ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា នៅក្នុង​រយៈពេល​ ៧ ​ខែ​ពោល គឺ​ចាប់ពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ក្នុង​បរិមាណ​ ៣៦២-៧៩៨ តោន ទៅកាន់​ប្រទេស​គោល​ដៅ​ចំនួន​ ៥២ នៅលើ​ពិភពលោក​ដោយ​បរិមាណ​នេះ​ស្មើនឹង​ ៥២​ ភាគរយ​នៃ​ផែនការ​ ៧០ ​ម៉ឺន​តោន​។​

​របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានបញ្ជាក់​ទៀតថា ក្នុង​បរិមាណ​អង្ករ​ចំនួន​ ៣៦២ ៧៩៨ ​តោន​នេះ គិត​ជាត​ម្លៃ​ទឹកប្រាក់​សរុប ​២៥៣,៨៦ ​លាន​ដុល្លារ​។ នៅក្នុង​នោះ​ការនាំ​ចេញទៅ​ប្រទេស​ចិន​និង​តំបន់​រដ្ឋបាល​ស្វយ័ត មាន​បរិមាណ​ ១៤១ ៩៥០​ តោន​គិត​ជា​ទឹកប្រាក់ ​៩០,២៧​ លាន​ដុល្លារ​។ ២៥ ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប មាន​ចំនួន​ ១៤១ ៣៩៤​ តោន គិត​ជា​ទឹកប្រាក់​ ១០០,៣១​ លាន​ដុល្លារ​។ ៤​ ប្រទេស​ក្នុង​តំបន់​អាស៊ាន ​៣០ ១៧១​ តោន​ គិត​ជា​ទឹកប្រាក់​ ២០,៥៤​ លាន​ដុល្លារ និង​នាំ​ចេញទៅ​ ២២ ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អ្រា​ហ្វិ​ក​មជ្ឈិមបូព៌ា​ចំនួន ​៤៩ ១៩៣​ តោន​គិត​ជា​ទឹកប្រាក់ ៤២,៧៤​ លាន​ដុល្លារ​។​

​ដោយឡែក​ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​វិញ​សម្រេចបាន ២ ៤៩៨ ៥៨៦ ​តោន ស្មើនឹង​ទឹកប្រាក់​ ៦៦៣,៥១ ​លាន​ដុល្លារ​ ដោយ​ក្នុងនោះ​ការនាំចេញ​ប្រមាណ​ ៦០​ ភាគរយ ​បាន​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ចំពោះ​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ ៧ ​ខែ​នេះដែរ លោក​យ៉ង​​សាំង​កុមារ​រដ្ឋលេខាធិការ​ក្រសួង​ក​សិ​​កម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៦ ខែសីហា​ថា កម្ពុជា​ជា​ប្រទេស​មាន​អំណោយផល​ល្អ ដល់​សន្តិសុខ​ស្បៀង ទោះបីជា​ប្រទេសមួយ​​ចំនួន​មាន​បញ្ហា​សន្តិសុខ​ស្បៀង​ក្រោយពី​ឥណ្ឌា​ផ្អាក​ការនាំ​អង្ក​រស​ចេញ​ក៏​ដោយ​។

លោក​បាន​បន្ថែមថា ក្រសួងកសិកម្ម​និង​សហព័ន្ធ​ស្រូវ​អង្ករ បាននិងកំពុង​ខិតខំ​សហការគ្នា​ក្នុងការ​ធ្វើការ​​ងារ​ច្រើន ជាមួយ​កសិករ​និង​រោង​ម៉ា​​ស៊ីន​កិនស្រូវ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភព​លោក​តាម​ផែនការ​កំណត់ ដែល​នឹង​អនុញ្ញាតឱ្យ​អង្ករ​កម្ពុជា​រួមចំណែក​បាន​កាន់តែច្រើន​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ពិភពលោក​។​

