​ភ្នំពេញៈ ឧស្សាហកម្ម​ធានា​​រ៉ាប់រង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ដំណើរ​ការល្អ​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ បើទោះបី​ភាពមិន ច្បាស់លាស់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បន្ត​ប៉ះពាល់​ដល់​សកម្មភាព​អាជីវកម្ម និង​ប្រាក់​ចំណូល​ប្រជាជន​ក៏ដោយ​។​

​ទិន្នន័យ​ពី​និយ័ត​ករ​ធានា​រ៉ាប់​រង​កម្ពុជា​ (IRC)​ ដែល​បានចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ បង្ហាញថា បុព្វលាភ​សរុប​នៃ​ឧស្សាហ​កម្ម​មួយ​នេះ​បាន​កើនឡើង​ដល់ ៨១,២​ លាន​ដុល្លារ​នៅក្នុង​ត្រី​មាស​ទី​២ ឆ្នាំ​ ២០២៣ កើនឡើង ៦,៣ ​ភាគរយ​ពី ៧៦,៣ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ​បុព្វលាភ​ធានារ៉ាប់រង​សរុប​ដែល​បាន​ពី​ធានារ៉ាប់រង​ទូទៅ​បាន​កត់ត្រា​ចំនួន ៣៣,៣​ លាន​ដុល្លារ​នៅ​ត្រីមាស​ទី២ ឆ្នាំនេះ​បើ​ធៀប​នឹង ២៨,៦១ ​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន កើន​ឡើង ១៦,៤​ភាគរយ ខណៈ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត ចំនួន ៤៦,១​ លាន​ដុល្លារ ធ្លាក់ចុះ ០,១៣​ភាគរយ និង​បុព្វលាភ​ធានារ៉ាប់រង​ខ្នាត​​តូច ១,៧​ លាន​ដុល្លារ កើនឡើង ១២,៣ ​ភាគរយ​។​

​លោក យុគ ចំរើន​រិ​ទ្ធ អគ្គ​នា​យក​ក្រុមហ៊ុន Forte បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា សម្រាប់​ឧស្សា​ហ​កម្ម​មួយ​នេះ​គឺ​នៅ​កើនឡើង​បន្តិច​នៃ​បុព្វលាភ​ធានារ៉ាប់រង​ក្នុង​វិស័យ​អគ្គិភ័យ យានយន្ត និង​ជាពិសេស​វិស័យ​សំណង់ ប៉ុន្តែ​មានការ​ធ្លាក់ចុះ​ការធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​។​

​លោក​បាន​បន្តថា បុព្វលាភ​ធានារ៉ាប់រង​នៃ​ក្រុមហ៊ុន Forte បាន​កើនឡើង​ប្រហែល ៨​ ភាគ​រយ នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ ជាពិសេស​នៅ​ផ្នែក​យាន​យន្ត អចលនទ្រព្យ និង​សំណង់ ខណៈ​ការធានារ៉ាប់រង​ផ្នែក​វេជ្ជ​​សាស្ត្រ​ធ្លាក់ចុះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​កត់សម្គាល់​ឃើញថា ផលប៉ះពាល់​ដោយ​​សារ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​សេដ្ឋកិច្ចពិភពលោក​ក៏​ប៉ះ​ពាល់​ដល់​កំណើន​យឺត​របស់​ឧស្សាហកម្ម​នេះ​ផងដែរ ខណៈ​យើង​ក៏​កំពុង​ប្រឈមមុខ​នឹង​ការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​។ យើង​ទទួល​ការធ្លាក់ចុះ​បុព្វលាភ​ពី​ធានារ៉ាប់រង​ផ្នែក​វេជ្ជ​​សាស្ដ្រ ប៉ុន្តែ​យើង​ក៏​បង្កើន​ការ​ចំណាយ​លើ​ប្រាក់​សំណង ដែល​បាន​បង់​សម្រាប់​ការធានា​រ៉ាប់​រង​ផ្នែក​វេជ្ជសាស្ត្រ​»​។​

