ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ លើកឡើងថា ទោះបី​ការបន្ត​អូសបន្លាយ​ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត ក៏​លំហូរ​វិនិយោគ​បរទេស​នៅ​កម្ពុជា នៅតែមាន​ស្ថិរ​ភាពល្អ​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​លោក ជា វុទ្ធី អគ្គលេខាធិការរង​គណៈកម្មាធិការ​វិនិយោគ និង​គណៈ​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ CDC បានឱ្យដឹង​ក្នុង​វេទិកា​ធុរកិច្ច​កាលពី​ថ្ងៃទី​ ១១ ខែសីហា​ថា កម្ពុ​ជាមាន​សក្តានុពល​សេដ្ឋកិច្ច សុខ​សន្តិ​ភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋ​​កិច្ច​។ លោក​បន្តថា ផ្នែក​ឯកជន​គឺជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ចូល​រួម​អនុវត្ត​សេដ្ឋកិច្ចជាតិ​។ លំហូរ​ទុន​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អប្រសើរ​ជាងគេ​ធៀប​នឹង​បណ្តា​ប្រទេស​សមាជិកសមាគម​អាស៊ីអាគ្នេយ៍​នានា​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ហើយ​ថា ទោះ​ក្នុង​វិបត្តិ​កូ​វីដ ​១៩ ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​នៃ​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន ក៏​លំហូរ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុ​ជាមាន​ស្ថិរភាព​គួរ​ជាទី​កត់សម្គាល់​។ ជាក់ស្តែង​តួលេខ​បង្ហាញថា​យើង​ទទួលបាន​លំហូរ​វិនិយោគ​បរទេស​ជិត ៤ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​។ ឆ្នាំ​ ២០២០ នៅក្នុង​តំបន់​អាស៊ាន​មានការ​ធ្លាក់ចុះ​ច្រើន​រហូតដល់​ប្រមាណ ៤០​ ភាគរយ ប៉ុន្តែ​យើង​នៅមាន​ស្ថិរភាព​គឺ​ក្នុង​រង្វង់ ​៣,៦​ ពាន់​លាន​ដុល្លារ​»​។​

​លោក​បន្ថែមថា អ្នកវិនិយោគ​ខ្មែរ​ជាប់​ចំណាត់ថ្នាក់​លេខ ​១ ដោយសារ​ពួកគាត់​មាន​ជំនឿ​នឹង​ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយបាន​យកប្រាក់​មក​បោះទុន​វិនិយោគ​ដែល​ធ្វើឱ្យ​កំណើន​របស់​អ្នក​​វិនិយោគ​ក្នុងស្រុក​មាន​អត្រា​ខ្ពស់​។ ចំពោះ​ការវិនិយោគ​ផ្ទាល់​បរទេស ​(FDI) គឺ​ការវិនិយោគ​ពី​ប្រទេស​ចិន​ មាន​អត្រា​ខ្ពស់​ជាងគេ​ដោយមាន​អត្រា ​៤២,១ ភាគរយ​, ថៃ ១,០៩​ ភាគរយ​, ជប៉ុន ០,៩៨ ​ភាគរយ​, Cayman Islands ០,៥២​ ភាគ​​រយ​, Samoa ០,៥០ ​ភាគរយ​, កូរ៉េខាងត្បូង ០,៤៥​ ភាគរយ​, អង់គ្លេស ​(British Virgin Is-lands) ០,៣២​ ភាគរយ​, សិង្ហ​​បុរី ០,៣១​ ភាគរយ​, និង​ម៉ា​ឡេ​ស៊ី ០,១៩ ​ភាគរយ​។

