ភ្នំពេញៈ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ បើទោះបី​ជាមាន​បញ្ហា​ប្រ​ឈម​បណ្តាលមកពី​ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ ការកើនឡើង​នៃ​អតិផរណា និង​ការ​រឹត​​បន្តឹង​ខាង​ហិរញ្ញវត្ថុ​ក៏ដោយ​។​

​ការបញ្ជាក់​ជាថ្មី​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៥ នៅ​ទីក្រុង Semarang ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​ ១៩-២០ ខែសីហា ដែល​ដឹកនាំ​ដោយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក្រោម​ប្រធានបទ ​«​បញ្ហា​អាស៊ាន​៖​ចំណុចកណ្តាល​នៃ​កំណើន​»​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​កិច្ច​ប្រជុំបាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​អាស៊ាន​ក្នុងការ​លើកកម្ពស់​សមា​ហ​រណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ទោះបី​មាន​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ដែល​បណ្តាលមកពី​ការអូសបន្លាយ​នៃ​ការ​​រំខាន​នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់ រួម​ជាមួយនឹង​អតិផរណា​កើន​ឡើង និង​ការ​រឹតបន្តឹង​ហិរញ្ញវត្ថុ​ក៏ដោយ​»​។​

​រដ្ឋមន្ត្រី​ទាំងអស់​បានទទួល​ស្គាល់​ពី​កំណើន​ដ៏​រឹងមាំ​នៃ​សេដ្ឋ​កិច្ច​អាស៊ាន​ដែល​បាន​កើនឡើង​ ៥,៧ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២​ ដោយសារ​ការប្រើប្រាស់​ខ្លាំង ការវិនិយោគ និង​ពាណិជ្ជកម្ម​។ ជាមួយនឹង​ទស្សនវិស័យ​វិជ្ជមាន​លើ​ការស្តារ​ឡើងវិញ​នៃ​វិស័យ​សេវាកម្ម រដ្ឋមន្ត្រី​ទាំងអស់​បានបង្ហាញ​សុទិដ្ឋិនិយម​ពី​អត្រា​កំ​ណើ​ន​ដែល​បាន​ព្យាករ ​៤,៦ ​ភាគ​​រយ​ក្នុង​ឆ្នាំ​ ២០២៣ និង​ ៤,៩​ ភាគរយ​ក្នុង​ឆ្នាំ ​២០២៤ ដោយ​ផ្អែកលើ​ការ​ព្យាករ​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB)​។​

​កិច្ចប្រជុំ​នេះ​បានទទួល​ស្គាល់​ភាព​ធន់​របស់​អាស៊ាន​ក្នុង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ដោយ​យោងតាម​ស្ថិតិ​អាស៊ាន ពាណិជ្ជ​កម្ម​ទំនិញ​សរុប​បាន​កត់ត្រា​ពី​អត្រាកំណើន​ដ៏​រឹងមាំ​ ១៤,៩ ភាគរយ ដែល​ឈានដល់​តម្លៃ​សរុប​ ៣ ៨៤៧​ ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារ​ការពង្រីក​ពាណិជ្ជកម្ម​ប្រេង និង​ផលិតផល​អេឡិចត្រូនិក​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ២១,៣ ភាគ​រយ​ក្នុង​ឆ្នាំ​ ២០២២ ធៀប​នឹង​ឆ្នាំ​ ២០២១ ​ដែល​ស្មើនឹង ២២,៣​ ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន​។ ទន្ទឹមនឹងនេះ លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរ​ទេស ​(FDI)​ ចូលក្នុង​តំបន់​អា​ស៊ាន​បាន​កើនឡើង​ដល់​ ២២៤,២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២ ដែល​ឆ្លុះបញ្ចាំង​ពី​អត្រាកំណើន​ ៥,៥​ ភាគរយ​ដែល​គាំទ្រ​ដោយ​ការវិនិយោគ​ក្នុង​វិស័យ​សេវា​កម្ម​។ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន​ ១២,៣ ភាគរយ​នៃ​លំហូរ FDI សរុប​របស់​អាស៊ាន​។​

​អង្គប្រជុំ​នេះ​បានបង្ហាញ​សេចក្តី​រីករាយ​ក្នុងការ​សង្កេតមើល​ការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេស​ចរណ៍ បន្ទាប់ពី​ការកើនឡើង​ជា​លំដាប់​នៃ​ភ្ញៀវទេសចរ​ក្នុង​ឆមាស​ទី​២ ​នៃ​ឆ្នាំ​ ២០២២​។ កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ចំនួន​ភ្ញៀវទេសចរ​សរុប​ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ៤៣,២ ​លាន​នាក់ ដែល​បង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​ពី ​២,៩​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២១​។​

