ភ្នំពេញៈ ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ ​២០២៣ សម្រេចបាន​បរិ​មាណ​ជាង ៤,៥​ លាន​តោន ដែល​ស្មើនឹង​ប្រា​ក់ជាង ២,៦ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៨ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​។​

​របាយការណ៍​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ពី​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​ដែល​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃទី​ ៨ ខែ​សីហា ឱ្យដឹងថា រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ២០២៣ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​ទទួល​​បាន​ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្ន​ន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ មាន​សរុប ៤ ៥១៤ ៨៩៣,៧៤ ​តោន ដែល​ក្នុងនោះ​អង្ករ ៣៦២ ៧០៨​ តោន​, ស្រូវ ១ ៥១០ ៨៥០​ តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ២ ៦៤១ ៣៣៥,៧៤ តោន​។ បរិមាណ​កសិផល​នាំចេញ គឺ​ថយចុះ ១៩,២០​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ កសិផល​​កម្ពុជា​ត្រូវបាន​នាំទៅ​ទិសដៅ ៦៨ ប្រទេស​លើ​ពិភពលោក​។​

​របាយការណ៍​ឱ្យដឹងទៀតថា សម្រាប់​ប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល ​(​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​អ្នក​នាំ​ចេញ​) គឺមាន ២ ៦២៩ ៥៩៦ ៥២៤,៥៦​ ដុល្លារ កើន ៧,៧​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២ ៤៤១ ៣៩៩ ១៦១,៤៧​ ដុ​ល្លារ​។ ក្នុង​ចំនួន​ប្រាក់​ខាងលើ គឺ​ការនាំចេញ​អង្ករ​មាន ៣១៣ ៧៤២ ៤២០​ ដុល្លារ​, ស្រូវ ៥០៤ ៧១៤ ៣៧២​ ដុល្លារ និង​ក​សិ​​ផល​ក្រៅពី​ស្រូវ​-​អង្ករ ១ ៨១១ ១៣៩ ៧៣២,៥៦ ​ដុល្លា​។​

​ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា​៖ «​ថ្វី​ដ្បិត​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស​មាន​និ​ន្នា​ការថយចុះ​បន្តិច ​(​បរិមាណ​) ប៉ុន្តែ​បើ​ធៀប​ត្រីមាស​ទី១ ឆ្នាំ ២០២៣​ ឃើញថា មាន​កំណើន ៣,៣២ ​ភាគរយ​ដែល​នេះ​ជាស​ញ្ញា​វិជ្ជមាន​មួយ​ឈានទៅរក​ការកើនឡើង​ពេលខាងមុខ​។ ការកើនឡើង​នេះ គឺ​ដោយសារ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា​ប្រកាស​បិទ​ការនាំចេញ​អង្ករ ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​»​។​

​យោងតាម​ក្រសួងកសិកម្ម តម្លៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​កំពុង​ហក់​ឡើង ដូច្នេះ​កម្ពុជា​កំពុងតែ​សិក្សា​អំពី​យុទ្ធសាស្ត្រ​ដែល​អាច​ទាញយក​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​ពី​ព្រឹត្តិការណ៍​នេះ តាមរយៈ​ការបង្កើន​សមត្ថភាព​ឱ្យ​រោង​ម៉ាស៊ីន​ក្នុងស្រុក​ប្រមូល​ទិញ​ស្តុក​ទុក បង្កើន​ការកែច្នៃ និង​នាំចេញ​ផ្ទាល់​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៨ ខែសីហា​ថា ការដាក់ចេញ​គោលនយោបាយ​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​ចំពោះ​វិស័យ​កសិកម្ម បានធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រភព​សំខាន់​នៃ​ការផ្គត់ផ្គង់​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​។ វិស័យ​កសិកម្ម គឺជា​ផ្នែក​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ ហេតុនេះ​រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ប្រជាកសិករ និង​វិនិយោគិន​ឱ្យ​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​កាន់តែច្រើន​។ លោក​បន្ថែមថា ការធ្លាក់ចុះ​បរិមាណ​នាំចេញ​កសិផល​រយៈពេល ៧​ ខែ​កន្លងមក គឺអាច​ដោយសារ​អាកាស​​ធាតុ​មិនសូវ​អំណោយផល​ធ្វើឱ្យ​ទិន្នផល​ដែល​កសិករ​ប្រមូលបាន​តិចជាង​មុន​។​

​ខណៈ​បច្ចុប្បន្ន​ឥទ្ធិពល​របស់​សង្គ្រាមរ​វាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ព្រមទាំង​ការប្រែប្រួល​អាកាស​ធាតុ កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​បញ្ហា​ស្បៀងអាហារ​មនុស្ស​សត្វ លោក វណ្ណៈ អះអាងថា នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​ដូចជា ការដាំដុះ​ចិញ្ចឹមសត្វ វារីវប្បកម្ម​។​

​លោក​និយាយថា​៖ «​នៅក្នុង​ដំណាក់កាល​នេះ​គឺ​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​ពិនិត្យឡើងវិញ​ទៅលើ​តុល្យការ​បរិមាណ​កសិផល​របស់ខ្លួន​សម្រាប់​បំពេញ​តម្រូវ​​ការ​នៅក្នុង​ស្រុក និង​នាំចេញ​។ កម្ពុជា​ត្រូវ​ធានា​ឱ្យបាន​សន្និធិ​សម្រាប់​ប្រើ​ក្នុងប្រទេស​»​។​

​លោក​បន្តថា បើ​រដ្ឋាភិបាល ប្រជាជន និង​អ្នកវិនិយោគ​ចាប់​អារម្មណ៍​កាន់តែខ្លាំង​លើ​ការ​ដាំ​ដុះ និង​កែច្នៃ ផលិតផល​ក​សិ​កម្ម គឺ​នៅ​រយៈពេល ៤-៥ ​ឆ្នាំ​ខាងមុខ ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ប្រាកដជា​កើនឡើង​ខ្ពស់​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម​ឆ្នាំ ​២០២២ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ជា​ផ្លូវការ​នូវ​ផលិតផល​កសិកម្ម ដែលមាន​តម្លៃ​ជិត ៥​ ពាន់​លាន​ដុល្លារ ស្មើនឹង ៨,៦​ លាន​តោន ទៅ ៧៤​ ប្រទេស កើន​ជាង ៧​ ភាគ​រយ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៧,៩ ​លាន​តោន​៕