​ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC) និង​សមាគម​មី​​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​(CMA)​ កំ​​ពុង​ធ្វើការ​រួមគ្នា​ជាមួយ​សមាជិក​ទាក់ទង​នឹង​ការចោទប្រកាន់​ពី​ការធ្វើអត្តឃាត និង​ប៉ុនប៉ង​ធ្វើអត្តឃាត​របស់​អតិថិជន ដោយ​សារ​ការបង្ខំ​លើ​ការប្រមូល​បំ​ណុល​ពី​មន្ត្រី​ឥណទាន​នៃ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ខេត្តរតនគិរី នាពេល​ថ្មីៗ​នេះ​។​

​បើតាម​សេចក្តីថ្លែងការណ៍​រួម​ពី​សមាគម​ទាំង​ ២ ​ស្តីពី​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការធ្វើ​អត្ត​ឃាត និង​ការប៉ុនប៉ង​ធ្វើអត្តឃាត ដោយសារ​ការបង្ខំ​លើ​ការប្រមូល​បំណុល​ពី​មន្ត្រី​ឥណទាន​នៃ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅក្នុង​ខេត្តរតនគិរី ដោយសារតែ​គេ​ចាត់ទុកថា នេះ​ជាការ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ ABC និង CMA កំពុងធ្វើការ​យ៉ាង​សស្រោកសស្រាំ​លើ​របៀបវារៈ​នៃ​ការផ្តល់​កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ​«​យើង ​(​សមាគម​ទាំង​២)​ បាន​ស្នើឱ្យ​គ្រឹះស្ថាន​នីមួយៗ​ដែលមាន​ឈ្មោះ​ក្នុង​របាយ​ការណ៍​នោះ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​ករណី​ចោទ​ប្រកាន់​ទាំងអស់នោះ​។ ដើម្បី​ធានាបាន​នូវ​ភាពត្រឹមត្រូវ និង​ភាពមិនលម្អៀង​លើ​លទ្ធផល​នៃ​ការរកឃើញ​ចំពោះ​បញ្ហា​នេះ សមាគម​យល់ឃើញថា ចាំបាច់​នឹងមាន​ការស៊ើបអង្កេត​ឯក​រាជ្យ​មួយ​ផ្សេងទៀត​។ ប្រសិន​បើ​ពិតជា​មានការ​ប្រព្រឹត្ត​ខុសពី​សំណាក់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​សមាជិក​មែន​នោះ សមាគម​ទាំង ​២ នឹង​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ​ចំណាត់ការ​វិន័យ​លើ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិ​រញ្ញ​វត្ថុ​ឬ​បុគ្គល​ពាក់ព័ន្ធ​។ វិធាន​ការ​ដ៏​ម៉ឺងម៉ាត់​នេះ​គឺជា​ការ​ចាំ​បាច់​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​របស់​យើង​»​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា​ «​សមាគម​ទាំង​ ២ ​នឹង​បន្ត​ពិនិត្យមើល​លើ​គោ​លន​យោ​បាយ​នៃ​ការវាយតម្លៃ​ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នីមួយៗ និង​គោលនយោបាយ​ប្រមូល​បំណុល រួមបញ្ចូល​ទាំង​ការកែ​លម្អ​ចាំបាច់ ដើម្បី​ធានាបាន​នូវ​ដំណោះស្រាយ​ត្រឹមត្រូវ និង​សមស្រប​ដែល​អាច​ទទួលយកបាន​ទាំង​ចំពោះ​ផលប្រយោជន៍​របស់​អតិថិជន និង​ផល​ប្រ​​យោជន៍​របស់​ធនាគារ​/​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​»​។​

​លោក កាំ​ង តុង​ងី អ្នកនាំពាក្យ CMA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែសីហា​ថ្មីៗ​នេះ​ថា CMA បានទទួល​ព័ត៌មាន​មួយចំនួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការក្រៅរដ្ឋាភិបាល​ជុំវិញ​ករណី​មនុស្ស​ ៤​ នាក់​ធ្វើអត្តឃាត និង​ម្នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយបាន​ចោទប្រកាន់ថា មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។​

​លោក​ថ្លែងថា​៖ «​វា​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​ធ្លាប់​កើតមាន​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដូច្នេះ​យើង​កំពុង​សហការ​ជា​មួយ​សមាជិក​របស់​យើង​ដើម្បី​ប្រមូល​ព័ត៌មាន និង​ភ័ស្តុតាង​។​មកដល់ពេលនេះ​យើង​នៅ​មិនទាន់​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​រវាង​ស្ថាប័ន​-​មីក្រូហិរញ្ញវត្ថុ និង​អតិថិជន​ដែល​ឈានទៅដល់​ការធ្វើអត្តឃាត ឬ​ប៉ុនប៉ង​ធ្វើអត្តឃាត​នោះទេ​។ នេះ​គ្រាន់តែ​ជា​របាយការណ៍​សវនកម្ម​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​​វត្ថុ​នីមួយៗ​ប៉ុណ្ណោះ​។​

​លោក​អះអាងថា​៖ «​ជាមួយនឹង​ចំណុច​ឈរ​របស់​យើង គឺ​យើង​ចាំបាច់​ត្រូវមាន​អ្នកស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​សវនកម្ម និង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ការធ្វើអត្តឃាត ឬ​ប៉ុនប៉ង​ធ្វើអត្តឃាត​កើតចេញពី​សម្ពាធ​ពី​មីក្រូហិរញ្ញវត្ថុ ហើយ​ខាងយើង​នឹង​កែតម្រូវ ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។ បើ​រក​មិនឃើញ​ទេ វា​នឹង​បញ្ជាក់​ពី​សេចក្តីថ្លៃថ្នូរ និង​កេរ្តិ៍ឈ្មោះ​របស់​យើង​»៕