​ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក ក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ​២០២៣ មានទឹក​ប្រា​ក់ជាង ៥,៣​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ១០​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ការនាំ​ចេញ​របស់​កម្ពុ​ជាមាន​ចំណែក​ជាង ៩៧ ​ភាគរយ​នៃ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​សរុប​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប​ជាង ៥,៣១ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៩,៧​ ភាគរយ​ពី ៥,៨៩ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។​ ក្នុង​ចំនួន​ខាងលើ គឺ​ការនាំ​ចេញពី​កម្ពុជា​ទៅ​អាមេរិក មាន​ជាង ៥,១៧​ ពាន់​លាន​ដុល្លារ ថយចុះ ៩,១​ ភាគរយ និង​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជាមាន​ជិត ១៤២​ លាន​ដុល្លារ ធ្លាក់ចុះ ២៨​ ភាគរយ​។ រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ២០២៣ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជា​-​អាមេរិក គឺ​កម្ពុ​ជាមាន​ឧ​ត្ត​ម​ភាព​ជាង ៥​ ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក ស្ថិតនៅ​លេខ​ ២ បន្ទាប់ពី​ប្រទេស​ចិន​ដែលមាន​ទឹកប្រាក់​ជាង ៧ ​ពាន់​លាន​ដុល្លារ​។​

​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក ក្នុង​ខែកក្កដា ឆ្នាំ ​២០២៣ គឺមាន ៩៦៤,៩៤​ លាន​ដុល្លារ ធ្លាក់ចុះ ១០,៤១ ​ភាគរយ​ធៀប​នឹង​ខែកក្កដា ឆ្នាំ ២០២២ ដែលមាន​ជាង ១,០៧ ​ពាន់​លាន​ដុល្លារ ដោយ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ខែកក្កដា ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជិត ៩៤២ ​លាន​ដុល្លារ ធ្លាក់​ចុះ ១០,១​ ភាគរយ និង​ទំនិញ​នាំចូល​ជាង ២២ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៦​ ភាគរយ​។ នេះ​បើតាម GDCE​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៤ ខែសីហា​ថា វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតមាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំនេះ ពិសេស​ជម្លោះ​ប្រដាប់អាវុធ​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន កាលពីដើមឆ្នាំ​ ២០២២ គឺ​ធ្វើឱ្យ​សកម្ម​ភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស​។

សម្រាប់​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក​ គឺ​កើតឡើង​តាំងពី​ឆមាស​ទី​២ ឆ្នាំ​ ២០២២ ​មក ដោយសារតែ​កំណើន សេដ្ឋកិច្ច​ពិភពលោក​ស្ថិតក្នុង​ភាពមិនប្រាកដ​ប្រជា​ដែល​ជំ​រុញឱ្យ​មនុស្ស​ម្នាក់ៗ​រឹត​-​ត្បិត​ការចំណាយ​មិនចាំបាច់​។ លោក​បន្តទៀតថា ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​អាមេរិក​ជា​ផលិតផល​វាយ​ន​ភណ្ឌ ដូច្នេះ​វា​មិនមាន​ភាពចាំបាច់​ដូច​ម្ហូបអាហារ​ឡើយ​។ នេះ​ជា​ហេតុផល​ដែល​ធ្វើឱ្យ​ការបញ្ជាទិញ​ធ្លាក់ចុះ​។​

​លោក​លើកឡើងថា​៖ «​សម្ទុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹង​ងើប​ឡើងវិញ​នៅពេល​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ពិភពលោក​ល្អ​ប្រសើរ ដោយ​ពេលនេះ​ការបញ្ជាទិញ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ​ពី​កម្ពុជា នឹង​ហក់​ឡើងវិញ​»​។​

​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​អាមេរិក គឺ​សម្លៀកបំពាក់ ស្បែក​​ជើង កាបូប​ធ្វើដំណើរ បន្ទះ​សូ​ឡា កង់ និង​ផលិតផល​កសិកម្ម ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​មានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​​ត្រូ​និក និង​បរិក្ខារ​ពេទ្យ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​លោក​ប្រាប់ទៀតថា ក្រៅពីនេះ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ក៏បាន​ធ្លាក់ចុះ​ដោយសារ​រដ្ឋាភិបាល​អាមេរិក​កាលពីដើម​ខែឧសភា ឆ្នាំ​ ២០២៣ បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ផលិតផល​បន្ទះ​សូ​ឡា​ផលិត​ពី​ប្រទេស​ចំនួន​ ៤ ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៍ គឺ​កម្ពុជា ម៉ាឡេស៊ី ថៃ និង​វៀត​ណា​ម​វិញ​ផងដែរ បន្ទាប់ពី​បាន​ផ្តល់ឱ្យ​កាលពី​ឆ្នាំ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ កាលពី​ចុង​សប្តាហ៍​មុន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការធ្លាក់​​ចុះ​ចំនួន​ប្រាក់​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​អាមេរិក ក្នុង​រយៈពេល​ប្រមាណ ១ ​ឆ្នាំ​មកនេះ គឺ​ដោយសារ​ទី ១ ការធ្លាក់ចុះ​នៃ​តម្រូវការ​សកល​ដែល​បណ្តាលមកពី​បញ្ហា​ស្មុគស្មាញ​ដែល​កំពុង​កើតមាន​លើ​ពិភពលោក និង​ទី ​២ កំណើន​ការបញ្ជាទិញ​ដ៏​ខ្ពស់​កាលពី​អំឡុង​ចុងឆ្នាំ​ ២០២១ និង​ដើម​​ឆ្នាំ​២០២២ ដោយសារ​តែមាន​រោង​-​ចក្រ​នៅ​ប្រទេសមួយ​ចំនួន​មិន​ដំណើរ​ការ​នៅពេលនោះ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​អាមេរិក ក៏ដូចជា​គោលដៅ​ផ្សេងទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លងមក គឺ​ដោយសារ​កត្តា​ខាងក្រៅ​ទាំងស្រុង ខណៈ​សមត្ថ​ភាព​ផលិតកម្ម​ក្នុងស្រុក គឺ​រឹងមាំ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩,២៨ ​ពាន់​លាន​ដុល្លារ​កើន​ ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៧,៨២​ លាន​ដុល្លារ​។ ការ​នាំចេញ​របស់​កម្ពុជា មាន​ជិត ៨,៩៧​ លាន​ដុល្លារ កើន ១៩,៧ ​ភាគរយ និង​នាំចូល ៣១២​ លាន​ដុល្លារ ធ្លាក់ចុះ ៧,១​ ភាគរយ​។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឧត្តមភាព​ជាង ៨,៦៥​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