ភ្នំពេញៈ PTT Oil and Retail (OR) ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល និង​ចុះបញ្ជី​ភាគហ៊ុន​នៅ​ប្រទេស​ថៃ បានឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ចំនួន ១០០ ​លាន​ដុល្លារ ​ដើម្បី​អភិវឌ្ឍ​ដេប៉ូ​ស្តុក​ប្រេង​សម្រាប់​អាជីវកម្ម​ចាក់​ប្រេង​យន្តហោះ​នៅ​ព្រលានយន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី ដែល​ត្រូវបាន​ស្គាល់​ថា​ «​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ (TIA)» ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​នៅ​ពាក់កណ្តាល​​ឆ្នាំ ​២០២៤ ខាងមុខ​។​

​ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បាន​ចំណាយ​ថវិកា​សាងសង់​ព្រលាន​យន្ត​ហោះ TIA ចំនួន ៦១៧​ លាន​ដុល្លារ​បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២២ ដោយបាន​បញ្ចប់​ការសាងសង់ ​៤៣ ​ភាគរយ​គិត​ត្រឹម​ខែកក្កដា​។ គម្រោង​នេះ​ចាប់​​ផ្តើម​សាងសង់​កាលពី​ឆ្នាំ​ ២០១៩ នឹង​គ្រោង​បញ្ចប់​ដំណាក់កាល​ដំបូង​របស់ខ្លួន​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០២៤​។​

​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​ ១៧ សីហា ផែនការ​របស់​ក្រុមហ៊ុន OR ត្រូវបាន​ប្រកាស​បន្ទាប់​ពី​ការសហការ​វិនិយោគ​លើ​សេវាកម្ម​ចាក់​ប្រេង​យន្តហោះ​នៅ​កម្ពុជា​។ ការសាងសង់​ដេប៉ូ​ប្រេង មាន​គោលបំណង​បម្រើ​ដល់​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ស្រប​ជាមួយ​យុទ្ធសាស្ត្រ​ក្រុម​​ហ៊ុន OR ក្នុងការ​ពង្រីក​អាជីវ​​កម្ម​របស់ខ្លួន​នៅ​បរទេស​។​

​កាលពី​ឆ្នាំ​ ២០២១ ក្រុមហ៊ុន OR ក្រុមហ៊ុន China National Aviation Fuel International Holdings និង​ក្រុមហ៊ុន Total Energies Marketing (Cambodia)​ បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួមមួយ​មាន​ឈ្មោះថា ក្រុមហ៊ុន Phnom Penh Aviation Fuel Service Co ដើម្បី​ដំណើរការ​អាជីវក​ម្មចាក់​ប្រេង​​យន្តហោះ​នៅ​ព្រលានយន្តហោះ​​អន្តរជាតិ​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង​ ៣ ​ត្រូវ​បានផ្តល់​មូលនិធិ​ស្មើៗ​គ្នា​នៅក្នុង​គម្រោង​នេះ​ដោយ​ក្រុមហ៊ុន​នីមួយៗ​កាន់កាប់​ភាគ​​ហ៊ុន ៣៣,៣៣​ ភាគរយ​។​

​ក្រុមហ៊ុន Phnom Penh Aviation Fuel Service បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​កាលពី​ខែកក្កដា ឆ្នាំមុន​ជាមួយ​ក្រុមហ៊ុន Cambodia Airport Investment Co ដែល​ទទួលបាន​សម្បទា​ន​ក្នុងការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ ​(TIA)​។ លោក Disathat បានឱ្យដឹងថា ការ​សាង​​សង់​ដេប៉ូ​ចាក់​ប្រេង​យន្តហោះ​បានបញ្ចប់ ៨០ ​ភាគរយ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំក្រោយ​។​

​លោក Disathat ត្រូវបាន​គេ​ដកស្រង់​សម្ដី​ថា​៖«​កម្ពុជា​អាច​បម្រើ​ជាទី​ផ្សារ​ថ្មី​សម្រាប់​ផលិត​ផល​ប្រេង​ក្រុមហ៊ុន​ PTT​។ ក្រុម​​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ឈ្មោះ Thai Oil Plc មាន​គោលបំណង​ពង្រីក​សមត្ថភាព​នៃ​រោងចក្រ​ចម្រាញ់​ប្រេង​របស់ខ្លួន​ពី ៦០ ​ភាគរយ​ដល់ ៤៥០ ០០០​ បារ៉ែល​ ក្នុង​ ១ ​ថ្ងៃ ពោល គឺ​កើន​ពី ២៨០ ០០០ បារ៉ែល ​ក្នុង​ ១ ថ្ងៃ​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ១៧ ខែ​​សីហា​ថា លោក​ពុំ​ទទួលបាន​ព័ត៌មាន​នេះ​ទេ ដោយសារ​វា​ជា​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​។​

​លោក​ថ្លែងថា​៖ «​យើង​មិន​ជាប់ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នេះ​ទេ ព្រោះ​វា​ជា​រឿង​អាជីវកម្ម និង​អាជីវកម្ម​។ ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់ថា​ជាមួយ​ព្រលាន​យន្ត​ហោះ​ថ្មី​នេះដែរ ភាគី​ចិន​ក៏មាន​ក្រុមហ៊ុន​ប្រេងសាំង​ផ្ទាល់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ប្រេង​យន្តហោះ​របស់​ពួកគេ​ដែរ ដូច្នេះ​នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ចិន (​ម្ចាស់​ភាគហ៊ុន​ព្រលានយន្តហោះ​) ជាមួយ​ក្រុមហ៊ុន​ប្រេងសាំង​ផ្សេងទៀត​ក្នុងនាម​អាជ្ញាធរ យើង​មិន​ចូល​ពាក់ព័ន្ធ​ទេ​»៕