​ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ និង​បណ្តា​ធនាគារ​កណ្តាល​ប្រទេស​នានា ព្រមទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​រំពឹងថា លោកស្រី ជា សិរី ដែល​ទើប​បានទទួល​ការតែងតាំង​ជា​អគ្គ​​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) នឹង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ធនាគារកណ្តាល​អឺរ៉ុប (ECB)​ រួមទាំង​ក្រុមហ៊ុន​បច្ចេក​​វិទ្យា​ទូទាត់​អន្តរជាតិ​ដូចជា Visa និង Mastercard ជាដើម​សុទ្ធតែ​ផ្ញើ​សារ​សម្តែង​ការគាំទ្រ​ដល់​លោកស្រី​ដែល​ក្លាយជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ព្រះមហាក្សត្រ​តែងតាំង​ឱ្យ​កាន់​តួនាទី​ដ៏​សំខាន់​នេះ​។

​ក្នុង​សារលិខិត​អបអរ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ​(ECB) លោកស្រី Christine Lagarde ប្រធាន ECB បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានឃើញ​ស្ត្រី​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ដឹកនាំ​ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​យ៉ាង​រីក​រាយ​ក្នុង​ការបន្ត​ទំនាក់ទំនង និង​កិច្ចសហការ​ដ៏​ល្អ​រវាង​ស្ថាប័ន​របស់​យើង​។

​លោកស្រី Yati Kurniati នា​យិ​កា​ប្រតិបត្តិ​របស់ IMF ក៏បាន​សម្តែង​ការអបអរសាទរ​ផងដែរ ដោយបាន​លើកឡើងថា​៖ «​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​យ៉ាង​រីករាយ​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​» ក្រោម​ការដឹកនាំ​របស់​លោកស្រី ជា សិរី​។​

​ក្រៅពី​ស្ថាប័ន​លំដាប់​អន្តរជាតិ​ខាងលើ​បណ្តា​ធនាគារកណ្តាល​របស់​ប្រទេស​ជាច្រើន​ដូចជា ធនាគារកណ្តាល​លុ​ច្ស​សំបួរ ធនាគារកណ្តាល​ជប៉ុន ធនាគារ​កណ្តាល​កូរ៉េ អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​បានបង្ហាញ​ការអបអរ​​សាទរ​ដល់​លោកស្រី​ផងដែរ​។ ពួកគេ​បាន​កោតសរសើរ​ពី​ភាពជា​អ្នកដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ទស្សនៈ​អនាគត​ច្បាស់លាស់​របស់លោក​ស្រី​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បានបញ្ជាក់​ពី​ជំហរ​ក្នុងការ​​បន្ត​ «​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​» ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ខណៈ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក ​៣ (AMRO) បាន​សរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​របស់លោក​ស្រី ជា សិរី និង​បាន​បញ្ជាក់ថា ជា​សមិទ្ធផល​«​មិនអាច​កាត់ថ្លៃ​បាន​» ក្នុង​ការរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ហិរញ្ញវត្ថុ​តំបន់​។​

​ទន្ទឹមនឹងនេះ​ផងដែរ Bange Central Du Luxembourg ក៏បាន​ចង្អុល​បង្ហាញថា NBC បាន​រក្សា​ទំនាក់ទំនង​ដែលមាន​ឯកសិទ្ធិ​ដែល​បាន​ចូលរួម​អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​មកហើយ ដែល​គ្របដណ្តប់​មុខងារ​ធនា​គារ​កណ្តាល​ស្នូល​ជាច្រើន ជា​ទំនាក់ទំនង​អាជីវកម្ម​ដែល​បង្កើតឡើងបាន​យ៉ាង​ល្អ ក៏ដូចជា​សកម្មភាព​ក​សាង​សមត្ថភាព ដែល​រួមមាន​កម្មវិធី​ឧបត្ថម្ភ​នៅ​សាកលវិទ្យាល័យ Luxembourg និង​ធនាគារ​ផងដែរ​។​

​លោក Gaston Reinesch​ បាន​ថ្លែងថា​៖ «​ដោយ​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​របស់​យើង​នឹង​បន្ត​ពង្រឹង​»​។​

​លោកស្រី ជា សិរី ត្រូវបានតែងតាំង​ជា​ផ្លូវការ​ជា​ទេ​សា​ភិ​​បាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បន្ទាប់ពី​លោកស្រី​បាន​ឡើង​តំណែង​ពី​អគ្គនាយក​ធនាគារកណ្តាល​ទៅជា​ទេ​សា​ភិ​បាល​រង​កាលពី​ខែមីនា​។​

​លោកស្រី ជា សិរី បាន​កាន់តំណែង​នេះ​ជំនួស​ឪពុក​របស់​លោកស្រី គឺ​លោក ជា ចាន់តូ ដែល​កាន់តំណែង​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​ក្នុងអំឡុង​ពេលដែល​លោកស្រី​បម្រើការ​នៅ​ធនាគារកណ្តាល​មួយ​នេះ លោកស្រី ជា សិរី បាន​ផ្តោតលើ​ការលើកកម្ពស់​ឯក​រាជ​ភាព​កាន់តែខ្លាំង​ក្នុង​គោល​នយោបាយ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​របស់​កម្ពុជា ការកែលម្អ​ចំ​​ណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ការលើក​ទឹកចិត្ត​ឱ្យប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ការអភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ការទូទាត់​លក់រាយ​។​

​លោក ជា សិរី ក៏បាន​ដឹកនាំ​ប្រព័ន្ធ​ប្រតិបត្តិការ​អន្តរ​ធនាគារ​​បាគង​របស់​ NBC និង​ដំណោះ​ស្រាយ​ការទូទាត់​ដែល​ជំរុញ​ដោយ blockchain ជំនាន់​ថ្មី​។​

​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់ NBC បច្ចុប្បន្ន​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន ​៥៩ ធនាគារ​ឯកទេស​ចំ​នួន​ ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ៨២ គ្រឹះស្ថាន​ឥណ​ទាន​ជនបទ ២២៤ ក្រុមហ៊ុន​ភ​តិ​​សន្យា​ហិរញ្ញវត្ថុ​ចំនួន ១៦៕