ភ្នំពេញៈ កសិករ​ប្រកប​របរចិញ្ចឹមគោ​នៅតាម​ផ្ទះ​ភាគច្រើន បាន​ត្អូញត្អែរ​ពី​បញ្ហា​គោ​ចុះថ្លៃ និង​មិនសូវមាន​ឈ្មួញ​ដើរ​ទិញ​នោះទេ នៅក្នុង​រយៈពេល​ជាង​ ១​​ ខែ​ចុង​ក្រោយនេះ ខណៈដែល​ខាង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់ថា ករណីនេះ អាច​ដោយសារតែ​ករណី​លួច​នាំចូល​សាច់​ពី​ប្រទេសជិតខាង​មាន​ច្រើន​។​

​លោក អែម ផល្លា កសិករ និង​ជា​អ្នក​ប្រក​បរបរ​ចិញ្ចឹមគោ​លក់ នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែសីហា ថា នា​រយៈពេល​ជាង​១​ខែ​ចុង​ក្រោយនេះ ពោល​តាំងពី​មុនពេល​បោះឆ្នោត​ម​ក រហូតដល់​បច្ចុប្បន្ន តម្លៃ​គោរស់​ចុះថ្លៃ​ច្រើន បើ​ធៀប​នឹង​កាលពីដើមឆ្នាំ ដោយ​គោ​ធំ ដែល​កាលពីមុន​មានតម្លៃ​១​ក្បាល​ចន្លោះ​ពី​២​លាន​៥​សែន​រៀល ទៅ​៣​លាន​រៀល បាន​ចុះមក​នៅត្រឹម​២​លាន​រៀល ឬ​ទាប​ជាង​នេះ​។​

​លោក​បាន​បន្ថែមថា មិន​ត្រឹមតែ​តម្លៃ​ទាប​ជាង​មុន​ទេ សូម្បីតែ​ឈ្មួញ​ដើរ​ទិញ​គោ ក៏​មិនសូវមាន​ដែរ ហើយ​បញ្ហា​នេះ អ្នក​ប្រកប​របរចិញ្ចឹមគោ​នៅ​ស្រុក​ព្រៃឈរ ជួប​បញ្ហា​នេះ​ដូចគ្នា​។​

​លោក អែម ផល្លា បាន​ថ្លែងថា ៖ «​យើង​ខំ​ដឹក​(​ចិញ្ចឹម​)​រាប់​ខែ ដល់ពេល​លក់ ស្ទើរ​មិន​រួចខ្លួន​ផង ព្រោះ​ពេល​ទិញ​មក​គោមួយ​តម្លៃ​២​លាន​រៀល ពេល​លក់​វិញ បាន​២​លាន​១​សែន​រៀល​អីហ្នឹង ហើយ​ខំ​ដឹក​យូរហើយ​ខំ​ថែទាំ ថ្នាំ​បង្ការ ច្រូតស្មៅ អស់​មិនតិច​ទេ​។​ខ្ញុំ​មិនដឹងថា យ៉ាងម៉េច​បានជា​គោ​ចុះថ្លៃ​ម្លេ៉ះ អាច​ប្រហែល​មកពី​វៀតណាម​ផ្អាក​ទិញ​ហើយ​មើលទៅ​»​។​

​ទោះជា​យ៉ាងណាក៏ដោយ​កសិករ អែម ផល្លា យល់ថា ស្ថានភាព​នៃ​ការទិញ​លក់​គោ អាច​នឹង​វិលត្រឡប់​មករក​ប្រក្រតី​វិញ ព្រោះ​បញ្ហា​នេះ តែងតែ​កើតមានឡើង​ជាធម្មតា ដោយសារតែ​ទីផ្សារ​គោរស់ ពឹង​លើ​ប្រទេស​ជិតខាង ខណៈ​ក្នុងស្រុក​មិនសូវមាន​ទេ​។​

​ចំពោះ​បញ្ហា​នេះដែរ លោក កេ​ត ណា​រ៉ែ​ន អ្នក​បង្កាត់​គោ​សិប្បនិម្មិត​ប្រចាំខេត្ត​តាកែវ បាន​ទទួលស្គាល់ថា តម្លៃ​គោរស់​ពិតជា​ចុះថោក​មែន ដែល​បញ្ហា​នេះ ទាមទារ​ឱ្យមាន​ការជួយជ្រោមជ្រែង​ពី​ក្រសួងកសិកម្ម ដើម្បី​ជួយ​រក​ទីផ្សារ​ដល់ក​សិរ​ក ដែលជា​អ្នក​ចិញ្ចឹម​។​

