ភ្នំពេញៈ ប្រាក់ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ ​២០២៣ ត្រូវ​រំពឹងថា នឹង​សម្រេចបាន​ក្នុង​រង្វង់​ជាង ១០៧​ ភាគរយ​នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ​២០២៣ ខណៈ​រយៈពេល ៧​ ខែ​កន្លងមក ការប្រមូល​ចំណូល​ពន្ធ​សម្រេចបាន​ជិត ៦៥ ​ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ​(GDT)​។​

​ព្រឹត្តិបត្រ​ព័ត៌មាន​របស់ GDT លេខ ២១ ចេញផ្សាយ​នា​ថ្ងៃទី​ ២៤ ខែសីហា បានឱ្យដឹងថា បើ​យោងតាម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិបត្តិ​របស់​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ គឺ​ការប្រមូល​ចំណូល​ពន្ធ​អាករ​សរុប​ក្នុង​ឆ្នាំ​ ២០២៣ នេះ​រំពឹង​នឹង​សម្រេចបាន​ប្រមាណ ១០៧,៥ ​ភាគរយ​ នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ខណៈ​រយៈពេល ៧​ ខែ​ដើមឆ្នាំ ​២០២៣ ប្រាក់​ពន្ធ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​គឺ ៩ ៣៦៧,៤៤​ ពាន់​លាន​រៀល ​(​ប្រមាណ ២ ៣១២,៩៥​ លាន​ដុល្លារ​)​ ស្មើនឹង ៦៤,៧៦ ​ភាគរយ​នៃ​ផែន​​ការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​

GDT បញ្ជាក់ថា​៖ «​តាម​ការ​ប៉ាន់ស្មាន​រហូតដល់​ដំណាច់ឆ្នាំ ២០២៣ នេះ​ចំណូល​ពន្ធដារ​នឹង​សម្រេចបាន​ប្រមាណ ១០៧,៥​ ភាគរយ​នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ប្រ​​សិទ្ធ​ភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធ​សា​​ស្ត្រ និង​ផែនការ​ប្រតិបត្តិ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​»​។​

​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣ បាន​កំ​ណ​ត់​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យបាន​ប្រមាណ ៣ ៥៧១,៥៤​ លាន​ដុល្លារ​។​

​ទោះយ៉ាងណា​ឯកសារ GDT បញ្ជាក់ថា សម្រាប់​លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពន្ធ​តាម​ប្រ​ភេទ​ពន្ធ គឺមាន​ប្រភេទ​ពន្ធ​មួយចំនួន​នៅតែមាន​បញ្ហា​ប្រឈម ជាក់ស្ដែង​ក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២៣ ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​របស់​អគ្គ​នា​​យក​ដ្ឋា​ន​ពន្ធដារ គឺ​សម្រេចបាន ៥៦,៩៩​ ពាន់​លាន​រៀល ​(​ប្រ​មាណ ១៤,២៥​ លាន​ដុល្លារ​) បើ​ធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ ​២០២៣ ទើបតែ​សម្រេចបាន ៣៦,៩៩​ ភាគរយ​ប៉ុណ្ណោះ​។​

GDT ឱ្យដឹងទៀតថា ដើម្បី​ជំ​រុញ​ការប្រមូល​ពន្ធ អគ្គនាយក​​ដ្ឋា​ន​ពន្ធដារ​ក៏បាន​ចេញ​លិខិត​ជូនដំណឹង និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ដើម្បី​ក្រើនរំឭក​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទាំងអស់​ឱ្យចូល​រួម​បង់ពន្ធ​បាន​ទាន់ពេលវេលា ដើម្បី​ចៀសវាង​ការពិន័យ​ផ្សេងៗ​ដែល​ច្បាប់​ស្តីពី​សារពើពន្ធ​បានកំណត់​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែសីហា ថា តាម​ការសង្កេត​របស់​លោក ចំណូល​ពន្ធ​អាករ​ដែល​អគ្គនាយក​ដ្ឋា​ន​​ពន្ធដារ​ប្រមូលបាន​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក គឺ​កើន​ឡើងជា​បន្តបន្ទាប់ ​(​លើកលែង​អំឡុង​ការរីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​ ១៩)​ ដែល​ភាព​វិជ្ជមាន​នេះ គឺ​មកពី​កត្តា​ធំៗ​ចំនួន​ ២ គឺ​ទី១ ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រ​សិទ្ធ​ភាព​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ទី​២ គឺ​ការយល់ដឹង និង​ការ​ចូលរួម​កាន់តែ​សកម្ម​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​។ លោក​បន្តថា ចំណូល​ពន្ធដារ ​(​ពន្ធ​ផ្ទៃក្នុង​) គឺ​បញ្ជាក់​ពី​ភាព​រីកចម្រើន​នៃ​ផលិតកម្ម និង​អាជីវកម្ម​ក្នុង​ប្រ​ទេស​កម្ពុជា​តែម្តង​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​ការ​​ធ្វើ​បច្ចុប្បន្ន​ជា​បន្តបន្ទាប់​នូវ​នីតិ​វិធី​បង់ពន្ធ នឹង​ការប្តេជ្ញា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការប្រមូល​ចំ​ណូ​ល​ពន្ធដារ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​នឹង​សម្រេចបាន​ដូច​ការ​​រំពឹងទុក​ខាងលើ​»​។​

​បើតាម​លោក វណ្ណៈ ចំណូល​ពន្ធដារ​កម្ពុជា​នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ប្រសិនបើ​សេដ្ឋកិច្ចពិភពលោក​មាន​កំណើន​ខ្ពស់ ព្រោះ​បើ​សេដ្ឋកិច្ច ពិភពលោក​ដើរ​ល្អ ចំនួន​អាជីវកម្ម​បើក​ដំណើរការ​ក៏​កើនឡើង​ដែរ​។​

​លោក​បន្ថែមទៀតថា ចំណូល​ពន្ធ គឺជា​ប្រភព​ថវិកា​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​យកទៅ​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ឱ្យ​បណ្តាក់ទុន​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ កាលពី​ថ្ងៃទី​ ១៧ សីហា កន្លងមក លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារបាន​និយាយថា ទោះបី​ការប្រមូល​ចំណូល​របស់​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ នៅ​បន្ត​រក្សាបាន​សញ្ញា​វិជ្ជមាន ប៉ុន្តែ​បញ្ហា​នៃ​ភាពមិនប្រាកដប្រជា​នៃ​បរិបទ​សេដ្ឋកិច្ច​សកល ការធ្លាក់ចុះ​នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ពិសេស​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន គឺ​នៅ​បន្ត​ដាក់​សម្ពាធ​លើ​បណ្តា​ក្រុមហ៊ុន​/​ប្រទេស​ដែលជា​ប្រភព​ទុន​គម្រោង​ធំៗ​។​

​លោក​ថ្លែងថា​៖ «​កំណើន​នៃ​អតិផរណា គឺ​អាចជា​ហានិភ័យ​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ដែល​មិនបាន​គ្រប់​តាម​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ​២០២៣ និង​ជាពិសេស ជា​មូលដ្ឋាន​ក្នុងការ​ព្យាករ​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់​»​។​

​ឆ្នាំ​ ២០២២ GDT រកចំណូលបាន ៣,៤៥៥​ ពាន់​លាន​ដុល្លារ ដែល​ស្មើ ១២២,៥៤ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២២ ឬ​លើស ៦៦៧,៣៤ ​លាន​ដុល្លារ ស្មើ ២៣,៩៦​ ភាគរយ​៕