ភ្នំពេញៈ ក្រុមហ៊ុន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ​ (PPSP) ដែលជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ឈានមុខ​គេ និង​បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ (CSX)​ បាន​រាយការណ៍​ពី​កំណើន​ដ៏​ខ្ពស់​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់ខ្លួន​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ ​នេះ ទោះបី​ជាមាន​ភាពមិន​ច្បាស់​​លាស់​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ក្តី​។​

​លោក គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល PPSP បានឱ្យដឹង​នៅក្នុង​ឯកសារ​ដែល​ផ្ញើ​ទៅ ​CSX នា​ថ្ងៃទី​ ២២ ខែសីហាថា នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ចំ​​ណូ​ល​សរុប​ចំនួន ២៩,៦៦៧ ពាន់​លាន​រៀល កើន ៩៥ ​ភាគ​រយ​បើ​ធៀប​នឹង​ចំនួន​ទឹកប្រាក់ ១៥,២២៦ ​ពាន់​លាន​រៀល នៅ​ត្រីមាស​ទី២ ឆ្នាំ​ ២០២២​។ ជា​លទ្ធផល​ក្រុមហ៊ុន​ចំណេញ​សុទ្ធ​ចំនួន​ជាង ២,៤៦១ ​ពាន់​លាន​រៀល​ធៀប​ទៅនឹង​ការ​ខាត​សុទ្ធ ​៥១៥,៦៨១​ ពាន់ រៀល​នៅ​ត្រី​មាស​ដូចគ្នា​ឆ្នាំ ​២០២២​។​

​លោក​ថ្លែងថា​៖ «​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នៅតែ​បន្ត​រឹងមាំ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ​​មិថុនា ឆ្នាំ​ ២០២៣ ដោយមាន​ទ្រព្យសកម្ម​ជាង ៥២៧,៤៥៦ ពាន់​លាន​រៀល ដែល​រួមមាន​ទ្រព្យសកម្ម​រយៈពេល​វែង​ចំនួន ២១០,១៣៩ ​ពាន់​លាន​រៀល និង​ទ្រព្យសកម្ម​រយៈពេល​ខ្លី​ជាង ៣១៧ ​ពាន់​លាន​រៀល​»​។

លោក​បន្តថា មូលធន​សរុប​មាន​ចំនួន ជាង ២៨១ ​ពាន់​លាន​រៀល ធ្លាក់ចុះ ១០,៥៣ ​ភាគរយ​ធៀប​នឹង​ចំនួន​ជិត ២៥៥ ពាន់​លាន​រៀល​ឆ្នាំ ​២០២២​។ ជា​លទ្ធផល អនុ​បាត​បំណុល​មូលធន គឺ ០,៨៧ នៅ​ឆ្នាំ​ ២០២៣ ដែល​ធៀប​នឹង​ចំនួន​អនុ​បាត​បំណុល មូលធន ០,៨៥ ឆ្នាំ ​២០២២​។​

​លោក Uematsu Hiroshi អភិបាល​ប្រតិបត្តិ PPSP បានឱ្យដឹង​ក្នុង​ឯកសារ​ខាងលើ​ថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២៣ PPSP គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិ​សេសមួយ​ក្នុងចំណោម​ក្រុមហ៊ុន​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ទាំង​ ១៧ ដែល​កំពុងដំណើរការ​ (​ពី​ចំនួន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន ​៣៦ ដែល​ត្រូវបាន​អនុ​ម័ត​) នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ឱ្យដឹងថា​៖ «​គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​ ២០២៣ តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ បើ​គិត​ចំនួន​វិនិយោគិន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប និង​ចំនួន​កម្មករ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​ដែល​ត្រូវ​បានអនុម័ត​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​តំបន់​សេដ្ឋកិច្ច​​ពិសេស​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា បើ​គិតពី​ទំហំ​ដី ដែលមាន​ប្រមាណ ៣៥៧,៣២​ ហិកតា​»​។​

​លោក​បន្តថា ឆ្នាំនេះ​ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​ចំនួន​ ៣ គឺ Royal Group Phnom Penh Special Economic Zone II Co.,Ltd​ សម្រាប់​ការអភិវឌ្ឍ​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ថ្មី ក្រុមហ៊ុន Sahas Properties Co.,Ltd ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ និង Gomi Recycle (Phnom Penh) Co., Ltd ដែល​ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​អាជីវកម្ម​គ្រប់គ្រង​សំណល់​រឹង​។​

​គិត​ត្រឹម​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ ​២០២៣ ក្រុមហ៊ុន​ទទួលបាន​វិនិយោគិន​/​ក្រុមហ៊ុន​ជួល​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប ១០៤ នៅក្នុង PPSP ពី​ប្រទេស​នានា​ដូចជា ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េ ហ្វីលីពីន វៀតណាម ចិន តួ​ក​គី កម្ពុជា និង​ថៃ​។​

​លោក Uematsu Hiroshi បាន​បញ្ជាក់ថា​៖ «​យើង​ផ្តោតជាសំខាន់​ទៅលើ​វិនិយោគិន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ធុន​ស្រាល​ដល់​មធ្យម និង​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ហើយ​រហូតមក​ដល់ពេលនេះ បាន​ទាក់ទាញ​វិនិយោគិន​មកពី​ផលិតផល​គ្រឿង​ម៉ាស៊ីន និង​អគ្គិសនី ដែលមាន​បំណង​ទាំង​ការនាំចេញ និង​ទីផ្សារ​នៅក្នុង​ស្រុក​»៕