​ភ្នំពេញៈ ក្រុមហ៊ុននាំចេញ​អង្ករ​និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​បានលើកឡើង​ថា​ តម្លៃ​អង្ក​រស​នៅលើ​ទីផ្សារ​ពិភពលោក​កំពុង​ហក់​ឡើង​ខ្ពស់​បន្ទាប់ពី​ប្រទេស​ឥណ្ឌា​ បាន​ផ្អាក​ធ្វើការ​នាំចេញ​ប្រភេទ​អង្ករ​នេះ​ ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​របស់ខ្លួន​ដោយសារតែ​ទិន្នផល​ស្រូវ​ក្នុងស្រុក​ធ្លាក់ចុះ​បង្កដោយ​បម្រែបម្រួល​អាកាសធាតុ​។​

​កាលពី​ថ្ងៃទី ​២០ ខែកក្កដា រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសថា ខ្លួន​នឹង​បញ្ឈប់​ការនាំចេញ​អង្ក​រស ​(​មិនមែន​បា​ស្ទី )​ដើម្បី​ជួយ​បញ្ចុះតម្លៃ​អង្ករ និង​សន្តិសុខ​ស្បៀង​ក្នុងស្រុក​។​

​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចាប់​តាំងពី​ប្រទេស​ឥណ្ឌា​ប្រកាស​ពី​ការផ្អាក​នាំ​អង្ករ​ប្រភេទ​អង្ក​រស​ទៅកាន់​ទីផ្សារ​ពិភពលោក ធ្វើឱ្យ​ប្រទេស​នានា​ដែល​ធ្លាប់តែ​នាំចូល​អង្ករ​ប្រភេទ​នេះ​ពី​ប្រទេស​ឥណ្ឌា​បាន​ងាក​ទៅ​ទិញ​ពី​ប្រទេស​នានា​រួមទាំង​កម្ពុជា​ផងដែរ​នោះ ធ្វើឱ្យ​តម្លៃ​អង្ក​រស​ហក់​ឡើង​ខ្លាំង​ប្រ​មាណ​ជាជាង ​៣០ ​ភាគរយ​។

​លោក​បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ​បានធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​ទិន្នផល​ស្រូវ ជាហេតុ​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា​គិតគូរ​អំពី​បញ្ហា​ផ្គត់ផ្គង់​ក្នុងស្រុក​ជាជាង​នាំចេញ ខណៈ​បណ្តា​ប្រទេស​នានា​សម្រុក​ទិញ​ស្តុក​ទុក​ដើម្បី​សុវត្ថិភាព​ស្បៀង​របស់​ពួកគេ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា ​ប្រទេស​ឥណ្ឌា​ ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំជាងគេ​មួយ នៅពេលដែល​ប្រទេស​នេះ​បានប្រកាស​ផ្អាក​នាំ​អង្ក​រស​នេះ ធ្វើឱ្យ​តម្លៃ​ហក់​ឡើង​យ៉ាងខ្ពស់​ដែល​តម្លៃ​ក្នុង ​១​ តោន​ សឹងតែ​មានតម្លៃ​ដូច​អង្ករ​ក្រអូប​របស់​យើង​ទៅហើយ ដែលមាន​តម្លៃ​ជាង​ ៧០០​ ដុល្លារ​ ក្នុង ​១ ​តោន​។ ជាការ​ពិតណាស់​វា​ផ្តល់ឱកាស​ដល់​ប្រទេស​យើង​អាចធ្វើ​ការនាំចេញ​បាន​កាន់តែច្រើន ខណៈដែល​វា​ក៏បាន​ផ្តល់នូវ​តម្លៃ​ដ៏​ល្អ​សម្រាប់​ប្រជាកសិករ​ផងដែរ​»​។

​លោ​កថា​នៅពេល​បច្ចុប្បន្ននេះ តម្លៃ​ស្រូវ​សម្រាប់​អង្ករ​សបាន​ឡើងថ្លៃ​ចន្លោះ​ពី ៣០ ទៅ​ ៤០​ ភាគរយ​។ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បានលើកឡើង​ស្រដៀង​គ្នា​នេះដែរ​ថា បច្ចុប្បន្ន​ទីផ្សារ​អង្ករ​នៅលើ​ពិភពលោក​ពិសេស​ប្រភេទ​អង្ក​រស ឬ​អង្ករ​ធម្មតា​ដែលជា​ប្រភេទ​អង្ក​របាយ​រឹង និង​បាយ​ទន់ ឃើញថា មាន​តម្រូវការ​ខ្ពស់​។​