​លោក ប៊ូ ចាន់​ភី​រូ អគ្គនាយក IRC កន្លងមក​ធ្លាប់បាន​ថ្លែងថា ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​នៅតែ​រីកចម្រើន​ឆាប់រហ័ស​ក្នុង​អត្រា​ប្រចាំឆ្នាំ​មធ្យម​ប្រហែល ២៥​ ភាគរយ ទោះ​មានការ​រីក​រាល​​ដាល​ជំងឺ​កូ​វីដ​ ១៩​។ លោក​បន្តថា ក្នុងនោះ​ក៏មាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ធានារ៉ាប់រង ឆ្នាំ​ ២០២១-២០៣០ ដោយបាន​ដាក់ចេញ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ភ្នា​ក់​ងារ​នេះ​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​។​

​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រយៈ​ពេល​ខ្លី ឆ្នាំ​ ២០២១-២០២៣ កំណត់​ប្រព័ន្ធ​ចែកចាយ​ធានា​​រ៉ាប់រង​ដោយ​ផ្តោត​ជាពិសេស​លើ​ការលើកកម្ពស់​ការលក់​ផលិតផល​តាមរយៈ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុងការ​រៀបចំ​ដែល​គេ​ស្គាល់​ថា Bancassurance​។​

​យោងតាម​លោក ប៊ូ ចាន់​ភី​រូ អនុ​បាត​នៃ GWP ជាតិ​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) មាន​ប្រហែល ១,១​ ភាគរយ​។​

​លោក រស់ សីល​វ៉ា រដ្ឋលេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​ញ្ញ​វត្ថុ បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​កាលពី​ចុងខែ​កក្កដា​ថា ឧស្សា​ហ​កម្ម​ធានារ៉ាប់រង​នៅ​ប្រទេស​កម្ពុជា​កំពុង​ទទួលបាន​កំណើន​សក្តានុពល​នៅក្នុង​រយៈពេល ​២​ ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​មានការ​ខ្វះខាត​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការទទួលបាន​ធានារ៉ាប់រង​សម្រាប់​ការការពារ​ហានិភ័យ​របស់​ពួកគេ​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា​មានការ​ខ្វះខាត​ការ​​យល់ដឹង​ជា​សាធារណៈ​ពី​អត្ថប្រយោជន៍​នៃ​ការធានារ៉ាប់រង ទោះបី​ឧស្សាហ​កម្មនេះ​នៅតែ​រីកចម្រើន​ក៏ដោយ​។ មាន​តម្រូវ​ការ​សម្រាប់​ឧស្សាហ​កម្មនេះ​ក្នុង​ការផ្តល់​ការអប់រំ​បន្ថែម​ដល់​ប្រជាជន​អំពី​តម្លៃ​របស់​ឧស្សា​ហ​កម្ម​មួយ​នេះ​»​។​

​ទិន្នន័យ​ពី IRC បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ ឧស្សាហកម្ម​មួយ​នេះ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ១៤, ក្រុមហ៊ុន​ធានា​​រ៉ាប់រង​ខ្នាតតូច​ ៧ ក្រុមហ៊ុន​ធា​នា​រ៉ាប់រង​ឡើងវិញ​ចំនួន ​១ និង​ឈ្មួញកណ្តាល​ធានារ៉ាប់រង ២០ ភ្នាក់ងារ​សាជីវកម្ម និង​ក្រុមហ៊ុន​កែតម្រូវ​ការខាតបង់​ចំនួន ៣៤​។ ទ្រព្យសកម្ម​សរុប​រប​ស់​វិស័យនេះ​បាន​កើន​ដល់​ជាង ១​ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំនេះ កើន ១០,៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២២​។​

​បុព្វលាភ​ធានារ៉ាប់រង​ដែល​សរ​សេរ​ជា​លាយលក្ខណ៍អក្សរ​សរុប ​(GWP) ​របស់​វិស័យ​ធានា​រ៉ាប់​រង​កម្ពុជា សម្រាប់​ឆ្នាំ ​២០២២ មាន ៣៣១,៨៧​ លាន​ដុល្លារ​កើនឡើង ១០,៦៨​ ភាគរយ​ពី ២៩៩,៨៣៥​ លាន​ដុល្លារ​កាល​ពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ IRC៕