​សៀមរាបៈ​​ ប្រតិ​បត្តិ​ករ​បម្រើ​វិស័យ​ទេសច​រណ៍​ក្នុង​ខេត្ត​សៀម​រាប​ប្រមាណ ១០០ ​នាក់​ បាន​ជួប​ជុំ​ពិភាក្សា​គ្នា​ដើម្បី​រិះរក​វិ​ធីសាស្ដ្រ​ធ្វើ​យ៉ាង​ណា​ឱ្យ​ភ្ញៀវ​ទេស​ចរ​អន្ដរជា​តិ​មក​ទស្សនា​ខេត្ដ​សៀម​រាប​ឱ្យ​កាន់តែ​ច្រើន​ ខណៈ​​ព្រលាន​យន្ដ​ហោះ​ខេត្ដ​នេះ​ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ​។

​ពិធី​ជួបជុំ​ពិភាក្សា​គ្នា​នេះ​ធ្វើ​ឡើង​ក្នុង​ក្រុង​សៀម​រាបកាលពី​​ថ្ងៃទី​១៩​ ខែ​សីហា ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀ​ម​រាប,មន្ត្រី​ភាគ​ពាក់​ព័ន្ធនិង​រួមទាំង​ប្រតិបត្តិ​ករ​បម្រើ​វិស័យ​ទេស​ចរណ៍​ក្នុង​ខេត្ត​សៀម​រាប​ជាច្រើន​នាក់​។​

​រដ្ឋ​បាល​ខេត្ត​សៀម​រាប ​បាន​ឱ្យដឹង​ថា លោក ​សែត កៅ ហ្វី​លី​ព ប្រធាន​សមា​គម​ក្លិប​ទេស​ចរណ៍​សៀម​រាប​បាន​លើក​ឡើង​ថា​ វិបត្តិ​ជំងឺ​កូ​វីដ​១៩​ បានធ្វើ​ឱ្យ​វិស័យ​ទេសច​រណ៍​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ។ ​រហូត​មក​ដល់​ពេល​នេះ​ ចំនួន​អ្នក​ទេសចរ​បរ​ទេស​ម​ក​កម្សាន្ត​នៅ​ខេត្ត​សៀមរា​ប​មានកា​រ​ធ្លាក់ចុះ​​ដែល​អាចធ្វើឱ្យ​​វិស័យ​មួយ​នេះ​មិនទាន់​មាន​ភាព​ប្រសើរ​​នៅឡើយ​ទេ​ ខណៈ​ដែល​ប្រទេសជិ​តខាង​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​ច្រើនជា​ង​ប្រទេស​កម្ពុជា​។

​លោក​បន្ដ​ថា បច្ចុប្ប​ន្ន​នេះ អា​ជីវក​ម្ម​វិស័យ​ទេសចរ​ណ៍ ដូច​ជា ​សណ្ឋាគា​រ ក៏​មិនទាន់​បើក​ដំណើរកា​រ១០០​ភាគ​រយ​នៅឡើយ​​ទេ ពោល​គឺបាន​ប្រមាណ​៦០​ទៅ​៧០​ភាគ​រយ​ប៉ុណ្ណោះ​។​

​លោក សែត​ កៅ​ ហ្វី​លី​ព បានបញ្ជាក់ថា​​៖«​ដូច្នេះ​សមា​គម​បង្កើត​ការជួប​ជុំគ្នា​នៅ​ពេល​នេះដើម្បី​ចែក​រំលែក​អំពី​គ្នា​ទៅ​វិញ​ទៅមក ដើ​ម្បី​ស្វែងរក​គន្លឹះ​នៅ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវទេ​សចរ​ឱ្យមក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​បាន​ច្រើន​»​។

​លោក​បាន​បន្ថែម​ថា ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​នៅ​អាស៊ី​មិន​ទាន់​ឃើញ​វត្ដ​មាន​ច្រើន​ ចូល​មក​ទស្សនា​នៅ​ខេត្ដ​សៀម​រាប ប៉ុន្ដែ​នៅ​ពេល​ព្រលាន​យន្ដហោះ​​អន្ដរ​ជាតិ​សៀមរាប​អង្គរបើក​ដំណើរ​ហើយ​នោះ ​នឹង​អាច​មាន​ភ្ញៀវទេស​ចរ​មក​​ទស្សនា​​ខេត្ដ​សៀម​រាប​បាន​ច្រើន ព្រោះ​ការហោះ​ហើរ​មាន​ភាព​ធំ​ទូលាយ​។

​ជា​មួយ​គ្នានេះ​​លោក ​យុន លីន​ណេ អភិ​បាល​រង​ខេត្ត​សៀមរាប​បាន​ថ្លែងដែរ​ថា ​បច្ចុប្ប​ន្ននេះ​ភ្ញៀវទេ​សចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​ខេត្ត​សៀម​រាប​នៅ​មាន​ចំនួន​តិច និង​មាន​រយៈ​ពេល​ខ្លី​ទៀត​ផង​។​

