​ភ្នំពេញៈ​ កម្ពុជា ​បានបង្ហាញ​ការស្វាគមន៍ និង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បរទេស ​ចូលមក​វិនិយោគ​លើ​វិស័យ​សូត្រ​ នៅ​កម្ពុជា ​ឱ្យបាន​កាន់តែច្រើន ខណៈ​កម្ពុជា ​កំពុង​សម្រេចបាន​សមិទ្ធ​ផល​ជាច្រើន​ក្នុង​ការជំរុញឱ្យ​វិស័យនេះ​មាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៤ ខែសីហា ក្នុងជំនួប​រវាង លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក Zhang Quoqiang ប្រធាន​សហព័ន្ធ​សូត្រ​អន្តរជាតិ​(ISU) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zhejiang Cathaya Group ដែល​មកពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន និង​មានការ​ចូលរួម​ពី​សំណាក់​គណៈកម្មការ​ជំរុញ និង​អភិវឌ្ឍន៍​វិស័យ​សូត្រ​កម្ពុជា (SDC) តំណាង​សមាគម​សូត្រ និង​ផ្នែក​ឯកជន ជាច្រើនរូប​។​

​លោក ម៉ៅ ថូ​រ៉ា បានឱ្យដឹងថា វិស័យ​សូត្រ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជា​បន្តបន្ទាប់ ដែលមាន​ដូចជា បាន​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​សូត្រ​អន្តរជាតិ ​(ISU) និង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បាន​បញ្ជូន​សមាជិក SDC ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​កែច្នៃ និង​នវានុវត្តន៍​រចនាប័ទ្ម​ផលិតផល​សូត្រ​សម័យ​ទំនើប​ បាន​ពង្រឹង​ការបណ្តុះបណ្តាល វិជ្ជាជីវៈ​វិស័យ​សូត្រ​ បាន​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​តួលេខ​សិប្បករ​សូត្រ និង​សិប្បកម្ម​សូត្រ​ឡើងវិញ ព្រមទាំង​រៀបចំ​សិក្ខាសាលា និង​ផ្សព្វផ្សាយ​អំពី​យុទ្ធសាស្ត្រ​សូត្រ​កម្ពុជា​។​

​លើសពីនោះ​ទៅទៀត លោក​ថា កម្ពុជា​ក៏បាន​ជំរុញឱ្យមាន​ការបង្កើត​សមាគម​សូត្រ​តាម​តំបន់​ដែល​ផលិត​សូត្រ​ ជំរុញ​ការប្រើប្រាស់​ផលិតផល​សូត្រ​ខ្មែរ​ ទៅដល់​អតិថិជន​ក្នុង និង​ក្រៅប្រទេស​ បាន​សិក្សា​បង្កើតឱ្យមាន​ម៉ាក​សមូហភាព​សូត្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល​សូត្រ​ខ្មែរ និង​ការពារ​ផលិតផល​សូត្រ​ខ្មែរ​ពី​ផលិតផល​សូត្រ​ក្លែងបន្លំ​ និង​កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​ដៃគូ​ ក្នុង​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ NGO សំដៅ​ដោះស្រាយ​បញ្ហា​អាទិភាព និង​រៀបចំ​គម្រោង​អាទិភាព​សំខាន់ៗ​ សម្រាប់​ទ្រទ្រង់ និង​ការអភិវឌ្ឍ​វិស័យ​សូត្រ​នៅ​កម្ពុជា​។​

​លោក​បន្តទៀតថា ទោះយ៉ាងណា​ការអភិវឌ្ឍ​វិស័យ​សូត្រ​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ​ដែល​ទាមទារ​ឱ្យបាន​ការសិក្សា និង​វិនិយោគ​បន្ថែមទៀត​។​