​លោក​យ៉ង សាំង​កុមារ​បាន​បញ្ជាក់ថា​៖ «​កត្តា​សំខាន់ៗ​ដែល​អំណោយ​​ផល​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​មានដូចជា​ទី​១ ​កម្ពុជា ជា​ប្រទេស​ផលិត​ស្រូវ​ដែលមាន​ស្រូវ​លើស​ ៦ ​លាន​តោន ក្នុង​ ១​ ឆ្នាំ​ដែល​ចូលរួមចំណែក​ដល់​សន្តិសុខ​ស្បៀង​ពិភពលោក​ថែមទៀត​។ ទី​២​ ការប្រមូល​ផល​ស្រូវ​នៅ​កម្ពុ​ជាមាន​ ៣ ​រដូវ​ក្នុង​ ១ ​ឆ្នាំ​និង​ទី​ ៣ ប្រជាជន​ភាគ​​ច្រើន​ជា​កសិករ​ផលិត​ស្រូវ ហើយ​អ្នក​ផលិត​ស្រូវ​ភាគច្រើន​មាន​ស្តុក​ស្រូវ​សម្រាប់​បរិភោគ​»​។​

​លោក​បាន​បន្ថែមថា តាម​ការសិក្សា​មួយ​នៅ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​មាន​កសិក​រ ​៦៥ ​ភាគរយ​ មាន​ស្តុក​ស្រូវ​សម្រាប់​បរិភោគ​ពេញ​ ១ ​ឆ្នាំ​, ២០ ​ភាគរយ​ស្តុក​ទុក​ខ្លះ និង​ ១៥​ ភាគរយ ទិញ​អង្ករ​បរិភោគ​។ តែ​ស្ថានភាព​នេះ​អាច​ប្រែប្រួល​តាម​ស្រុក​និង​ខេត្ត​។​

​លោក​បញ្ជាក់ថា​៖ «​យើង​កំពុងធ្វើការ​សិក្សា​បន្ថែម​ឱ្យបាន​ច្រើន​ស្រុក​និង​ខេត្ត​ទៀត ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​សន្តិសុខ​ស្បៀង​តាម​សហគមន៍ ដែលជា​ចំណែក​មួយ​នៃ​ការធានា​សន្តិសុខ​ស្បៀង​ជូន​សង្គមជាតិ​ទាំងមូល​»​។

​ចំណែក​លោក​ចាន់ សុ​ឃាំង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា កិច្ចសម្របសម្រួល​យ៉ាង​សស្រោក​សស្រាំ​របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម​និង​ក្រសួង​ពា​ណិ​ជ្ជ​កម្ម​បានផ្តល់​កម្លាំងចិត្ត​និង​ការ​​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដល់​សហព័ន្ធ ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​នានា​ជំរុញ​ការនាំចេញ​អង្ករ​ឱ្យសម្រេចបាន​តាម​ផែនការ​កំណត់ ជាពិសេស​សម្រេច​ការនាំ​ចេញ​អង្ករ​ឱ្យបាន​ ១ ​លាន​តោន​នា​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​លោក​ ចាន់ សុ​ឃាំង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ឃើញថា​ ជា​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​ដែរ ដែល​លោក​បាន​ផ្សព្វផ្សាយ​អង្ករ​របស់​កម្ពុជា​យើង ទៅកាន់​បណ្តា​ប្រទេស​ជុំវិញ​ពិភព​លោក​ទាំងអស់​នៅពេល​ដែលមាន​អង្គប្រជុំ​ធំៗ ព្រឹត្តិការណ៍​ធំៗ គឺ​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​លើក​បញ្ហា​ស្រូវ និង​អង្ករ​នេះ ឱ្យដៃ​គូសន្ទនា​ដៃគូ​ចរចាបានដឹងអំពី​សក្តានុពល​ស្រូវ អង្ករ​កម្ពុជា​ហើយ​ពិចារណា​រកមើល​ចំណុច​ដែល​អាចជួយ​គ្នា​បាន​។ ការណ៍​នេះ​ធ្វើឱ្យ​តម្រូវការ​ស្រូវ​ក៏ដូចជា​តម្រូវការ​អង្ករ​នេះ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​»​។​

​លោក​បាន​បន្ថែមថា តាមរយៈ​ការជួយ​សម្របសម្រួលរ​បស់​រាជរដ្ឋាភិបាល ​និង​ភាព​រីកចម្រើន​នៃ​វិស័យ​ឯកជន​ក្នុងការ​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ស​ម្ងួ​តរបស់​ក្រុមហ៊ុន​ក្នុងស្រុក​បានធ្វើឱ្យ​តម្លៃ​ស្រូវ​មួយចំនួន​ដូចជា IR និង​ OM នា​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ មានតម្លៃ​ល្អ​នៅ​គ្រា​ដែល​តម្រូវការ​អង្ករ​សរ​បស់​ទីផ្សារ​ក៏មាន​កំណើន​ផងដែរ​៕