ភ្នំពេញៈ ទំនិញ​ដែល​កម្ពុជា​បាន​នាំ​​ទៅ​ប្រទេស​ចិន ​ក្នុង​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ ​២០២៣ មាន​ប្រមាណ​ជិត ៨១៥​ លាន​ដុល្លារ កើន​ជាង ១៦ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់​ជិត ៧,១​ ពាន់​លាន​ដុ​ល្លារ​។ ប្រមុខ​ការទូត​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ចិន លោក វ៉ាង យី ដែល​ទើប​ចាក​​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ម្សិល​​មិញ​ក៏មាន​សុទិដ្ឋិនិយម​ចំពោះ​ចំណង​ការទូត និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ​ផងដែរ​។​

​ស្ថិតិ​នាំចេញ​ទំនិញ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ​ជា​ (GDCE) ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស​ចិន ក្នុងតម្លៃ​សរុប ៨១៤,៧៤ ​លាន​ដុល្លារ កើនឡើង ១៦,២​ ភាគរយ​បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ​ ២០២២ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ៦ ២៧៨,៨៥​ លាន​ដុល្លារ កើន ០,១ ​ភាគរយ​។​

​ផ្អែក​តាម​តារាង​ស្ថិតិ​ខាងលើ គឺ​ពាណិជ្ជកម្ម​រួម​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់ ៧ ០៩៣,៥៩​ លាន​ដុល្លារ កើន ១,៨​ ភាគរយ​ពី ៦ ៩៧១,៤៧​ លាន​ដុល្លារ​។ សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​ទ្វេ​ភាគី គឺ​កម្ពុ​ជាមាន​ឱនភាព ៥ ៤៦៤,១១​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន គឺ​ចំនួន ៥ ៥៦៩,០៩​ លាន​ដុល្លារ​។ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ឈានមុខ​គេ​របស់​កម្ពុជា ដោយ​ស្មើ ២៥,៦១​ ភាគ​​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ក្នុង​រយៈពេល ៧​ ខែ ឆ្នាំ​ ២០២៣ ​ដែលមាន ២៧ ៧០០,៣៦​ លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៣ ខែសីហា​ថា ប្រទេស​ចិន​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ និង​សំខាន់​ជាងគេ​របស់​កម្ពុជា​នៅពេលនេះ ព្រោះ​មិន​ត្រឹមតែ​ជា​ប្រទេស​ទទួល​ទិញ​ទំនិញ​ច្រើន​ពី​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​គ្រឿងផ្សំ​មួយចំនួន​សម្រាប់​បំ​ពេញ​ឱ្យ​តម្រូវការ​តាម​រោងចក្រ​/​សហគ្រាស ដើម្បី​កែច្នៃ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ទៀតផង​។

កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ក្នុងដំណាក់កាល​ដែល​កំ​ណើ​ន​សេដ្ឋកិច្ចពិភពលោក​ជួប​ប្រទេះ​នឹង​ភាពមិន​ច្បាស់​លាស់​នាពេលនេះ គឺ​ដោយ​សារ​រដ្ឋាភិបាល និង​ផ្នែក​ឯក​​ជន​នៃ​ប្រទេស​ទាំង ២ មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គ្នា​។ លើសពីនេះ​ប្រទេស​ទាំង ២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី CCFTA និង​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២​ នឹង​កើន​ខ្ពស់​ថែមទៀត ពិសេស​ការនាំ​ចេញពី​កម្ពុជា​។ កសិផល​កម្ពុជា​ទទួល​បានការ​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​ប្រជាជន​ចិន​»​។

​លោក​បន្ថែមថា​៖«​ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​​បរទេស​ចិន​នៅ​កម្ពុជា​កាលពី​ចុង​សប្តាហ៍ ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការពង្រឹង និង​ពង្រីក​កិច្ចសហ ប្រតិបត្តិការ​ផ្នែក​ការ​ទូត និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ផងដែរ​»​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស ចិន លោក វ៉ាង យី ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​ ១២-១៣ ខែសីហា នេះ បានលើកឡើង​ក្នុងជំនួប​ជាមួយ លោក​សុខ ចិន្តា​សោភា អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី ​១២ ខែសីហា ថា លោក​សាទរ និង​រីករាយ​ចំពោះ​ភាព​រីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ទាំងឡាយ​ដែល​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​កន្លងមក ជាពិសេស​ការ​ទទួលបាន​នូវ​ការបណ្តាក់ទុន​យ៉ាងច្រើន​ពី​បរទេស​។​

​លោក​បន្តថា កិច្ច​សហ​ប្រតិ​ប​ត្តិ​ការល្អ​រវាង​ចិន​-​កម្ពុជា នឹង​ផ្តល់​ផល​វិជ្ជមាន​កាន់តែច្រើន​ទៅដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការប្រើប្រាស់​យន្តការ​សម្របសម្រួល កិច្ចសន្ទនា​ទ្វេ​ភាគី និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ដែល​ឆ្លើយតប​ជា​វិជ្ជមាន​នឹង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​និង​ផ្លូវ​»​។​

​លោក សុខ ចិន្តា​សោភា អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើងថា ទំនាក់​​ទំនង​ការទូត ដែល​បង្កើតជា​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ទំ​​នាក់​ទំនង​សេដ្ឋកិច្ច​យ៉ាងរឹងមាំ ដោយ​ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម ប្រភព​ទុន​វិ​និ​​យោគ និង​ទេសចរ​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពាណិជ្ជ​កម្ម កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១១ ៦៨៦,១៦៤ ​លាន​ដុល្លារ កើន ៤,៤​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១២៤០,៦៣​ លាន​ដុល្លារ ថយចុះ ១៧,៩​ ភាគរយ ចំណែក​ទំនិញ​កម្ពុជា​នាំចូល​ពី​ចិន មាន ចំនួន ១០ ៤៤៥,៥៣៣ ​លាន​ដុល្លារ កើនឡើង ៧,៩ ​ភាគរយ​៕