ភ្នំពេញៈ ឧស្សាហកម្ម​ធនាគារ​ក​ម្ពុ​ជា​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ហានិភ័យ​ជា​ប្រព័ន្ធ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​នៅពេល​ខាងមុខ និង​ការកើនឡើង​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ ​(NPLs) ខណៈ​សូ​ច​នាករ​សំខាន់ៗ​ដូចជា ឥណទាន​សរុប ​(​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ​.​ស​.​ស​) ឥណទាន​មិនមែន​ហិរញ្ញវត្ថុ​ (​ភាគរយ​នៃ​ផ​.​ស​.​ស​) និង​ឥណទាន​ក្នុងស្រុក​ដល់​វិស័យ​ឯកជន ​(​ភាគរយ​នៃ​ផ​.​ស​.​ស​) ត្រូវបាន​កត់ត្រា​មាន​ចំនួន ១៩៥​ ភាគរយ ១៨៨ ​ភាគរយ និង ១៧៧​ ភាគរយ​រៀង​គ្នា គិត​ត្រឹម​ចុងឆ្នាំ ២០២២​។

តួលេខ​ទាំងនេះ​ត្រូវ​បង្ហាញថា វិស័យ​ឯកជន​របស់​កម្ពុជា​ជំពាក់​បំណុល​លើស​កម្រិត ដែលនាំឱ្យ​មានការ​បារ​ម្ភ​អំពី​ឧស្សាហកម្ម​ធនាគារ និង​ទាមទារ​ឱ្យមាន​ការកែតម្រូវ​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​បាន​ពី​ក្រុមហ៊ុន​មូល​ប​ត្រ Yuanta Securities​។​

​របាយការណ៍​ដែលមាន​ឈ្មោះថា​ «​បច្ចុប្បន្នភាព​ឧស្សាហកម្ម​ធនាគារ​កម្ពុ​ជា​» ខែសីហា ឆ្នាំ​ ២០២៣ ដែល​ចងក្រង​ដោយ​នាយក​ក្រុមហ៊ុន Yuanta Securities លោក ស៊ីម តារា ហើយ​ដែល​ភ្នំពេញ​​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៦ ខែសីហា ឱ្យដឹងថា ដោយ​ប្រើប្រាស់​សមាមាត្រ​ទាំងនេះ​ដើម្បី​វាយតម្លៃ​បំណុល​សរុប​របស់​វិស័យ​ឯកជន​នៅក្នុង​សេដ្ឋកិច្ច​ហើយ​ការ​ធ្វើការ​ប្រៀបធៀប​ដោយផ្ទាល់​ជាមួយ​ប្រទេស​ផ្សេងទៀត​តម្រូវឱ្យមាន​ការកែ​​តម្រូវ​សំខាន់ៗ​មួយចំនួន ដូចជា ចំនួន​ឥណទាន​សម្រាប់​វិស័យ​ឯកជន និង​តួលេខ ផ​.​ស​.​ស​។​

​លោក​ពន្យល់ថា អនុ​បាត​ដែល​បាន​រៀបរាប់​ខាងលើ​គឺ​មិនមាន​ប្រសិទ្ធភាព​ក្នុង​គោលបំណង​វាយតម្លៃ​កម្រិត​បំណុល​របស់​វិស័យ​ឯកជន​នោះទេ​។ ឧ​ទា​ហរ​ណ៍​ «​ឥណទាន​សរុប ​(​ភាគរយ​នៃ ផ​.​ស​.​ស​)» ​រួមមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​(​ធនា​គារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​) ជា​អ្នក​ខ្ចី ខណៈដែល​ទាំង ​«​ឥណទាន​ធៀប​នឹង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​(​ភាគរយ​នៃ​ផ​.​ស​.​ស​)» និង ​«​ឥណទាន​ក្នុងស្រុក​ចំពោះ​វិស័យ​ឯកជន ​(​ភាគរយ​នៃ ផ​.​ស​.​ស​)» មិន​រាប់បញ្ចូល​ការខ្ចីប្រាក់​ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ក្រៅប្រទេស គ្រឹះស្ថាន​មិនមែន​ហិរញ្ញវត្ថុ រដ្ឋាភិបាល​ទូទៅ គ្រួសារ និង​អ្នក​ផ្សេងទៀត​។ ទោះបីជា​កត្តា​ទាំងនេះ​ប្រហែលជា​មិន​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ប៉ុន្តែ​វា​អាចមាន​ផល​ប៉ះ​ពាល់​ខ្លាំង​នៅ​ប្រទេស​ផ្សេងទៀត​ដែល​កម្ពុជា​ត្រូវបាន​ប្រៀបធៀប​ជាធម្មតា​។​