​លោក​ថ្លែងថា​៖«​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ប្រកប​របរ​បង្កាត់​ពូជ​គោ ខ្ញុំ​តែងតែ​ចង់ឱ្យ​គោរស់​មាន​ទីផ្សារ ដើម្បីឱ្យ​កសិករ​យើង​មក​បង្កាត់​ពូជ​គោ​ល្អៗ​បាន​កាន់តែ​ច្រើនតែ​តម្លៃ​គោ​ថោក​នេះ វា​អាស្រ័យ​លើ​សេដ្ឋកិច្ច​យើង​ដែរ បើសិនជា​បញ្ហា​នេះ​នៅតែ​កើតមានឡើង​បន្តទៀត ខ្ញុំ​គិតថា កសិករ​នឹង​បោះបង់​របរចិញ្ចឹមគោ​ទុក​លក់​នេះ​ច្រើន​»​។​

​ទោះជា​យ៉ាង​ណាក​ដ៏​ដោយ លោក​កេ​ត ណា​រ៉ែ​ន យល់ឃើញថា លោក​កំពុង​រង់ចាំ​មើល​ការរៀបចំ​រាជរដ្ឋាភិបាល​ថ្មី ថា​តើ​មាន​គោលនយោបាយ​អ្វីខ្លះ​សម្រាប់​ជួយ​ដល់​កសិករ និង​អ្នក​ប្រកប​របរ​ចិញ្ចឹមសត្វ​គោ​។​

​នៅក្នុង​ករណី​តម្លៃ​គោរស់​ក្នុងស្រុក​ចុះថោក​នេះ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុន ពៅ យល់ឃើញថា អាច​កើតឡើង​ដោយសារតែការ​លួច​នាំចូល​សាច់​បង្កក​គ្រប់​ប្រភេទ​ពី​ប្រទេសជិតខាង​មកកាន់​កម្ពុជា ដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ សាច់​ទា គ្រឿងក្នុង​សត្វ​ជាដើម​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖«​តាមពិតទៅ អ្នក​ប្រកប​របរចិញ្ចឹមគោ​នៅក្នុង​ស្រុក​យើង មិនជា​ច្រើន​ណាស់ណា​ទេ បើ​ធៀប​នឹង​អ្នក​ចិញ្ចឹម​ជ្រូក និង​មាន់​។ តែបើ​តាម​ខ្ញុំ​ដឹង តម្លៃ​គោរស់​មានការ​ចុះ​បែបនេះ អាច​ដោយសារតែ​ការ​លួច​នាំចូល​សាច់​បង្កក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះហើយ​។​ជាធម្មតា​សាច់​បង្កក​នេះ​មាន​តម្លៃថោក​ណាស់ នៅ​ប្រទេស​គេ គេ​មិន​ហូប​ទេ ទើប​ឈ្មួញ​ខិលខូច​លួច​នាំ​ចូលមក​លក់​នៅក្នុង​ស្រុក​យើង ដែល​វា​បានធ្វើឱ្យ​ប៉​ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ​របស់​កសិករ​យើង​»​។​

​ជាមួយគ្នានេះដែរ លោក ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន ចំពោះ​ការ​លួច​នាំចូល​សាច់​បង្កក​គ្រប់​ប្រភេទ​មក​កម្ពុជា ព្រោះថា​វា​មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន នៅពេលដែល​បរិភោគ​សាច់​ខូចគុណភាព​ទាំងអស់នោះ​ផងដែរ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ ២០២២ អនុវិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅតែ​បន្ត​ធានាបាន​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ សម្រាប់ បំពេញតម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​។ ក្នុងនោះ ផលិតកម្ម​សត្វ​សរុប​សម្រេចបានជាង ៦៥លាន​ក្បាល កើនឡើង ៨,៨​ភាគរយ ធៀប​ឆ្នាំ​២០២១ ក្នុងនោះ ការចិញ្ចឹម​លក្ខណៈ​ពាណិជ្ជ​កម្មបាន​កើនឡើង​ដល់ ៤១​ភាគរយ ស្មើនឹង​ជាង២៦លាន​ក្បាល​៕