការនាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ កើនឡើង​ជាង ៥ ​ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ស្របពេល​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ សម្រេចបាន​ជិត ៧៨៧ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ប្រចាំឆមាស​ទី១ ឆ្នាំ​ ២០២៣ ឱ្យដឹងថា ចាប់ពី​ខែមករា​ខែមិថុនា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​សិង្ហ​បុរី ក្នុង​ទឹកប្រាក់​សរុប​ ៤១៥,០១​ លាន​ដុល្លារ​កើនឡើង ​៥៦៥,២​ ភាគរយ​ពី​ចំនួន​ ៦២,៣៩​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ជាមួយគ្នានេះ​សិង្ហ​បុរី​ក៏​នាំចូល​ទំនិញ​មក​កម្ពុជា​ក្នុង​ទឹកប្រាក់ ៣៧១,៧៦ ​លាន​ដុល្លារ​ផងដែរ ដោយ​ធ្លាក់ចុះ​ ៨១,៦ ​ភាគរយ​ពី ២ ០១៦,៧ ​លាន​ដុល្លារ​។​

​ផ្អែក​តាម​តួលេខ​ខាងលើ​ គឺ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ សម្រេចបាន​ចំនួន ៧៨៦,៧៧​ លាន​ដុល្លារ ធ្លាក់ចុះ​ ៦២,២​ ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី ​១ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ ២ ០៧៩,០៨​ លាន​ដុល្លារ​។ សិង្ហ​បុរី គឺជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​ធំជាងគេ​ទី​ ៦ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ប្រទេស​ជប៉ុន​។​

​សម្រាប់​តុល្យភាព​ជញ្ជីង​ពាណិជ្ជ​កម្ម​ទ្វេភាគី​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ គឺ​កម្ពុ​ជាមាន​ឧត្តមភាព​ ៤៣,២៥​ លាន​ដុល្លារ ខុសគ្នា​ច្រើន​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន​ដែល​កម្ពុជា មាន​ឱនភាព​រហូតដល់ ​១ ៩៥៤,៣១​ លាន​ដុល្លារ​។​GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែមិថុនា ឆ្នាំ ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២​ មាន​ទឹកប្រាក់​សរុប​ ១២៧,៧៩​ លាន​ដុល្លារ ធ្លាក់ចុះ ៦៤,១​ ភាគរយ​ធៀប​ទៅ​ខែមិថុនា ឆ្នាំ ​២០២២ ដោយ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ៧១,៦ ​លាន​ដុល្លារ កើន​ ១ ១០៦,២ ​ភាគរយ និង​ទំនិញ​នាំចូល​មកពី​សិង្ហ​បុរី​ ៥៦,១៩​ លាន​ដុល្លារ​បាន​ធ្លាក់ចុះ ២ ០១៦,៧​ ភាគរយ​។​

​អនុ​ប្រធានសភា​កម្ពុជា លោក លឹម​ ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៦ ខែសីហា​ថា ក្នុងនាម​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍​ជា​​មួយ​គ្នា និង​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP) ​ស្រប​ពេលដែល​ប្រទេស​ទាំង ២ មាន​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា ​(DTA)​ ទៀត​នោះ វា​បាន​ជួយ​ឱ្យ​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២ មាន​ភាព​មមាញឹក​កាន់តែខ្លាំង ពិសេស​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី​។ លោក​បន្តថា បច្ចុប្បន្ន​ក្រៅពី​ទទួល​បាន​ការបញ្ជាទិញ​កាន់តែច្រើន​ពី​ប្រទេស​សិង្ហ​បុរី កម្ពុជា​ក៏​ទាក់ទាញ​អ្នក​​វិនិយោគ​សិង្ហ​បុរី​ជាច្រើន​ឱ្យមក​វិនិយោគ​ដោយផ្ទាល់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា​ ការនាំចេញ​របស់​កម្ពុជា​ទៅ​សិង្ហ​បុរី នឹង​បន្ត​កើនឡើង​បន្ថែមទៀត​។ ចំពោះ​ការនាំ​ចូល​ទំនិញ​ពី​ប្រទេស​សិង្ហ​បុរី​ធ្លាក់​​ចុះ ក៏​ដោយសារតែ​សមត្ថភាព​ផលិត​កម្ម​នៅ​កម្ពុជា​កើនឡើង​ផងដែរ​»​។​

​បើតាម​លោក លឹម ហេង ​ទំនិញដែល​កម្ពុជា​នាំទៅ​សិង្ហ​បុរី គឺ​មួយចំនួន​ជា​ទំ​​និ​ញ​បំពេញតម្រូវការ​ក្នុងប្រទេស​សិង្ហ​បុរី និង​មួយចំនួន​ជា​ទំនិញ​ឆ្លងកាត់​តាម​កប៉ាល់​ធំៗ​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​សិង្ហ​បុរី គឺ​ផលិតផល​សម្លៀកបំពាក់ កាបូប និង​ស្បែកជើង​គ្រឿង​ផ្គុំ​អគ្គិសនី និង​ផលិត​កសិកម្ម និង​ក​សិ​ឧស្សាហ​​កម្ម ចំណែក​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា គឺ​សម្ភារ​អេឡិចត្រូនិក​អគ្គិសនី សម្ភារ​សំណង់ និង​ឱសថ មួយចំនួន​។ នេះ​បើតាម​លោក លឹម ហេង​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហ​​កម្ម​សិង្ហ​បុរី លោក Gan Kim Yong ក្នុងពេល​ជួបពិភាក្សា​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ឆ្នាំ ២០២២ ធ្លាប់​លើកឡើងថា សិង្ហ​បុរី​ប្តេជ្ញាចិត្ត​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​។ លោក​ថ្លែងថា​៖ «​សិង្ហ​បុរី​ប្តេជ្ញា​ចិត្ត​បន្ត​សហប្រតិបត្តិ​ការពា​ណិ​ជ្ជ​កម្ម​ជាមួយ​កម្ពុជា​បន្ថែមទៀត​»​។​

​ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប​ចំនួន ៣៩​ ពាន់​លាន​ដុល្លារ ដោយមាន​អត្រាកំណើន​មធ្យម​ប្រចាំឆ្នាំ​ ៩,៦ ​ភាគរយ​។ ក្នុងចំណោម​ប្រទេស​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ គឺ​សិង្ហ​បុរី​ស្ថិតនៅ​លេខ​ ៤ ដោយមាន​ប្រាក់ ២,៤ ​ពាន់​លាន​ដុល្លារ​ដែល​ស្មើនឹង ​៦,៤​ ភាគរយ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​។​ក្នុង​ឆ្នាំ​ ២០២២ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សិង្ហ​បុរី មានទឹក​ប្រាក់​សរុប​ ៣ ៣២២,៩៤​ លាន​ដុល្លារ ធ្លាក់ចុះ​ ៣៦,៣​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំទៅ​សិង្ហ​បុរី ៩២,៥៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៨ ​ភាគរយ និង​សិង្ហ​បុរី​នាំមក​វិញ ៣ ២៣០,៣៧​ លាន​ដុល្លារ ធ្លាក់ចុះ ៣៦,៦​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