​ភ្នំពេញៈ អ្នកសេដ្ឋកិច្ច បាន​លើកឡើងថា ការធ្វើកំណែទម្រង់​ជា​បន្តបន្ទាប់​ទៅលើ​នីតិវិធី​បង់ពន្ធ និង​ការយល់ដឹង​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ បាន​ជួយ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធដារ​របស់រ​ដ្ឋា​ភិ​បាល​ កើន​ឡើងជា​លំដាប់​។ ជាក់ស្តែង​ក្នុង​រយៈពេល ៧​ខែ ​ដើមឆ្នាំ​២០២៣​ នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ (GDT) ប្រមូល​ចំណូល​ពន្ធ​បាន​ជាង ២,៣​ ​ពាន់​លាន​ ដុល្លារ​ កើនឡើង​ជិត ៥​ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​

​របាយការណ៍​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធដារ របស់ GDT​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល ​បាន ៩ ៣៦៧,៤៤ ​ពាន់​លាន​ រៀល (​ប្រមាណ ២,៣១​ លាន​ដុល្លារ​) ស្មើនឹង ៦៤,៧៦​ ភាគរយ​ នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ប្រមាណ ២,២១​ ពាន់​លាន ​ដុល្លារ គឺ​កើនឡើង ៤,៦៥​ ភាគរយ​។​

​ដោយឡែក​សម្រាប់​ខែកក្កដា ឆ្នាំ​២០២៣ គឺ GDT ប្រមូល​ចំណូល​បាន ២៤០,៤៣​ លាន​ ដុល្លារ ស្មើ ៦,៧៣ ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ ចំនួន​នេះ​បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០២២ គឺ​កើន​ឡើយ ០,៤​ ភាគរយ​ ពី​ចំនួន ២៣៩,៤៦​ លាន​ដុល្លារ​។​

​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា ទោះបី​ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ​នៅ​បន្ត​រក្សាបាន​សញ្ញា​វិជ្ជមាន​ ក៏ប៉ុន្តែ​បញ្ហា​នៃ​ភាពមិនប្រាកដប្រជា​នៃ​បរិបទ​សេដ្ឋកិច្ច​សកល ការធ្លាក់ចុះ​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ពិសេស​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន គឺ​នៅតែ​បន្ត​ដាក់​សម្ពាធ​ដល់​បណ្តា​ក្រុមហ៊ុន​/​ប្រទេស​ ដែលជា​ប្រភព​ទុន​ សម្រាប់​វិនិយោគ​ធំៗ​មក​កម្ពុជា​។​

​លោក​ថ្លែងថា​៖«​កំណើន​នៃ​អតិផរណា គឺ​អាចជា​ហានិភ័យ​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ ដែល​មិនបាន​គ្រប់​តាម​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ និង​ជាពិសេស មូលដ្ឋាន​ក្នុងការ​ព្យាករ​ផែន​ការ​​ សម្រាប់​ឆ្នាំ​បន្ទាប់​»​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​១៧ ខែសីហា​ ថា ចំណូល​ពន្ធដារ​កើនឡើង​មានន័យថា សកម្មភាព​សេដ្ឋកិច្ច និង​អាជីវកម្ម​នោះ​ក្នុងប្រទេស​ កំពុងមាន​ដំណើ​រ​ទៅមុខ​ល្អ ព្រោះ​បើ​អាជីវកម្ម​បិទទ្វារ ចំណូល​ពន្ធដារ ឬ​ពន្ធ​ផ្ទៃក្នុង ​ក៏​នឹង​ធ្លាក់ចុះ​ដែរ​។ កំណើន​ចំណូល​ពន្ធដារ គឺ​បានមកពី​ការខិតខំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ តាមរយៈ​ការផ្សព្វផ្សាយ និង​កែសម្រួល​នីតិវិធី​បង់ពន្ធ​ជា​បន្តបន្ទាប់ ខណៈ​ផ្នែក​ឯកជន​ក៏មាន​ការយល់ដឹង​កាន់តែច្រើន​ពី​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​ពួកគេ​។

លោក​បន្តថា ចំណូល​ពន្ធ គឺជា​ប្រភព​ថវិកា​ដ៏​សំខាន់​ សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ យកទៅ​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​ប​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ទោះ​ចំណូល​ពន្ធដារ​នៅពេលនេះ​ (៧ ​ខែ​)​មិនសូវ​កើន​ច្រើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ និង​ធៀប​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ទេ ព្រោះ​សេដ្ឋកិច្ចពិភពលោក​ក្នុង​ពេលនេះ​មិនសូវ​ល្អ​»​។ លោក​បន្តថា​៖«​ដោយសារ​ចាប់តាំងពី​ដើមឆ្នាំ​២០២៣ មក​កម្ពុជា​ទទួលបាន​នូវ​គម្រង​វិនិយោគ​ថ្មីៗ​ ជា​បន្តបន្ទាប់ ដូច្នេះ​នៅពេល​គម្រោង​ទាំងអស់នោះ​បើក​ដំណើរការ ការប្រមូល​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​ប្រាកដជា​កើនឡើង​ខ្ពស់​»​។​

​ជាមួយគ្នានេះ អ្នកជំនាញ​សេដ្ឋកិច្ច​ខាងលើ​ក៏បាន​ជំរុញ​ឱ្យ GDT ត្រូវខិតខំ​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​ការប្រមូល​ចំណូល​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ទាក់ទង​នឹង​ការធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ (​កម្ពស់​-​ទំហំ​) និង​ប្រភេទ​ដីធ្លី​មិន​ប្រើប្រាស់ ជាដើម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា នីតិវិធី និង​ប្រាក់​ដែល​បានមកពី​ចំណូល​ពន្ធ​នៅ​កម្ពុជា​ កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ ខណៈ​ពន្ធ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ ដោយសារ​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រការ​ទៅមុខ​កាន់តែ​ល្អ ដូច្នេះ​ចំណូល​ពន្ធ​ក្នុងស្រុក (​ពន្ធដារ​) នឹងមាន​ចំនួន​កាន់តែច្រើន​នៅពេល​អនាគត​។​

​លោក​ប្រាប់ថា​៖«​ការចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​នៅ​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ល្អ​មួយ ខណៈ​ចំណូល​ពន្ធ​ដែល​រដ្ឋ​រកបាន​ក៏​កើនឡើង​ដែរ​»​។​

​ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ​បានកំណត់​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យបាន​ចំនួន​ប្រមាណ ៣ ៥៧១,៥៤​ លាន​ ដុល្លារ​៕