​លោក​បានឱ្យដឹងថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​មើលឃើញ​បែបនេះ ដោយសារ​ទី​១ បញ្ហា​ប្រែប្រួល​អាកាសធាតុ ដោយសារ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អូស្ត្រាលី អាមេរិក​ជាដើម ជួប​គ្រោះរាំងស្ងួត​កាលពីដើម​ឆ្នាំនេះ ដែល​ធ្វើឱ្យ​តម្រូវការ​អង្ករ​មានការ​កើនឡើង ជា​ពិសេស​ប្រទេស​ឥណ្ឌា ដោយសារ​បញ្ហា​នេះ បាន​បិទ​ការនាំចេញ​អង្ក​រស និង​អង្ក​របាក់ ដើម្បី​បំពេញតម្រូវការ​ក្នុង ស្រុក​របស់គេ​»​។​

«​ចំណែក​ប្រទេស​ក្នុង​អាស៊ាន​យើង ដែល​រួមមាន ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ជាដើម ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បាន​ជួប​បញ្ហា​កង្វះខាត​ការ ផ្គត់ផ្គង់​អង្ករ​នេះដែរ​ដោយបាន​បញ្ជា​ទិញ​អង្ក​រស​នេះ​ជា​បន្ត​បន្ទាប់ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា ដូចជា​ទិញ​ពី​វៀតណាម និង​កម្ពុជា​ជាដើម​»​។ លោក​ ចាន់ ពេជ្រ បានបញ្ជាក់​បន្ថែម​។​

​លោក​បាន​ថ្លែងថា នៅពេល​ការ​កាត់បន្ថយ​ថ្លៃដើម​ចាប់ផ្តើម​មាន​ភាព​ប្រសើរឡើង ឃើញថា ទីផ្សារ​ហ្វីលីពីន នឹង​អាចជួយ​ជំ​រុញឱ្យ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ច្រើន​រហូតដល់​ខ្ទង់លាន​តោន ដោយសារតែ​ប្រទេស​ហ្វីលីពីន​មាន​តម្រូវការ​ខ្ពស់​មាន​ប្រជាជន​ច្រើន​។​

​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​ ១១ ខែសីហា កន្លងមកនេះ ប្រទេស​ឥណ្ឌូនេស៊ី​ក៏​នឹងធ្វើ​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា​ផងដែរ​ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​ស្បៀង​របស់ខ្លួន​។​

​ផលិតកម្ម​ស្រូវ​-​អង្ករ​កម្ពុជា រកចំណូលបាន​ជាង ៨០០​ លាន​ដុល្លារ​ពី​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆមាសទី​១ ឆ្នាំ ​២០២៣ កើនឡើង​ជាង ៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដោយ​ការនាំចេញ​អង្ករ​មានទឹក​ប្រាក់​ជាង ២៨​ ភាគរយ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) បានឱ្យដឹងថា ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៣២៩ ៦៣៣ ​តោន ដោយ​ទទួលបាន​ប្រាក់ ២២៩,២៣​ លាន​ដុល្លារ និង​បាន​នាំទៅ​កាន់​គោលដៅ​ចំនួន ៥២ លើ​ពិភពលោក ដោយ​ក្រុម​ហ៊ុន​នាំចេញ​បាន​ចំនួន ៥០​។ បរិមាណ​នៃ​ការនាំចេញ​អង្ករ​ក្នុង​ឆមាស​ទី​ ១ គឺ​សម្រេចបាន​ជិត ៥០​ ភាគរយ​នៃ​ផែនការ​នាំចេញ​ចំនួន ៧០ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ ​២០២៣​។​

​ដោយឡែក​សម្រាប់​ការនាំចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង គឺមាន​ចំនួន ២ ២២៤ ៩១៣​ តោន ស្មើនឹង​ទឹកប្រាក់​សរុប ៥៧៨,៦៧​ លាន​ដុល្លារ ដែល​ក្នុងនោះ​ចំនួន ៥៥ ​ភាគរយ បាន​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំ​ចេញពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