ភ្នំពេញៈ កម្ពុជា​បានបង្ហាញ​ពី​ការស្វាគមន៍ និង​មាន​សុ​ទិដ្ឋិ​និយម​ថា ​នឹង​ទទួលបាន​កំណើន​ការវិនិយោគ​ផ្ទាល់ ឬ​ការចូល​ហ៊ុន​ជាមួយ​សហគ្រាស​នៅក្នុង​ស្រុក​ពី​សំណាក់​វិនិយោគិន​ចិន​កាន់តែច្រើន ខណៈ​វិនិយោគិន​មកពី​វិស័យ​ជាច្រើន​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​សក្តា​នុ​ពល​វិនិយោគ​នៅ​កម្ពុជា​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ចិន​នេះ គឺ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ ២០២៣ នា​ជំនួប​រវាង​លោក ជា វុទ្ធី អគ្គ​​លេខាធិការ​រង​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ជាមួយនឹង​លោក Xu Shiwen ប្រធាន​សហព័ន្ធ​សហគ្រាស​ប្រចាំ​ទីក្រុង​ហ្វូ​ចូ​វ នៃ​ខេត្ត​ហ្វូ​ជៀន ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​សហគ្រិន​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​, កម្ម​ន្ត​សាល​, ម៉ាស៊ីនកម្តៅ ម៉ាស៊ីន​ត្រ​ជាក់​, ទេសចរណ៍​, និង​ស​ណ្ឋា​គារ មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​នាពេល​កន្លងមក​។​

​នៅក្នុង​ជំនួប​នោះ លោក ជា វុទ្ធី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ដោយផ្ទាល់​នៅក្នុង​គោលបំណង​សិក្សា​ស្វែង​​យល់​អំពី​បច្ចុប្បន្នភាព​នៃ​ច្បាប់ និង​បទ​​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ព្រមទាំង​កាលានុវត្តភាព និង​បរិយាកាស​វិ​និ​យោគ​នៅ​កម្ពុជា​។

លោក​បន្តថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​លើ​កា​រវិ​និ​យោគ​លើ​វិស័យ​ជាច្រើន ដែល​នេះ​គឺជា​ឱកាស​សម្រាប់​វិនិយោគិន​ក្នុងការ​ដាក់ទុន​វិនិយោគ ​ដើម្បី​ទទួលបាន​ចំណេញ​បន្ថែម​ពីលើ​កិច្ច​សម្រួល និង​ការលើកទឹកចិត្ត​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិនិយោគិន និង​ធុរជន​ដែល​អញ្ជើញ​មក​សិក្សា​នាឱកាស​នេះ​នឹង​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​ការវិនិយោគ​លើ​វិស័យ​ដែល​កម្ពុជា​កំពុងមាន​សក្តា​នុ​ពល តាមរយៈ​រូបភាព​វិនិយោគ​ដោយផ្ទាល់ ឬ​ដោយ​ចូល​ហ៊ុន​ជាមួយ​សហ​គ្រាស​ក្នុងស្រុក ឬ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ផ្នែក​ឯកជន ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ចាប់តាំងពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ចរន្ត​ការនាំចេញ​កសិផល​ទៅ​ប្រទេស​ចិន នឹង​កើនឡើង​ទៀត​នៅពេល​ខាងមុខ​។ លោក​បាន​បន្តថា ចំនួន​គម្រោង​វិនិយោគ និង​ទុនវិនិយោគ​ពី​សំណក់​វិនិយោគិន​នៅ​ប្រទេស​កម្ពុជា​ក៏មាន​ច្រើន​ផងដែរ​នាពេលនេះ​។​

​លោក​ថ្លែងថា​៖ «​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​»​។​

​យោងតាម​លោក លឹម ហេង វិស័យ​សក្តានុពល​ដែល​វិនិយោគិន​ចិន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ភាគច្រើន​គឺ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​, វាយ​ន​ភណ្ឌ​, ឧស្សាហកម្ម​កែច្នៃ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, ធនធាន​រ៉ែ និង​គ្រឿង​បង្គុំ​អគ្គិសនី​អេឡិចត្រូនិក ជាដើម​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ បាន​និយាយថា បើសិន​កម្ពុជា​អាចធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែមទៀត​នោះ វា​នឹង​ក្លាយជា​ចំណែក​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ឱ្យ​បញ្ចេញ​ទុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ នៅពេល​តម្លៃ​អគ្គិសនី​ទាប វា​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​កាន់តែ​ខ្ពស់​។ វិនិយោគិន​ចិន​កំពុង​នាំមុខគេ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។​

​លោក​ប្រាប់ថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការ​ចំ​ណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពល​​កម្ម​។ ពេលណា​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិ​ស​នី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នក​វិ​និ​យោគ​ក្រៅ​ស្រុក​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»៕