​លោក​លើកឡើងថា​៖«​ខ្ញុំ​សូម​ស្នើឱ្យ​ក្រុមការងារ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន ធ្វើការ​ទាក់ទង​និង​រៀបចំ​លិខិត​ទៅ​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​រៀបចំ​ឱ្យមាន​ជំនួប​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា និង​ភាគី​ចិន​ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម​»​។​

​លោក Zhang Quoqiang បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការគាំទ្រ​របស់ ISU លើ​វិស័យ​សូត្រ​នៅ​កម្ពុជា និង​បានបង្ហាញ​បំណង​ ក្នុងការ​អភិវឌ្ឍ​វិស័យ​សូត្រ​តាមរយៈ​ការ​ចូលមក​វិនិយោគ​លើ​វិស័យ​សូត្រ​នៅ​កម្ពុជា ​ផងដែរ​។ បន្ថែម​លើ​នេះ​លោក​ក៏បាន​បង្ហាញ​ពី​ក្រុមហ៊ុន Cathaya ដែល​បាន​សហការ​ជាមួយ ISU ក្នុងការ​បង្កើត​សមាគម​សូត្រ​អន្តរជាតិ ដោយ​ផ្តួចផ្តើម​គំនិត​របស់​ក្រសួង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​ប្រមា​និ​ត​ចិន ដែល​ផ្តោត​សំខាន់​លើ​ការដាំ​មន និង​ចិញ្ចឹម​ដង្កូវនាង​។​

​ប្រធាន​សមាគម​កី​តម្បាញ​ខ្មែរ លោកស្រី ចេ​ន សុភាព បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៨ ខែសីហា​ថា ទោះបី​ប្រពៃណី​ប្រើប្រាស់​សូត្រ​របស់​ប្រជាជន​ខ្មែរ​ មាន​ប្រវត្តិ​តាំងពី​បុរាណកាល​ក៏ដោយ ប៉ុន្តែ​ការអភិវឌ្ឍ និង​វិនិយោគ​លើ​ផលិតផល​សូត្រ និង​តម្បាញ គឺ​មិនមាន​ច្រើន​ឡើយ​នៅពេលនេះ​។ បើសិន​មានការ​វិនិយោគ​លើ​ផលិត​សូត្រ និង​តម្បាញ នៅ​កម្ពុជា​កាន់តែច្រើន គឺជា​ការល្អ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ពី​សូត្រ​ពី​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ផងដែរ​។​

​លោកស្រី​​ថ្លែងថា​៖«​បើ​មានការ​វិនិយោគ​លើ​សូត្រ និង​តម្បាញនេះ​ នៅ​កម្ពុជា គឺ​វា​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​លើកកម្ពស់​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ផងដែរ​»​។​

​លោកស្រី​បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តម្រូវការ​ប្រើប្រាស់​ផលិតផល​ពី​សូត្រ​នៅ​កម្ពុជា ​បានបង្ហាញ​សញ្ញា​កើនឡើង​វិញ​ជា​បណ្តើរៗ​ហើយ ​ចាប់តាំងពី​ចុងឆ្នាំ​២០២២ គ្រាន់តែ​មិនទាន់មាន​ច្រើន​ដូច​មុន​ឆ្នាំ​២០១៩​។​

​យោងតាម​លោកស្រី សុភាព ដោយសារ​ផលិតកម្ម​សូត្រ​នៅ​កម្ពុ​ជា មាន​បរិមាណ​តិចតួច ដូច្នេះ​កម្ពុជា​ បាន​នាំចូល​វត្ថុធាតុដើម​ជាស​សៃ​សូត្រ ពី​ប្រទេស​មួយចំនួន​ដូចជា ចិន និង​វៀតណាម ដើម្បី​មក​បំពេញតម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​។​

​កាលពី​ថ្ងៃទី​៧ ខែសីហា កន្លងមក លោក ZHANG Guoqiang ក៏បាន​ទៅ​ជួប​ជាមួយ​លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​បង្ហាញ​ពី​បំណង​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​រក​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​សមាជិកសភា​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​៕