​ភ្នំពេញៈ តម្លៃ​ពោតក្រហម​នៅក្នុង​ខេត្តបាត់ដំបង នា​ពាក់​កណ្តាល​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ ​២០២៣ បាន​កើនឡើង​តិច​​តួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន ខណៈ​កត្តា​អាកាសធាតុ​ធ្វើឱ្យ​គុណភាព​ពោតក្រហម​ក្នុងឆ្នាំនេះ​ធ្លាក់ចុះ​បន្តិច​។ នេះ​បើ​យោងតាម​ម្ចាស់​សៃ​ឡូ និង​អ្នក​នៅក្នុង​ផលិតកម្ម​ពោតក្រហម ខេត្តបាត់ដំបង ដែលជា​ច្រក​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​រៀងរាល់ឆ្នាំ​ការប្រមូល​ផល​ពោតក្រហម ត្រូវធ្វើឡើង​ចំនួន ២​ លើក ដោយ​លើក​ទី​១ ចាប់ពី​ដើមខែ​កក្កដា ដល់​ខែសីហា និង​លើក​ទី​២ ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ នៃ​ឆ្នាំ​បន្ទាប់​។​

​ម្ចាស់​សៃ​ឡូ ​(​កន្លែង​ទិញ​ក​សិ​ផល​)​ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង អ្នកស្រី ចាន់ មួយ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២១ ខែសីហា​ថា ការប្រមូល​ផល​ពោតក្រហម​បានចាប់ផ្តើម​ជាង ១ ​ខែ​មកហើយ ដោយ​តម្លៃ​ដែល​កន្លែង​អ្នកស្រី​ទិញ​ពី​ប្រជា​កសិករ ​(​ថ្ងៃទី ​២១ ខែសីហា​) គឺ​ពោតក្រហម​ជាប់​ស្នូល​មានតម្លៃ​ពី ៥,៦-៥,៧​ បាត ​(៦៥០-៦៦៥ ​រៀល​)​ ក្នុង ១ ​គីឡូក្រាម និង​ពោត​ស្ងួត​តម្លៃ ១០,៥ ​បាត ​(១ ២២៥ ​រៀល​)​។

តម្លៃ​នេះ​គឺ​កើន ០,១​ បាត ​(១១ ​រៀល​)​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ អ្នកស្រី​បន្តទៀតថា បើតាម​ព័ត៌មាន​អ្នកស្រី​ទទួល​បាន គឺ​ផ្ទៃដី​ដាំពោត​ក្នុងឆ្នាំនេះ​អាច​លើសពី​ឆ្នាំមុន​បន្តិច ប៉ុន្តែ​គុណភាព​គ្រាប់ពោត គឺ​ធ្លាក់ចុះ​បន្តិច​ដោយសារ​កត្តា​អាកាស​ធាតុ​។ ទោះយ៉ាងណា​តម្លៃ​ឆ្នាំនេះ​មិន​ក្រោម​ឆ្នាំមុន​ឡើយ​។​

​លោកស្រី ចាន់ មួយ បាន​អះ​អាង​ថា​៖ «​សម្រាប់​តម្លៃ​ពោត​ក្រហម​ក្នុងឆ្នាំនេះ គឺ​កើន​លើស​ឆ្នាំមុន​បន្តិច ប៉ុន្តែ​គុណភាព​អន់​ជាង​ឆ្នាំមុន​តិចតួច​ដែរ​»​។​

​ពោតក្រហម​ដែល​កន្លែង​អ្នក​​ស្រី​ទិញ​ពី​ប្រជាកសិករ​ខ្មែរ គឺ​ត្រូវបាន​នាំ​ចេញទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ​ដើម្បី​កែច្នៃ​ជា​ផលិត​ផល​ចំណីអាហារ និង​មួយចំនួន​ធ្វើជា​ចំណី​សត្វ​។​

​ចំណែក​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ហេង សិទ្ធិ បានឱ្យដឹងថា បើ​គិត​ត្រឹម​ចុង​សប្តាហ៍​ទី​ ៣ (​ថ្ងៃ​ ១៩) ខែ​សី​​ហា ការប្រមូល​ផល​ពោត​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​ប្រ​ហែល ៨០ ភាគរយ​ហើយ​លើ​ផ្ទៃដី​សរុប​ជាង ៧​ ម៉ឺន​ហិកតា​។ លោក​បន្តថា ទិន្នផល​ឆ្នាំនេះ គឺ​កន្លែង​ខ្លះ​កើន​ដល់ ៧​ តោន​ក្នុង ១​ ហិកតា ប៉ុន្តែ​ភាគច្រើន​គឺ​នៅ​ចន្លោះ​ពី​ ៣-៤ ​តោន​ប៉ុណ្ណោះ​។​

​លោក សិទ្ធិ បាន​បញ្ជាក់ថា​៖«​នេះ​គ្រាន់តែ​ជា​ទិន្នន័យបឋម​ប៉ុណ្ណោះ ដោយ​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​ស្រង់​ទិន្នន័យ​ជារួម​អំពី​ស្ថានភាព​ការដាំដុះ និង​ការ​ប្រ​មូល​ផល​»​។​

​ផ្ទៃដី​ដាំពោត​ក្រហម តែង​ប្រែ​​ប្រួល​រៀងរាល់ឆ្នាំ​ទៅតាម​ទីផ្សារ និង​អាកាសធាតុ ដោយនៅ​ឆ្នាំ​ខ្លះ​កសិករ​នាំគ្នា​ដាំពោត​ក្រហម​ច្រើន និង​ឆ្នាំ​ខ្លះទៀត​ពួកគាត់​ងាក​ទៅ​ដាំដំឡូង និង​សណ្តែក ជាដើម​។ ជា​មធ្យម ពោត​ត្រូវការ​ពេល ១២០​ ថ្ងៃ​ពី​ពេល​ដាំ​រហូត​ប្រមូល​ផល​។ នេះ​បើ​យោង​​តាម​លោក ហេង សិទ្ធិ​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត ឱ្យដឹងថា ដោយសារតែ​នៅ​កម្ពុជា​មិនមាន​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត និង​រោងចក្រ​កែច្នៃ​គ្រប់គ្រាន់ គឺ​ប្រមាណ ៨០​ ភាគរយ​នៃ​ទិន្ន​ផល​ពោតក្រហម​ដែល​កសិករ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ជិត​ខាង​ប្រមូលបាន ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​បន្ត​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​ថៃ​។ ពោត​ក្រហម គឺជា​កសិផល​សំខាន់​មួយ​សម្រាប់​ចំណូល​របស់​ប្រ​​ជា​កសិករ​ក្នុង​ខេត្តបាត់ដំបង​។​

​លោក​ប្រាប់ថា​៖ «​តម្លៃ​គ្រាប់​ពោត​ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន និង​ការដឹកជញ្ជូន​ចេញ​-​ចូល​តាម​ព្រំដែន​ក៏​គ្មាន​បញ្ហា​ដែរ​។ ពោត​ក្រហម គឺជា​កសិផល​សំខាន់​បំពេញតម្រូវការ​ប្រើប្រាស់ និង​នាំចេញ​»​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ពោតក្រហម ទៅ​ទីផ្សារ​អន្តរជាតិ​ជាង ១៨ ០៥៣​ តោន ថយចុះ ៧៨,៧៤​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ដោយឡែក​កាលពី​ឆ្នាំ​ ២០២២ ការនាំចេញ​សម្រេចបាន ១៧២ ៨៩០ តោន​៕