ភ្នំពេញៈ កម្ពុជា និង​អេ​មី​រ៉ា​ត​​អារ៉ាប់​រួម អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ «​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​» (Double Taxation Agreement-DTA) នៅពេល​ឆាប់ៗ​នេះ ខណៈ​ការ​ចរចា​លើ​ខ្លឹមសារ​សម្រេចបាន​ជាង ៩៦​ ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT ឱ្យដឹងថា កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី ​២១ ខែសីហា ដែល​ភាគី​កម្ពុជា​ដឹកនាំ​ដោយ លោក សេង​ ជា​សិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិ​កម្ម គោលនយោបាយ​សារពើ​​ពន្ធ និង​សហប្រតិបត្តិការ​ពន្ធ​ដារ​អន្តរជាតិ និង​ភាគី​អេ​មី​រ៉ា​ត​​អារ៉ាប់​រួម ដឹកនាំ​ដោយ​លោក Hamid Nasr Mohamed ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រសួង​សេដ្ឋកិច្ច​។​

​យោងតាម GDT កិច្ចចរចា​នេះ​បាន​ពិភាក្សាគ្នា​យ៉ាង​លម្អិត​លើ​គ្រប់​មាត្រា​ទាំងអស់​ដែល​នៅ​សេសសល់​ពី​ការ​ចរចា​ជុំ​ទី​២​។ ជា​លទ្ធផល គឺ​បាន​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំងនេះ​ស្ទើរតែ​ទាំងស្រុង​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​មាត្រា​សរុប​ចំនួន ៣១ នៃ DTA ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​ចំនួន ៣០ ​មាត្រា​។ ដោយឡែក​សម្រាប់ ១​ មាត្រា​ដែល​នៅសល់ ភាគី​ទាំង ​២ នឹង​បន្ត​ពិភាក្សា និង​ស្នើសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន​ថែមទៀត​ដើម្បី​ឈានទៅ​បញ្ចប់​ការចរចា​ទាំងស្រុង​ឱ្យបាន​ឆាប់​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង ​«​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​ មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកវិនិយោគ ពិសេស​ប្រទេស​ដែលមាន​ពាណិជ្ជកម្ម​ធំៗ​ជា​​មួយ​គ្នា​គឺ​តែង​ទាមទារ​ឱ្យមាន​កិច្ច​ព្រម​​ព្រៀង​នេះ​។

កិច្ចព្រមព្រៀង​នេះ​ជួយ​លើកទឹកចិត្ត​វិនិយោគិន​ឱ្យទៅ​បណ្តាក់​ទុន​នៅ​ប្រទេស​ដែល​រដ្ឋាភិបាល​របស់ខ្លួន​បានធ្វើ DTA ជាមួយ ព្រោះ​បើ​បង់​ពន្ធ​នៅ​ប្រទេសមួយ​ហើយ គឺ​មិន​ចាំ​បាច់​បង់ពន្ធ​នៅ​ប្រទេស​ដែលជា​ដៃគូ DTA ទៀត​ទេ​។ លោក​បន្តថា កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​ជួយ​រុញ​ឱ្យមាន​ចរន្ត​ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ដៃគូ​កាន់តែ​សកម្ម និង​លឿន​ជាង​មុន​។​

​លោក​បន្តថា កិច្ចព្រមព្រៀង​នេះ​ក៏​អាចជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យទៅ​បណ្តាក់ទុន​ផ្ទាល់​ក្នុងប្រទេស​ដៃគូ​ទាំង ២​ ដើម្បី​អាច​នាំចេញ​ទំនិញ​នៅក្រោម​លក្ខខណ្ឌ​ពិសេស​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​នៅពេល​មាន​កិច្ច​ព្រមព្រៀង​នេះ វិនិយោគិន​ណា​ដែល​ចង់​បង្វិលប្រាក់​ចំណេញ​ឱ្យទៅ​ប្រទេស​ខ្លួន​វិញ​គេ​បង់​ត្រឹមតែ ១០ ​ភាគរយ​ប៉ុណ្ណោះ តែបើ​គ្មាន​គឺ​ត្រូវ​បង់​ខ្ពស់ជាង​នេះ​។ នៅពេលដែល​កម្ពុ​ជាមាន​កិច្ច​​ព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​នានា​កាន់តែច្រើន វា​នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បាន​កាន់តែច្រើន​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា គ្រប់​វិនិយោគិន​តែង​ចង់ឱ្យមាន​កិច្ចព្រមព្រៀង​នេះ ព្រោះ​វា​អាចជួយ​ឱ្យ​ពួកគេ​អាច​ទទួលបាន​ប្រាក់​ចំ​​ណេ​ញ​ពី​ការបង់ពន្ធ​មួយចំនួន​។ នៅពេល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​បែប​​នេះ​កាន់តែច្រើន ​(​ប្រទេស​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​)​ វា​ក៏​ជួយ​ឱ្យ​សកម្មភាព​ពាណិជ្ជ​កម្ម​កម្ពុជា​កាន់តែ​មមា​ញឹក​ជាង​មុន​។​

​លោក​អះអាងថា​៖ «​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់​ដូចជា ច្បាប់​វិនិយោគ​ថ្មី​, ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​, ព្រមទាំង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា នឹង​ជួយ​ឱ្យ​កម្ពុជា​កាន់តែ​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​​ទុន​ផ្ទាល់​កាន់តែច្រើន​»​។​

​ក្រៅពី​កិច្ចព្រមព្រៀង​ «​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​»​ ដែល​កំពុង​ចរចា​គ្នា​នេះ កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ក៏បាន​ចុះ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជាមួយគ្នា​ផងដែរ​។​

​យោង​អគ្គនាយកដ្ឋាន​ពន្ធដារ​គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ចំនួន ១១ ប្រទេស​/​តំបន់​រួចមកហើយ ដែល​រួមមាន សិង្ហ​បុរី​, ចិន​, ប្រ៊ុយណេ​, ថៃ​, ឥណ្ឌូនេស៊ី​, វៀតណាម​, តំបន់​រដ្ឋ​បាល​ពិសេស​ហុងកុង​, ម៉ាឡេស៊ី​, កូរ៉េ​, តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​តួ​ក​​គី​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ចរចា DTA ជាមួយ​ប្រទេស​ដៃគូ​មួយចំនួន ដូចជា ជប៉ុន ហ្វីលីពីន និង​ឡាវ ជាដើម​៕​