​លោក ដា​រ៉ា បានបញ្ជាក់​ក្នុង​របាយ​ការណ៍​នេះ​ថា​៖ «​យើង​ជឿជាក់ថា​កម្រិត​បំណុល​របស់​វិស័យ​ឯកជន​ទាក់ទង​ទៅនឹង ផ​.​ស​.​ស ជាពិសេស​សម្រាប់​បណ្ដា​ប្រទេស​នានា ដូចជា​កម្ពុជា ទំនងជា​ត្រូវបាន​ប៉ាន់ប្រមាណ​លើស​កម្រិត​ដោយ​​សារ​តែ​សេដ្ឋកិច្ច​ក្រៅផ្លូវការ​កាន់តែ​ធំ​របស់​ប្រទេស​នេះ និង​ការចំណាយ​លើ​ទំនិញប្រើប្រាស់​ចុងក្រោយ​របស់​រដ្ឋា​ភិ​បាល កាន់តែ​តិច​បំផុត​។ ទាំងនេះ​អាចធ្វើឱ្យ ផ​.​ស​.​ស របស់​កម្ពុជា​មើលទៅ​តូច​ជាង​បណ្ដា​ប្រទេស​ដទៃទៀត ហេតុ​ដូច្នេះហើយ ទើប​ធ្វើឱ្យ​អនុ​បាត​របស់​ប្រទេស​កម្ពុជា មើលទៅ​កាន់តែ​ធំ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃទៀត​»​។​

​លោក តូច ចៅ​ចេក នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CPBank) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៧ ខែសីហា​នេះ​ថា របាយការណ៍​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​នៃ​ឧស្សាហ​កម្មនេះ ទោះបីយ៉ាងណា លោក​អះអាងថា អនុ​បាត​ប្រាក់កម្ចី​បច្ចុប្បន្ន​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប មិនបាន​ផ្តល់នូវ​សញ្ញា​អាក្រក់​ណាមួយ​ដែល​នាំ​ដល់​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នោះ​នៅឡើយ​ទេ​។​

​លោក​ថ្លែងថា​៖ «​ពេលនេះ​យើង​មិនឃើញ​សញ្ញា​អវិជ្ជមាន​ណាមួយ​ជះ​ឥទ្ធិ​ពល​ទៅរក​ឧស្សាហកម្ម​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ ខ្ញុំ​មិន​បដិសេធថា យើង​នឹងមិន​ប្រឈម​បញ្ហា​អាក្រក់​ណាមួយ​បើសិន​យើង​គ្រប់គ្រង​មិនបាន​ល្អ​លើ​អត្រាកំណើន​ប្រាក់កម្ចី​ធៀប​នឹង​ផ​.​ស​.​ស​»​។​

​លោក​លើក​ជា​ឧទាហរណ៍​ថា បើសិនជា​កំណើន​ការផ្តល់​ប្រាក់កម្ចី​បច្ចុប្បន្ន​នៅក្នុង​ឧស្សាហកម្ម​ធនាគារ​កើន​ជាង ១០ ​ភាគរយ ខណៈពេលដែល​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​គឺ​ប្រហែល ៦​ភាគរយ ហើយ​អត្រាកំណើន​ដែល​ត្រូវ​បន្ត​កើន​នោះ វា​នឹង​ធ្លាក់ចូល​ទៅក្នុង​បំណុល​វ័ណ្ឌក​នាពេលខាងមុខ​។​