​លោក​បាន​បន្ត​ថា ៖ «​ដូច្នេះ​ទាំង​វិស័យ​ឯកជ​ន និង​រដ្ឋ​បាលខេ​ត្ត​ត្រូវ​លើក​បញ្ហា​ទាំង​ឡាយ​មក​ដាក់​នៅលើ​តុ ​ដើម្បី​ជជែក​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ ដែ​ល​ក្នុងនោះ​សមាគ​ម​ក្លិប​ទេស​ចរណ៍​សៀមរាប​បាន​ដើរតួនាទី​​យ៉ាង​សំ​ខាន់ ​ក្នុងការ​សហការ​ជាមួយ​ស្ថា​ប័ន​ផ្សេងៗ​ ក្នុងការ​បង្កើត​ប​រិយាកាស​ល្អប្រសើ​រ​រវាង​ផ្នែក​រដ្ឋ និង​ឯកជ​ន​ដើម្បី​ជួយ​ជំរុញ​ទេស​ចរណ៍​ក្នុង​ស្រុក​និង​ភ្ញៀវទេស​ចរ​ជាតិ​-​អន្តរ​ជាតិ ​មកលេ​ង​កម្សាន្ត​ឱ្យ​បាន​ច្រើន​»​។

​ជុំវិ​ញ​រឿង​នេះ លោ​ក ម៉ម រិទ្ធី ប្រធាន​សហ​ព័ន្ធ​សហ​ជីព​វិស័យ​ទេសច​រណ៍​ និង​សេវាកម្ម​កម្ពុជា​បាន​ប្រាប់​នៅ​ថ្ងៃទី​២០ ខែសី​ហា​​ថា លោក​ចង់​ឱ្យ​ភាគី​ពាក់​ព័ន្ធ ​រួមគ្នា​ដើម្បី​បង្កើត​វិធី​សាស្ត្រ​ថ្មី​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​អន្ត​រជាតិ ដូចជា​របៀប​នៃ​ការ​ធ្វើឱ្យ​មាន​កំណើន​ទេសច​រ របៀប​នៃ​ការមិន​ពេញ​ចិត្ត​របស់​ភ្ញៀវទេ​សចរ​និង​របៀប​នៃ​ការ​ប្រ​កួត​ប្រជែង​វិស័យ​ទេសច​រណ៍​ជាមួយ​ប្រទេសជិ​តខាង​ ខ​ណៈ​​វិធីសាស្ត្រ​ចាស់ៗ​កន្លងម​កគឺ​អនុវត្ត​ជិត៣០​​ឆ្នាំ​មក​ហើយ​​។

​លោក​បាន​បន្តថា​ ហេតុនេះ​ហើយ​ ភាគី​ពាក់​ព័ន្ធ​ប្រាក​ដ​ជា​ដឹង​ថា ​ត្រូវធ្វើ​កិច្ចការ​អ្វីខ្លះ​ដើម្បី​អភិវ​ឌ្ឍ​វិធី​សាស្ត្រ​ចាស់ៗ​ទាំ​ងនោះស្របតា​ម​សម័យ​កាល ​ពីព្រោះ​ប្រទេស​ជិត​ខាងពួក​គាត់​មានកា​រ​អភិវឌ្ឍ​វិស័យ​ទេសច​រណ៍​​របស់ខ្លួ​ន​​តា​ម​​សម័​យ​កាល​នេះហើ​យ ទើប​ប្រទេស​គេ​មាន​ភ្ញៀវទេស​ចរ​ចូល​មក​ទ​ស្សនា​​កម្សាន្ត​ជាប្រចាំ​។​

​លោក ​ម៉ម រិទ្ធី ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ​ការ​ប្រជុំ​ពិភាក្សា​លើ​វិស័យ​ទេសច​រណ៍​នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង​ច្រើនណាស់​ ប្រជុំ​ទាំ​ង​ថ្នាក់​រដ្ឋ​មន្ត្រី ថ្នាក់ក្រោម​ជាតិ​អី​ច្រើន​ណាស់ ប៉ុន្តែ​វិស័យ​ទេសចរ​ណ៍​នៅតែមា​ន​បញ្ហា ​នៅតែមាន

​កំ​ណើន​តិច ហើយ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​។ អ៊ី​ចឹង​ខ្ញុំ​ចង់​ឱ្យមាន​ការ​កែប្រែ និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ចាស់ៗ​ទាំងនោះ​​ឡើង​​»​។​

​វិស័យ​ទេ​សចរ​ណ៍​ខេត្ត​សៀ​ម​រាបតទៅ​មុខ គឺ​ពឹង​ផ្អែ​កទៅលើ​​ភាគី​ពាក់ព័ន្ធ​​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​​ថ្មីៗ​​ក្នុងស្រុ​ក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​មក​ទស្សនា​ ដោយ​មិន​គួរ​ពឹង​ផ្អែក​ទាំងស្រុ​ង​ទៅលើ​តែ​ព្រលានយ​ន្តហោះ​ថ្មី​នោះទេ​ ​ដែល​អាច​នាំ​ភ្ញៀវ​ទេសចរ​អន្ត​រជាតិ​ចូល​ទស្សនា​ខេត្ត​នេះ​បាន​៕