ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជ​កម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា ការបោះពុម្ពផ្សាយ​សៀវភៅ​ដែលមាន​ចំណងជើង​«​អា​សិប​៖ ផ្នែក​ទី ​១ ភូមិសាស្ត្រ​នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការវិភាគ​ផ្នែក​ច្បាប់​» នឹង​បម្រើ​ដល់​ផ្នែក​ឯកជន​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​នេះ ហើយក៏​អាចឱ្យ​ផ្នែក​ឯកជន​ទទួលបាន​ប្រភព​នៃ​កំណើន​ថ្មី​ដើម្បី​បង្កើត​ភាពរុងរឿង​សម្រាប់​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ការបោះពុម្ពផ្សាយ​សៀវភៅ​នេះ កាលពី​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២៣ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​។​

​សៀវភៅ​ស្តីពី​ «​អា​សិប​៖​ផ្នែក​ទី១​ ភូមិសាស្ត្រ​នយោបាយ ភូមិ​សាស្ត្រ​សេដ្ឋកិច្ច និង​ការវិភាគ​ផ្នែក​ច្បាប់​» ​នេះ​ត្រូវបាន​និពន្ធ​រួមគ្នា​ដោយ លោក​សាស្ត្រាចារ្យ សុក ស៊ី​​ផាន់​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​លោក​ស្រី សុខ រ៉ូ​ហ្សេ​ត ប្រធាន​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

​លោក សូរ​ស័ក្តិ បាន​លើកឡើងថា សៀវភៅ​នេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ខណៈ​អា​សិប ជា​ប្រធាន​បទ​ដែល​លោក​ស្រឡាញ់​ពេញចិត្ត​យ៉ាងខ្លាំង​នៅក្នុង​អាណត្តិ​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។​

​លោក​ថ្លែងថា​៖«​អា​សិប ត្រូវបាន​គេ​រំពឹងថា នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​, ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​, ទប់​ទល់នឹង​ទំនោរ​នៃ​ការប្រឆាំង​សកលភាវូបនីយកម្ម និង​ការការពារ​និយម ហើយក៏​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន ដែលមាន​ ១៥ ប្រ​ទេស​ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប ២៦,២ ​ទ្រី​លាន​ដុល្លារ​»​។​

​លោក សូរ​ស័ក្តិ បាន​លើកឡើងថា​៖ «​អា​សិប តំណាងឱ្យ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភព​លោក​, ២៨ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង ៣២,៥​ ភាគរយ​នៃ​ការវិនិយោគ​សកល​»​។​

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ពា​ណិ​ជ្ជ​កម្ម ក្នុងអំឡុងពេល​នៃ​ការធ្វើជា​ប្រ​ធាន​អាស៊ាន លើក​ទី​២ ឆ្នាំ​ ២០១២ កម្ពុជា​បាន​តស៊ូ​មតិ និង​ប្រមូលផ្តុំ​កិច្ច​ព្រមព្រៀង​ក្នុងចំណោម​ដៃគូ​ពាណិជ្ជ​កម្ម​អាស៊ាន ដើម្បី​ទទួលបាន​ការ​ឯក​ភាព​គ្នា​ផ្តួចផ្តើម​ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(​អា​សិប​) ក្នុង​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី២១ នៅ​រាជធានី​ភ្នំពេញ និង​នៅពេល​បន្តបន្ទាប់​ទៀត​ដោយបាន​ចំណាយពេល​ជាង ៨​ ឆ្នាំ​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​នេះ​។​

​អា​សិប ​(RCEP) ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​ប្រទេស​សមាជិក ១៥ ក្នុងនោះ ១០​ ប្រទេស​ជា​សមាជិក​អាស៊ាន ចំណែក ៥ ទៀត​រួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ បន្ទាប់ពី​ការចរចា និង​ចុះហត្ថលេខា RCEP បាន​ចូល​ជាធរ​មាននៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២២​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការបោះ​ពុម្ព​ផ្សាយ​សៀវភៅ​នេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ជា​ភាសា​អង់គ្លេស ដែលមាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​៖ «​សូម​អបអរសាទរ​ចំពោះ​ឯកឧត្តម​បណ្ឌិត សុក ស៊ីផាន់ណា និង​លោកស្រី សុខ រ៉ូ​ហ្សេ​ត ដែល​បោះពុម្ព​សៀវភៅ​បង្ហាញ​ពី​ការយល់ដឹង​ផ្តោតលើ​ការវិភាគ​ភូមិ​សាស្ត្រ​នយោបាយ ភូមិសាស្ត្រ​សេដ្ឋ​កិច្ច និង​ច្បាប់​។ វា​ជាការ​រួមចំណែក​គួរឱ្យកត់សម្គាល់​ពី​ការយល់ដឹង​សក្ដា​នុ​ពល​សកលលោក​ដ៏​ស្មុគស្មាញ​នេះ​»​។​

​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង RCEP នេះ លោក​លឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ខែសីហា ថា ដោយសារ RCEP ជា​កិច្ចព្រមព្រៀង​តំបន់ ដូច្នេះ​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ពិសេស​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​​ខាង​ដែល​នាំចេញ​ផលិតផល​កសិកម្ម ដូចជា​វៀតណាម និង​ថៃ​។​

​លោក​និយាយថា​៖ «​កសិកម្ម គឺជា​ទំនិញ​សំខាន់ និង​ចាំបាច់​ដែល​យើង​ទទួលបាន​ភាពអនុគ្រោះ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP ដូចនេះ​ក្រៅពី​ការនាំ​ចេញ​វត្ថុធាតុដើម​កសិកម្ម​ហើយ យើង​ក៏ត្រូវ​ចេះ​កែច្នៃ​វត្ថុធាតុដើម ដែល​យើង​មាន​ផងដែរ​»​។​

​ជាមួយគ្នានេះ លោក គី សេរី​វឌ្ឍន៍​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏​ប្រាប់​ដែរ​ថា RCEP បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​បាន​គ្រប់មុខ​ទំនិញ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន ៥​ ទៀត​។​

​ទោះយ៉ាងណា លោក​យល់ឃើញថា ដើម្បី​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​មាន​កំណើន គឺ​ត្រូវ​ជំរុញ​ផលិតកម្ម ដោយ​ផ្អែកលើ​កត្តា​ចំនួន ៤​។​

​លោក​បាន​បញ្ជាក់ថា​៖«​គួរ​ទប់ស្កាត់​ការរីកដុះដាល​នៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​មនុស្ស​មួយចំនួនធំ​មាន​លុយ​ឈប់​វិនិយោគ​លើ​កសិកម្ម បែរជា​ទៅ​វិនិយោគ​លើ​អចលនទ្រព្យ​, ត្រូវ​បណ្តុះ​បណ្តាល​កម្មករ​ជំនាញ​ឱ្យបាន​ច្រើន​, ត្រូវ​លើកកម្ពស់​ផ្នែក​បច្ចេកទេស និង​ការប្រើប្រាស់​គ្រឿង​គីមី ព្រមទាំង​កាត់​បន្ថយ​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​វិស័យ​ពន្ធដារ ដើម្បី​បង្កើតឱ្យមាន​ភាពស្មើគ្នា​ក្នុងការ​ប្រកួតប្រជែង​»​។​

​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា នៅក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២៣ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ប្រទេស​ដែលជា​សមាជិក​អា​សិប ​(RCEP) សម្រេចបាន ៤ ៥៩០​ លាន​ដុល្លារ កើនឡើង ២១​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២៕