ភ្នំពេញៈ ទឹកប្រាក់​ជិត ១៦៥​ លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​រកបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈ​ពេល ៧​ ខែ​ដើមឆ្នាំ ​២០២៣ កើនឡើង​ជាង ១/៥​ ដង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មាន ៤៤៧​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE បង្ហាញថា ចាប់ពី​ខែមករា​-​ខែកក្កដា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កូរ៉េ​ចំនួន ១៦៤,៧៤ ​លាន​ដុល្លារ កើន ២១,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ដែលមាន ១៣៥,៤៩ ​លាន​ដុល្លារ​។ ជាមួយគ្នានេះ​ប្រ​​ទេស​កូរ៉េ ក៏​នាំ​ទំនិញ​មក​កម្ពុជា​ក្នុង​ទឹកប្រាក់ ២៨២,៣២​លាន​ដុល្លារ​ផងដែរ ធ្លាក់ចុះ ១៩,៨​ ភាគរយ​ពី​ចំនួន ៣៥១,៩៨​ លាន​ដុល្លារ​។ សម្រាប់​ពាណិជ្ជ​កម្ម​ទ្វេភាគី គឺមាន​ចំនួន​សរុប ៤៤៧,០៦ ​លាន​ដុល្លារ ថយចុះ ៨,៣​ ភាគរយ​ពី ៤៨៧,៤៧ ​លាន​ដុល្លារ​។ ប្រទេស​កូរ៉េ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ១២ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ចិន អាមេរិក និង​វៀតណាម​ជាដើម​។​

​អគ្គនាយកដ្ឋាន​គយ បានឱ្យដឹង​ទៀតថា សម្រាប់​រយៈពេល ៧​ ខែ​ដើមឆ្នាំ ​២០២៣ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ១១៧,៥៧​ លាន​ដុល្លារ ខណៈ​រយៈពេល ៧​ ខែ​ឆ្នាំ​ ២០២២ ឱន​ភាព​ជញ្ជីងពាណិជ្ជកម្ម​មាន​ចំ​នួន ២១៦,៥​ លាន​ដុល្លារ​។​

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២២ ខែសីហា​ថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ​(CKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​កម្ពុជា​-​កូរ៉េ​ជា​សមាជិក ព្រមទាំង​ការធ្វើ​ពិពិធ​កម្ម​នៃ​មុខទំនិញ​នាំ​ចេញ​ជា​បន្តបន្ទាប់ បាន​ជួយ​ឱ្យ​ទំនិញ​កម្ពុជា​មានឱកាស​កាន់​​តែ​ច្រើន​ក្នុងការ​បង្ហាញ​វត្ត​មាននៅ​ទីផ្សារ​កូរ៉េ និង​ប្រទេស​ជាច្រើន​ទៀត​។ បច្ចុប្បន្ននេះ​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ និង​កសិកម្ម កម្ពុជា​ក៏មាន​នាំចេញ​គ្រឿង​បង្គុំ​អគ្គិសនី​អេ​ឡិច​ត្រូ​​និក មួយចំនួន​ទៅ​កូរ៉េ​ផងដែរ​។​

​លោក​និយាយថា​៖ «​ការនាំ​ចេញ​កើនឡើង និង​ការ​នាំចូល​ធ្លាក់ចុះ បញ្ជាក់ថា សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​កំពុង​កើនឡើង ដែល​នេះ​គឺជា​សញ្ញា​ល្អ​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​សេដ្ឋ​កិច្ច​ជាតិ​។ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កូរ៉េ​នឹងមាន​សញ្ញា​វិ​ជ្ជ​មាន​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​»​។​

​លោក​បន្ថែមទៀតថា ក្រៅពី​ទំនិញ​នាំចេញ​-​នាំចូល កម្ពុជា​ក៏​ទទួលបាន​ប្រាក់​មួយចំនួន​ពី​ប្រទេស​កូរ៉េ តាមរយៈ​ការ​ទៅ​បម្រើ​ការងារ​របស់​ពល​ករ​ខ្មែរ​មួយចំនួន​នៅ​ទីនោះ​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​ឱ្យដឹងថា បន្ទាប់ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP ចូល​ជា​ធរមាន គេ​សង្កេតឃើញ​ចរន្ត​នៃ​ការដោះដូរ​ទំនិញ​នៃ​ប្រទេស​ទាំង ២​ បាន​បោះជំហាន​ទៅមុខ​កាន់តែ​រលូន ពិសេស​កំណើន​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។ ផលិតផល​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា អាច​នឹងមាន​ឱកាស​កា​ន់​តែ​ច្រើន​នៅលើ​ទីផ្សារ​ប្រទេស​កូរ៉េ ខណៈ​គុណភាព និង​សមត្ថភាព​ការដាំដុះ និង​កែច្នៃ​នៅ​កម្ពុជា​ក៏​កាន់តែ​ល្អប្រសើរ​។ ម្យ៉ាងទៀត​ចំនួន​វិនិយោគិន​កូរ៉េ ដែល​មក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ផលិត និង​កែច្នៃ​សម្រាប់​នាំទៅ​កូរ៉េ និង​ប្រទេស​ដទៃទៀត​ក៏​កំពុង​កើនឡើង​ដែរ​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​មានជំនឿថា ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​កម្ពុជា​-​កូរ៉េ នឹងមាន​សញ្ញា​វិជ្ជមាន​ខ្លាំង​នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​ដែល​កំពុង​កើតមាន​នៅពេលនេះ​បញ្ចប់​ទៅវិញ​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទឹកប្រាក់​នៃ​កា​រវិ​និ​យោគ​ផ្ទាល់​បរទេស​នៅ​កម្ពុ​ជាមាន​ប្រមាណ ៤៥,៨​ ពាន់​លាន​ដុល្លារ កើនឡើង ៩​ ភាគរយ​បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២​។ ប្រទេស​កូរ៉េ​ឈរ​នៅ​លេខ​ ២ ដោយមាន​ទឹកប្រាក់ វិនិយោគ ៥,៥ ​ពាន់​លាន​ដុល្លារ កើន ១០,៤​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២​។​

​ក្នុង​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២ ​លាន​ដុល្លារ កើន ០,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​កូរ៉េ ២៣៣,៦៤ លាន​ដុល្លារ កើន ២០,៤ ​ភាគ​រយ និង​កូរ៉េ​នាំ​ចូលមក​កម្ពុជា ៥៤៥,២៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​៕