​កិច្ចប្រជុំ​បានកត់សម្គាល់​បន្ថែមទៀតថា ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន​បានរួម​ចំណែក​ដល់​ទៅ ​៤៩,៧ ​ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​ក្នុង​ឆ្នាំ​ ២០២២​ធៀប​នឹង​ ៣៣,២​ ភាគរយ​ពី​ឆ្នាំ​ ២០២១​។ កិច្ច​ប្រជុំបាន​រំពឹង​ពី​ការ​ងើបឡើង​វិញ​នៃ​ភ្ញៀវទេសចរ​ពី​ប្រទេសមួយ​ចំនួន​ដូចជា ចិន ឥណ្ឌា អាមេរិក និង​សហភាព​អឺរ៉ុប​។ គេ​រំពឹងថា ការកើនឡើង​បែបនេះ​នឹង​បង្កើត​ផល​វិជ្ជមាន​បន្ថែមទៀត​លើ​វិស័យ​សេវាកម្ម និង​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​នេះ​។​

​កិច្ចប្រជុំ​បានកត់សម្គាល់​ថា ទោះបីជា​អតិផរណា​ពិភពលោក​បាន​ធ្លាក់ចុះ​ក៏ដោយ ក៏​តម្លៃ​អាហារ និង​ថាមពល​នៅតែ​ផុយស្រួយ ដោយសារ​ភាព​ងាយ​រងគ្រោះ​ដែល​បណ្តាលមកពី​ការអូសបន្លាយ​ជម្លោះ​នៅ​អឺរ៉ុប​ខាងកើត​។ កិច្ចប្រជុំ​ក៏បាន​ទទួលស្គាល់ថា សក្តា​​នុព​ល​នៃ​ការបន្ត​រយៈពេល​រឹត​បន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរំពឹងទុក​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក​។ យ៉ាង​ណាក៏ដោយ វិស័យ​ធនាគារ​ក្នុង​តំបន់​នេះ​នៅតែមាន​ស្ថិរភាព​។​

​សេចក្តីថ្លែងការណ៍​រួម​បន្តថា​៖ «​កិច្ច​ប្រជុំបាន​សង្កត់ធ្ងន់​ថា​ភាព​តានតឹង​ភូមិសាស្ត្រ​ន​យោ​បាយ​អាច​រំខាន​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់ ព្រមទាំង​រារាំង​ដល់​ការទទួលបាន​ប្រសិទ្ធ​ភាព​ដែល​ទទួលបាន​ពី​សកលភាវូបនីយកម្ម​។ កិច្ចប្រជុំ​បានទទួល​ស្គាល់​ថា ភាព​តានតឹង​ទាំងនេះ​អាច​នាំឱ្យ​មានការ​បែក​បាក់​ផ្នែក​សេដ្ឋកិច្ច និង​ការ​កើន​ឡើង​នូវ​ភាពមិនប្រាកដប្រជា​នៃ​គោលនយោបាយ ហើយ​ទីបំផុត​ធ្វើឱ្យ​ថយចុះ​ទំនុកចិត្ត​ទីផ្សារ កាត់បន្ថយ​ការវិនិយោគ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរំពឹងទុក​កំណើន​រយៈពេល​វែង​នៅក្នុង​តំបន់​នេះ​។​

​កិច្ចប្រជុំ​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ភាព​ធន់ ការ​​ធ្វើឱ្យ​ស៊ីជម្រៅ​សមាហរណកម្ម​នៅក្នុង​តំបន់ និង​ការតស៊ូ​មតិ​សម្រាប់​ពហុភាគី​និយម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​នាពេល​អនាគត​នៃ​តំបន់​នេះ ចំពេល​មាន​ភាពមិនប្រាកដប្រជា​ជាស​កល​។ កិច្ច​ប្រជុំ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ខណៈពេលដែល​សេដ្ឋកិច្ច​អាស៊ាន​បានបង្ហាញ​ពី​ភាព​ធន់​នៅ​ចំពេល​ទិដ្ឋភាព​សេដ្ឋកិច្ចពិភពលោក អ្នកធ្វើ​គោ​លន​យោ​បាយ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​

​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​បំផ្លាញ​ស្ថិរភាព និង​រារាំង​កំណើន​នាពេល​អនាគត​។​

​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នេះ លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​សេដ្ឋ​កិច្ច​របស់​អាស៊ាន និង​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​សកម្មភាព​រួម​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ដើម្បី​ជំរុញ​ការស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច ពង្រឹងសមត្ថភាព​ក្នុង​តំបន់​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ឌីជីថល​ដែល​កំពុងដំណើរការ និង​ព​ន្លឿ​ន​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អាស៊ាន​៕