ភ្នំពេញៈ និយតករ​ទូរ​គម​នា​គម​ន៍​កម្ពុជា ​(TRC) បានចេញ​គោលការណ៍​ណែនាំ​ដល់​ប្រតិ​ប​ត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​ត្រូវ​ទុកពេល ៩០​ ថ្ងៃ​ សម្រាប់​សុពលភាព​នៃ​លេខ​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​មុននឹង​អាចដកហូត​លេខ​ទូរស័ព្ទ​ចល័ត ដែល​ពុំមាន​ការប្រើ​​ប្រាស់ និង​ដាក់លក់​លេខ​ទូរ​ស័ព្ទ​នោះ​សាជាថ្មី​ឡើងវិញ ក្រោយពី​មានការ​តវ៉ា​ពី​អតិថិជន​អំពី​ការបិទ​លេខ និង​លក់​ទៅឱ្យ​អតិថិជន​ថ្មី​។​

​សេចក្តីណែនាំ​ពី TRC ដែល​ចុះហត្ថលេខា​ដោយ​ប្រធានស្តីទី លោក អូក ដូ​រ៉ានី កាលពី​ថ្ងៃទី ​១៤ ខែសីហា ឱ្យដឹងថា កន្លងមក TRC ទទួល​ការតវ៉ា​ពី​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​លេខ​ទូរស័ព្ទ​របស់ខ្លួន​ត្រូវបាន​ដកហូត​យកទៅលក់​ឱ្យ​អ្នកប្រើប្រាស់​ផ្សេងទៀត ដោយសារ​មិនមាន​ទឹកប្រាក់​ក្នុង​គណនី​គោល ហើយ​រយៈ​ពេល​ការជូនដំណឹង​មុន​ឈានដល់​ការដកហូត​គឺ​ខ្លី ដែល​ពួក​គាត់​ពុំ​អាច​ទទួលយកបាន​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ្នក​ប្រើប្រាស់​ក៏​មានការ​រអ៊ូរទាំ​ចំពោះ​ការខាតបង់​ទឹកប្រាក់​ក្នុង​គណនី​គោល​នៅពេល​ផុត​សុពលភាព​ប្រើប្រាស់ ហើយ​ពេល​បញ្ចូល​ប្រាក់​សាជាថ្មី ប៉ុន្តែ​ពុំមាន​ការ​បូក​យោង​បន្ត​ទឹកប្រាក់​ក្នុង​គណនី​គោល​»​។​

​លោក​បន្តថា ដើម្បី​ចៀសវាង​បាតុភាព​ដដែលៗ​ដូច​រៀបរាប់​ខាងលើ និង​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ TRC សូម​ធ្វើការ​ណែនាំ​ទៅដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ត្រូវ​កំណត់​រយៈពេល​នៃ​ការបន្ត​បើក​ដំណើរ​ការ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់​ក្រោយពេល​ផុត​សុពលភាព​នៃ​ទឹកប្រាក់​នៅក្នុង​គណនី​ជា ៣ ​ដំណាក់កាល គឺ​ទី​១ ត្រូវ​កំណត់​រយៈពេល ​៦០​ ថ្ងៃ សម្រាប់​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការហៅ​ទូរស័ព្ទ​ចេញ ការផ្ញើ​សារ​ខ្លី​ (SMS)​ ចេញ និង​ការ​ប្រើប្រាស់​ទិន្នន័យ​។

​អ្នក​ប្រើ​​ប្រាស់​អាច​ហៅ​ទូរស័ព្ទ​ចេញទៅ​លេខ​សង្គ្រោះបន្ទាន់ ១១៧ (​នគរបាល​) ១១៨ (​រថយន្ត​ពន្លត់​អគ្គិភ័យ​) និង​ ១១៩ (​រថ​​យន្ត​សង្គ្រោះបន្ទាន់​) ដោយ​ឥតគិតថ្លៃ​, ទី​២ ត្រូវ​កំណត់​រយៈពេល​ ៣០​ ថ្ងៃ សម្រាប់​ផ្អាក​បណ្តោះអាសន្ន​នូវ​ការហៅ​ទូរ​​ស័ព្ទ​ចេញ និង​ចូល ការផ្ញើ​សារ​ខ្លី​ចេញ និង​ចូល និង​ការប្រើ​ប្រាស់​ទិន្នន័យ​។ អ្នកប្រើប្រាស់​អាច​ហៅ​ទូរស័ព្ទ​ចេញទៅ​លេខ​សង្គ្រោះបន្ទាន់​ ១១៧ (​នគរ​បាល​) ១១៨ (​រថយន្ត​ពន្លត់​អគ្គិភ័យ​) និង​ ១១៩ (​រថយន្ត​សង្គ្រោះបន្ទាន់​) ដោយ​ឥតគិតថ្លៃ និង​ទី​៣ ត្រូវ​បញ្ឈប់​ដំណើរ​ការ និង​បន្ត​រក្សាទុក​លេខ​ទូរ​ស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់​ក្នុង​រយៈពេល​ ៩០ ​ថ្ងៃ​។ ក្នុង​រយៈ​ពេលនេះ ម្ចាស់​លេខ​ទូរស័ព្ទ​ចល័ត​អាច​ស្នើ​សុំឱ្យ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​បើក​ដំណើរការ​សាជាថ្មី​នូវ​លេខ​ទូរ​ស័ព្ទ​ចល័ត​ដែល​ត្រូវបាន​បញ្ឈប់​ដំណើរការ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់​ពី​ដំណាក់​ទាំង​ ៣ ​ខាងលើ ប្រតិ​ប​ត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​អាចដកហូត​លេខ​ទូរស័ព្ទ​ចល័ត ដែល​ពុំមាន​ការប្រើប្រាស់ និង​ដាក់លក់​លេខ​ទូរស័ព្ទ​នោះ​សា​​ជាថ្មី​ឡើងវិញ​។ ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ត្រូវមាន​កាតព្វកិច្ច​រក្សាទុក​កំណត់ត្រា​នៃ​អត្តសញ្ញាណ​របស់​អ្នក​ចុះ​​ឈ្មោះ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត (​ទាំង​អ្នក​ចាស់ និង​អ្នកថ្មី​)​ ព្រម​ទាំង​ត្រូវ​កំណត់​លក្ខខណ្ឌ​ពាក់​​ព័ន្ធ​នឹង​ការណែនាំ​ខាងលើនេះ ឱ្យបាន​ច្បាស់លាស់ ក្នុង​កិច្ច​សន្យា​ជាវ​សេវា​»​។​

​លោក​បន្តថា ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ត្រូវ​កំណត់​លក្ខខណ្ឌ​ឱ្យមាន​ការ​បូក​យោង​បន្ត​សុពលភាព​នៃ​គណនី​គោល នៅពេល​អ្នកប្រើប្រាស់​បញ្ចូល​ទឹកប្រាក់ ដោយ​គិត​ចាប់ពី​សុ​ពល​ភាព​ចុងក្រោយ​នៃ​ទឹកប្រាក់​ក្នុង​គណនី​គោល​។​

​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​ ២០២១ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រកឃើញថា ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មួយ​ដោយបាន​អនុវត្ត​ខុស​នឹង​នីតិវិធី​ក្នុង​ការបើក​លេខ​ទូរស័ព្ទ​ជូន​អតិថិ​ជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរ​ស័ព្ទ​របស់​អតិថិជន​ដែល​កំពុងតែ​ប្រើប្រាស់​រាល់ថ្ងៃ​យកទៅលក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ម្ចាស់​ដើមឡើយ​៕