​លោក​លើកឡើងថា​៖ «​ខ្ញុំ​គិតថា​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដូចជា​យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ប្រជាជន និង​អា​​ជីវ​កម្ម​កំពុង​ត្រូវការ​មូលនិធិ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម និង​បើក​ដំណើរការ​អាជីវកម្ម​ថ្មី​។ ប៉ុន្តែ​តាម​អ្វីដែល​ខ្ញុំ​មើលឃើញ​នៅពេលនេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​កំពុង​គ្រប់គ្រង​អត្រាកំណើន​នៃ​កម្រិត​ប្រាក់កម្ចី​មិនឱ្យ​កើន​ខ្លាំង​នោះទេ​»​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ខែមិថុនា​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​រួចហើយ​នូវ​ការដំឡើង​អត្រា​ការ​ប្រាក់​លើ​ទ្រនាប់​ដើមទុន​បន្ថែម ១,២៥ ​ភាគរយ​ទៀត​ដល់​អត្រា​បច្ចុប្បន្ន​ចំនួន ១៥ ​ភាគរយ ខណៈពេលដែល​វា​នឹង​បន្ថែម ១,២៥ ​ភាគរយ​ទៀត​នៅ​ចុង​ឆ្នាំនេះ​ដើម្បី​ចៀសវាង​វិបត្តិ​ណាមួយ​នៅក្នុង​ឧស្សាហ​កម្មនេះ​។​

​លោក​បន្តថា​៖ «​ជាការ​ពិតណាស់ បើទោះបី​អត្រា​ទ្រនាប់​ដើមទុន​មាន​កម្រិត​ខ្ពស់​ក៏ដោយ ប៉ុន្តែ​វា​បញ្ជាក់ថា វិស័យ​ធនាគារ​របស់​យើង​នៅតែ​រឹងមាំ និង​មាន​សុវត្ថិភាព​»​។​

​បើតាម​លោក ដា​រ៉ា បាន​ពន្យល់​ក្នុង​របាយការណ៍​នោះ​ថា បន្ទាប់ពី​ការកែ​​តម្រូវការ​ចំណាយ​លើ​ទំនិញប្រើប្រាស់​ចុងក្រោយ​របស់​រដ្ឋាភិបាល និង​សេដ្ឋ​កិច្ច​ក្រៅផ្លូវការ កម្រិត​បំណុល​វិស័យ​ឯកជន​របស់​កម្ពុជា​នៅមានកម្រិត​ទាប​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​នៅ​អាស៊ី​ដូចជា​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​កូរ៉េខាងត្បូង​។​

​លោក​បាន​បន្តថា​៖ «​ទោះបី​អនុ​បាត​ដែល​បានកែតម្រូវ​ដោយ​ខ្លួនឯង បង្ហាញថា​កម្ពុជា​នៅតែមាន​កម្រិត​ទាប​លើ​បំណុល​វិស័យ​ឯកជន​ទាំងមូល អត្រា​កំ​​ណើ​ន​យ៉ាង​ឆាប់រហ័ស​នៃ​បំណុល​របស់​វិស័យ​ឯកជន បង្កើន​ការបារម្ភ​ពី​បំណុល​លើស​កម្រិត​ដែល​អាច​កើតមាន ដែល​បញ្ជាក់​ពី​ភាព​ងាយ​រងគ្រោះ​របស់​វិស័យ​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​ខាងក្រៅ​។​

​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​វា​កាន់​តែមាន​សារៈសំខាន់​សម្រាប់​វិស័យ​ធនាគារ​របស់​កម្ពុជា ដែលជា​អ្នកផ្តល់​ប្រាក់កម្ចី​ក្នុងស្រុក ត្រូវ​យកចិត្តទុកដាក់​លើ​អត្រាកំណើន និង​រក្សា​អនុ​បាត​ប្រកបដោយ​និរន្តរភាព​ឆ្ពោះទៅមុខ​»៕​