​ចំពោះ​ទំហំ​ទុនវិនិយោគ​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ​ ២០២៣ គឺមាន ១២៨ ​គម្រោង (​ទឹកប្រាក់​វិនិយោគ ១,២៥​ ពាន់​លាន​ដុ​ល្លារ​) ធៀប​នឹង ១១១​ គម្រោង ​(​ប្រាក់​វិនិយោគ ៣,១៣​ ពាន់​លាន​ដុល្លារ​)​ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​ទំហំ​ទុនវិនិយោគ​ដែល​យើង​បាន​ចុះបញ្ជី​ជា​គម្រោង​មាន​លក្ខ​ណ​សម្បត្តិ​គ្រប់គ្រាន់​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ យើង​ឃើញ​ហើយ​ថា តួលេខ​នៅក្នុង​ឆ្នាំ​ ២០២១ និង​ ២០២២ មាន​ចំនួន​បរិមាណ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៣​ សម្រាប់​រយៈពេល ៦​ ខែ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ យើង​ឃើញថា​ ទំហំ​នៃ​ការវិនិយោគ​មានការ​ធ្លាក់ចុះ​បន្តិច​មែន​ដោយសារ​នៅក្នុង​ឆ្នាំ​ ២០២៣​ នេះ មិនមាន​គម្រោង​ធំៗ ប៉ុន្តែ​ចំនួន​នៃ​ការវិនិយោគ​មានការ​កើនឡើង​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង​ វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បើ​ទោះ​ស្ថានភាព​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​នៅ​បន្ត​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩ (​ចាប់​តាំងពីដើម​ឆ្នាំ​ ២០២០) និង​វិបត្តិ​ថ្មីៗ​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ និង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ក៏​ស្ថានភាព​ការបណ្តាក់ទុន​នៅតែ​បន្ត​មាន​ជាប្រចាំ​គ្រាន់តែ​មិនមាន​សម្ទុះ​ខ្លាំង​ដូច​មុន​ឆ្នាំ​ ២០២០​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ចំនួន​គម្រោង និង​ទុនវិនិយោគ​ដែល DCD អនុម័ត​មិន​ច្រើន ប៉ុន្តែ​វា​ជា​ភាព​វិជ្ជមាន​មួយ​ដែរ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ដំណាក់កាល​នេះ​។ ចំនួន​នេះ​នឹងមាន​កាន់តែច្រើន​នៅពេលដែល​ជម្លោះ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ត្រូវបាន​បញ្ចប់​»​។​

​លោក​លើកឡើង​ទៀតថា អ្វីដែល​គួរឱ្យកត់សម្គាល់​នារ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ចំនួន​នៃ​ការបណ្តាក់ទុន​វិ​និ​យោគ​របស់​វិនិយោគិន​នៅក្នុង​ស្រុក​កាន់តែ​សកម្ម​ជាង​មុន​។​

​យោងតាម​លោក វុទ្ធី កា​រវិ​និ​យោគ​ទៅតាម​វិស័យ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ពី​ឆ្នាំ​ ២០១៧ ទៅដល់​ឆ្នាំ ​២០២២ បង្ហាញថា កំណើន​ការវិនិយោគ​ទៅលើ​ផ្នែក​ទេស​ចរណ៍​មាន​បរិមាណ​ធំ គឺ​រហូត​ទៅដល់​ជាង ៤០​ ភាគរយ​, ផ្នែក​ឧស្សាហកម្ម​មាន ២៥,៥​ ភាគ​​រយ​, ហេដ្ឋារចនាសម្ព័ន្ធ​មាន​ប្រ​​មាណ ៣០,៦​ ភាគរយ​, វិស័យ​កសិកម្ម គឺ​នៅមាន​បរិមាណ​តិច​នៅឡើយ​គឺ​ប្រមាណ​ត្រឹមតែ ៣,៨​ ភាគរយ​។​

​លោក​បន្ថែមថា ការវិនិយោគ​មាន​ច្រើន​តាម​បណ្តា​ខេត្ត​ដោយ​ស្ថិតនៅ​ចន្លោះ​ពី ​៧០-៨០​ ភាគ​រយ និង​ការវិនិយោគ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ចន្លោះ​ពី ២០ ​ទៅ ៣០​ ភាគរយ​។ ការវិនិយោគ​តាម​បណ្តា​ខេត្ត​ត្រូវបាន​ពង្រាយ​ទៅ​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​កណ្តាល ខេត្តកំពង់ស្ពឺ ស្វាយ​រៀង​, ព្រះសីហនុ តាកែវ និង​តាម​បណ្តា​ខេត្ត​ដទៃទៀត​៕