​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​ក្នុងស្រុក​សម្លឹងមើល​ការវិនិយោគ​លើ​ឧស្សាហកម្ម​ដាំ​ដើមឈើ​កែ​​ច្នៃ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​កែច្នៃ​គ្រឿងសង្ហារិម ដែលជា​ឧស្សា​ហ​កម្ម​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​លោក ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ក្នុង​វេទិកា​សា​ធារ​ណៈ​នា​ថ្មីៗ​នេះ​ថា ឧស្សាហកម្ម​ផលិត​គ្រឿងសង្ហារិម​កំពុង​បានការ​ចាប់អារម្មណ៍​កាន់តែច្រើន ខណៈ​ទំហំ​នៃ​ការនាំចេញ​បាន​កើន​ដល់​ជិត ១​ ពាន់​លាន​ដុ​ល្លារ​ក្នុង​ ១​ ឆ្នាំ​។ ទោះយ៉ាងណា​ក៏ដោយ ប្រទេស​កម្ពុជា​ហាក់ដូចជា​មិនសូវមាន​តម្លៃបន្ថែម​ទេ ដោយសារតែ​វត្ថុធាតុដើម​ជិត ​៩៥ ​ភាគរយ​ត្រូវបាន​នាំចូល​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​កត់​​សម្គាល់​ឃើញថា មាន​ឧស្សា​ហ​កម្ម​មួយ​មាន​សារៈសំខាន់​កាន់តែខ្លាំង ហើយ​សក្តានុពល​នាពេលនេះ​គឺ​ការផលិត​គ្រឿង​សង្ហារិម និង​ផលិតផល​ឈើ​។​យើង​នាំ​ចេញទៅ​ទីផ្សារ​ពិភព​​លោក​ប្រហែល ៧០០​ លាន​ដុ​ល្លារ​ក្ នុង​ ១​ ឆ្នាំ​។ ឈើ​នេះ​គេ​ដាំ​ដែល​មិនមែន​មកពី​ធម្មជាតិ​ទេ ដោយ​យើង​នាំចូល​ប្រហែល ៩៥​ ភាគរយ​ពី​ប្រទេស​ជាច្រើន ដើម្បី​កែច្នៃ ព្រោះ​យើង​មិនមាន​ឧស្សាហកម្ម​ដាំ​ដើមឈើ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ក្នុងប្រទេស​នោះទេ​»​។​

​លោក​បន្តថា​៖ «​នេះ​ជា​ឱកាស​សម្រាប់​ពាណិជ្ជករ​ក្នុងស្រុក​របស់​យើង​អាចមាន​លទ្ធភាព​ដាំ​ដើមឈើ​នេះ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ឧស្សាហកម្ម ជាជាង​អនុញ្ញាតឱ្យ​ពួកគេ​នាំចូល​វត្ថុធាតុដើម​ប្រភេទ​នេះ​។ អ្នក​អាច​មើលឃើញថា រោងចក្រ​កែច្នៃ​គ្រឿង​សង្ហារិម​ទាំងនោះ​បាន​នាំចូល ៩៥ ​ភាគរយ​ដោយសារ​យើង​មិនមាន​ឈើ​ដើម្បី​ផ្គត់ផ្គង់​ពួក​គេ​ដោយសារតែ​អាមេរិក និង​សហភាព​អឺរ៉ុប​មិន​ដាក់​ការបញ្ជា ទិញ​ឈើ​ធម្មជាតិ​ដែល​ត្រូវបាន​កែច្នៃ​ជា​គ្រឿងសង្ហារិម​ឡើយ​។ បើ​ផលិតផល​គ្រឿងសង្ហារិម​កែ​ច្នៃ​ដែល​ផ្សំ​ជាមួយ​ឈើ​ធម្មជាតិ ពួកគេ​នឹងមិន​ធ្វើ​ការបញ្ជាទិញ​ជាមិនខាន​។ ហេតុដូច្នេះ​ហើយ​បានជា​ឈើ​ជា​វត្ថុធាតុដើម​ទាំង​អស់ យើង​នាំចូល​ពី​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក​»​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភព​លោក​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​។ លោក​បន្តថា ភាព​មិន​ច្បាស់លាស់​នេះ​បាន​ទាញ​ទម្លាក់​សក្តានុពល​នាំចេញ​ទាំង​អស់​របស់​កម្ពុជា​ក្រៅពី​វិស័យ​មួយ គឺ​វិស័យ​កសិកម្ម​។ លោក​បាន​ពន្យល់ថា អ្នកប្រើប្រាស់​ជាច្រើន កំពុង​ផ្អាក​ការទិញ​ទំនិញ​ដែល​មិនសូវ​សំខាន់ រហូតដល់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រួ​សារ​មាន​ភាពប្រសើរ​វិញ​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គឺ​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ «​គ្រឿងសង្ហារិម ចង្កៀង និង​គ្រឿង​បំភ្លឺ​» ក្នុង​ទឹកប្រាក់​សរុប ៩៤៨,២៦ ​លាន​ដុល្លារ កើន​ឡើង​ចំនួន ៨,៧ ​ភាគរយ​ពី​ចំ​នួន ៨៧២,៥៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១៕