​ភ្នំពេញៈ អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន បាន​សម្តែង​សុទិដ្ឋិនិយម​ថា ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ប្រកបដោយ​តម្លាភាព អ្នកធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នឹង​ទទួលបាន​ឱកាស​ពី​កិច្ចព្រមព្រៀង​នេះ​។​

RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ ១០ និង​ដៃគូ FTA ចំនួន​៥ ​របស់ខ្លួន រួមមាន អូស្ត្រាលី ចិន ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​កៅ គឹមហួន បាន​ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី RCEP លើក​ទី​២ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​២១ ខែសីហា នៅ​ទីក្រុង Semarang ប្រទេស​ឥណ្ឌូនេស៊ី​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី RCEP លើក​ទី​២​នេះ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP និង​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​នៃ​ការបង្កើត​អង្គភាព​គាំទ្រ RCEP​។​

​អាស៊ាន​អូស្ត្រាលី ចិន ជប៉ុន កូរ៉េ និង​នូ​វែ​ល​សែ​ឡង់ បាន​បើក​កិច្ចប្រជុំ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី RCEP លើក​ទី​២ នេះ ក្រោម​អធិបតីភាព លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី និង​លោក​Tim Watts ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អូស្ត្រាលី​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី RCEP លើក​ទី​២​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​បញ្ជាក់ថា​ អង្គ​ប្រជុំបាន​ស្វាគមន៍​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង RCEP សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ និង​ហ្វីលីពីន កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៣​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​អង្គប្រជុំ​បានអនុម័ត​លក្ខន្តិកៈ​នៃ​អង្គភាព​គាំទ្រ RCEP និង​ការរៀបចំ​ការផ្តល់​មូលនិធិ​របស់​អង្គភាព​នេះ​។ អង្គប្រជុំ​បានផ្តល់​ភារកិច្ច​ដល់​មន្ត្រី​ដើម្បី​ធានាថា អង្គភាព​នេះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ឆ្នាំ​២០២៤»​។​

​អង្គប្រជុំ​បានកត់សម្គាល់​ពី​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មាធិកា​រ​រួម RCEP និង​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង RCEP និង​បាន​លើកទឹកចិត្ត​មន្ត្រី​ឱ្យ​បន្តការងារ​ដើម្បី​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ប្រកបដោយ​តម្លាភាព ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​កិច្ចប្រជុំ​នេះ​បាន​កោតសរសើរ​ដល់គ​ណៈ​ក​ម្មា​ធិ​ការ​កំណើន​ប្រកបដោយ​ចីរភាព និង​គណៈកម្មាធិការ​ទំនិញ ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​លើកដំបូង​រៀងៗ​ខ្លួន និង​បាន​ស្នើឱ្យ​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​ផ្សេងទៀត​កោះប្រជុំ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ពិនិត្យមើល​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​អង្គប្រជុំ​បានបញ្ជាក់​សារជាថ្មី​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ក្រោម​កិច្ចព្រមព្រៀង RCEP ដើម្បី​ជួយ​ភាគី​នានា​ក្នុងការ​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​កាន់តែ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង RCEP ​នេះ​។ អង្គប្រជុំ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ វឌ្ឍនភាព​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ការពិភាក្សា​អំពី​នីតិវិធី​នៃ​ការចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង RCEP»​។​

​កិច្ចប្រជុំ​នេះ​បានបញ្ជាក់​ជាថ្មី​ថា RCEP គឺជា​ការ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​បើកចំហ និង​ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​អង្គប្រជុំ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​រួម RCEP បន្ត​កិច្ចពិភាក្សា​របស់ខ្លួន ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ​នីតិវិធី​នៃ​ការចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ទាន់ពេលវេលា​៕