​ភ្នំពេញៈ ​ឯកអគ្គរដ្ឋទូត​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន​ មានបំណង​ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​កម្ពុជា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​ឱ្យ​កាន់តែច្រើន​។​

​លោ​ក មូ​ហាំ​ម៉េ​ត នី​យ៉ះ ម៉ាស្សា​ឡូ​វ ឯកអគ្គរដ្ឋទូត​តួ​ក​ម៉េ​នី​ស្ថាន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ដូចនេះ​ក្នុងជំនួប​ជាមួយនឹង​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​​ចរណ៍​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាល​រសៀល​ថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ​ ២០២៣​។​

​នៅក្នុង​ជំនួប​នោះ​លោក មូ​ហាំ​ម៉េ​ត​នី​យ៉ះ ម៉ាស្សា​ឡូ​វ បាន​ថ្លែងថា តួ​ក​ម៉េ​នី​​ស្ថាន​មានបំណង​ចង់ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ជាមួយ​ប្រទេស​កម្ពុជា​ ឱ្យបាន​មុនគេ​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល ព្រមទាំង​ចាប់អារម្មណ៍​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង ​២​ ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅ​-​វិញ​ទៅមក​ឱ្យ​កាន់តែច្រើន​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សូម​សារទរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​សម្រេចបាន​នូវ​ការស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឡើងវិញ ព្រមទាំង​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​បណ្ដើរៗ​ឡើងវិញ​ដែរ​។ ដោយសារ​ការ​មើលឃើញ​ពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា​យ៉ាង​ដូច្នេះហើយ ភាគី​តួ​ក​ម៉េ​នី​ស្ថាន​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​លើ​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញ​-​ទៅមក និង​ទេសចរ​ប្រទេស​ទី៣»​។​

​លោ​ក មូ​ហាំ​ម៉េ​ត នី​យ៉ះ ម៉ាស្សា​ឡូ​វ ក៏បាន​ថ្លែង​ដែរ​ថា រដ្ឋាភិបាល​តួ​ក​ម៉េ​នី​ស្ថាន​មានបំណង​ចង់ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​លោក មកកាន់​ខេត្ត​សៀមរាប​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន​ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន និង​ភ្ញៀវទេសចរ​ប្រទេស​ជុំវិញ​បានមក​ទស្សនា​ខេត្តសៀមរាប តំបន់​រមណីយ​ដ្ឋា​ន​អង្គរ​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ក៏ដូចជា​ទូទាំងប្រទេស​​កម្ពុជា​ផងដែរ​។​

​ឆ្លៀតឱកាស​នោះ លោក​ក៏បាន​ស្នើ​ឱ្យមាន​ការរៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា និង​នៅ​តួ​ក​ម៉េ​នី​ស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២ ទៅកាន់​ប្រតិបត្តិ​ករ​ទេសចរណ៍​ដើម្បី​រួមចំណែក​សម្រេច​គោលដៅ​រួមគ្នា​ក្នុងការ​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​ថែមទៀត​។​

​ជាការ​ឆ្លើយតប លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេស​ចរណ៍​នេះ និង​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហ​ការ​ជាមួយ​ភាគី​តួ​ក​ម៉េ​នី​ស្ថាន​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សូមឱ្យ​មានការ​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ភាគី​កម្ពុជា និង​ភាគី​តួ​ក​​ម៉េ​នី​ស្ថាន​ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នេះ និង​ជា​សក្ខីភាព​ដ៏​រឹងមាំ​នៃ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ ២»​។​

​ជុំវិញ​រឿងនេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ នៅ​ថ្ងៃទី​ ១៥ ខែសីហា ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​បំណង​របស់​តួ​ក​ម៉េ​នី​ស្ថាន​នេះ ដោយ​លោក​បាន​ប្រាប់ថា ប្រទេស​នេះ ក៏​ជា​ប្រទេស​ដែលមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គួរ​សម​ដែរ​។

​លោក​បាន​បន្ដថា មុននឹង​សម្រេច​ភ្ជាប់​ជើងហោះហើរ​ត្រង់ លោក​ជឿថា ខាង​ថ្នាក់ដឹកនាំ ក្រុម​ធុរកិច្ច​ជន​ប្រទេស​នោះគេ​បាន​សិក្សា​រួចរាល់​ហើយ​ថា​នឹងមាន​ផលចំណេញ​បែបណា​?

​លោក​ ហុង វណ្ណៈ បាន​បញ្ជាក់ថា​៖ «​ការភ្ជាប់​ជើងហោះហើរ​ត្រង់ នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទេសចរ​កម្ពុជា​បន្ថែមទៀត​តាមរយៈ​ជំរុញ​ការ​ដឹកនាំ​ជញ្ជូន​ទំនិញ​ផ្សេងៗ​ទៅវិញ​-​ទៅមក ការទាក់ទាញ​កំណើន​នៃ​អ្នកធ្វើដំណើរ ដែល​អ្នកដំណើរ​ទាំងនោះ​អាច​នឹង​ចង់​មក​កម្ពុជា​ដើម្បី​វិនិយោគ ធ្វើ​ជំនួញ​ទ្វេភាគី ទេសចរណ៍ និង​ការ​សិក្សា​ជាដើម ដែល​នេះ​សុទ្ធតែជា​សញ្ញា​ល្អ​សម្រាប់​កម្ពុជា​»​។​

​បើតាម​ក្រសួងទេសចរណ៍ តួ​ក​ម៉េ​នី​ស្ថាន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល​ទាំង​ ៥ ដែលមាន​កា​ហ្សា​ក់​ស្ថាន កៀ​​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន តួ​ក​ម៉េ​នី​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន ដែល​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល​ទាំង​នេះ មិនទាន់មាន​ប្រទេស​ណាមួយ​ភ្ជាប់​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​នៅឡើយ​ទេ​។​

​នៅ​ឆ្នាំ​ ២០២៣​ នេះ កម្ពុជា​រំពឹង​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ ៥​ លាន​នាក់ ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ដើម្បី​ពង្រឹង​ទំនាក់​​ទំនង​លើ​វិស័យ​ទេសចរណ៍ បង្កើន​ចលនា​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន​ថែមទៀត ខណៈ​ក្នុង​រយៈពេល​ ៧ ​ខែ​ឆ្នាំ​ ២០២៣ កម្ពុជា​បានទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ​៣,០៤​ លាន​នាក់​រួចទៅហើយ​៕