ភ្នំពេញៈ វត្តមាន​របស់​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ ដែល​ទើប​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​កាលពី​ចុង​សប្តាហ៍​មុន ដែល​នឹង​ធ្វើឱ្យ​សមត្ថភាព​ផលិតកម្ម​ស៊ីម៉ងត៍​នៅ​កម្ពុជា កើន​លើសពី ​១០ លាន​តោន ​ក្នុង ​១ ​ឆ្នាំ​។ នេះ​បើ​យោងតាម​អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍កម្ពុជា​។​

CDC កាលពី​ថ្ងៃទី ​២៤ ខែ​សីហា ឆ្នាំ ២០២៣ ​នេះ បាន អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​មួយ​ឱ្យ​ក្រុមហ៊ុន Conch KT Cement (Phnom Penh) Company Limited ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​ឃុំ​ហោម​សំណង់ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ ក្រោម​ទុនវិនិយោគ​ប្រមាណ ២៥៨​ លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន ៤៦៨​ កន្លែង​។​

​អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា លោក ពុត ចិន្តា​រិ​ទ្ធ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែ​សីហា ថា វត្តមាន​របស់​រោងចក្រ​Conch នៅក្នុង​ខេត្តកំពង់ស្ពឺ នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ដូចជា ការលើកកម្ពស់​សមត្ថ​ភាព​ផលិតកម្ម​ស៊ីម៉ងត៍​ក្នុងស្រុក ជួយ​កាត់បន្ថយ​ការនាំ​ចូល និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​មូលដ្ឋាន​។ លោក​បន្តថា បើតាម​ព័ត៌មាន​ដែល​លោក​ទទួលបាន គឺ​រោងចក្រ​នេះ នឹងមាន​សមត្ថ​ភាព​អាច​ផលិត​ស៊ីម៉ងត៍​បាន ២ ​លាន​តោន ​ក្នុង​ ១ ​ឆ្នាំ​។

​លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​សម្រាប់​ឧស្សាហកម្ម​ផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា ដោយ​វា​នឹង​ជួយ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​អាច​បោះ​ជំហាន​ទៅមុខ​កាន់តែ​លឿន និង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ រោងចក្រ​នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទី​៦ នៅ​កម្ពុជា​»​។​

​យោងតាម​លោក ចិន្តា​រិ​ទ្ធ គិត​រហូតមក​ដល់ពេលនេះ នៅ​ប្រទេស​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុងដំណើរការ ដោយ​រោងចក្រ​ទាំង​អស់នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ចំនួន ៨,៧​ លាន​តោន ​ក្នុង​ ១ ​ឆ្នាំ​។ ទោះបីយ៉ាងណា ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក កម្ពុជា​បាន​នាំចូល​ស៊ីម៉ងត៍​ចន្លោះ​ពី ២-៣ ​លាន​តោន ​ក្នុង​ ១ ​ឆ្នាំ ពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។ បច្ចុប្បន្ន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ទាំង​ ៥ ដែល​កំពុង ដំណើរការ​អាចបង្កើត​ការងារ​ឱ្យ​ប្រជាជន​ដោយផ្ទាល់​ប្រមាណ ជិត ៣ ០០០​ កន្លែង​។​

​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​និយាយថា ខេត្តកំពង់ស្ពឺ​ គឺជា​តំបន់​មាន​សក្តានុពល​ទាក់ទាញ​ការ​វិនិយោគ​លើ​រោងចក្រ​ច្រើន​ប្រភេទ ដែល​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ កត្តា​ដែល​ធ្វើឱ្យ​ខេត្តកំពង់ស្ពឺ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​បានទាក់ទាញ​បាន​នូវ​ការ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​គឺ​ដោយសារ​កត្តា​សុខសន្តិភាព ភូមិសាស្ត្រ​អំណោយផល មាន​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ល្អប្រសើរ​។

លោក​បាន​ថ្លែង​៖ «​មូលហេតុ​ដែល​ខេត្តកំពង់ស្ពឺ​ ទាក់ទាញ​បានការ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់ គឺ​ដោយសារ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​សម្បូរ​បែប​នៅ​ជិត​កំពង់ផែ​អន្តរជាតិ ជាដើម​»​។​

​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជ​កម្មបាន​ឱ្យដឹងទៀតថា ក្នុង​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចូល​ស៊ីម៉ងត៍​ក្នុង​ទំហំ​ទឹកប្រាក់ ២៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៣ ​ភាគ​​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤៤​ លាន​ដុល្លារ​។​

​កាលពី​ខែមិថុនា ឆ្នាំ ​២០២៣ CDC ក៏​បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​ក្រុមហ៊ុន DongfangJunma Cement Co., Ltd​ សម្រាប់​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៩៥​ លាន​ដុល្លារ និង​បាន​បង្កើត​ការងារ​ប្រមាណ ៩៧៩​ កន្លែង​។​

​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ឱ្យដឹងថា រយៈពេល ៥ ខែ ឆ្នាំ​ ២០២៣ ក្រសួង​រៀបចំ​ដែនដី បានចេញ​នូវ​លិខិត​អនុញ្ញាតឱ្យ​គម្រោង​សាងសង់​ចំនួន​ ១ ៤៦៣ លើ​ផ្ទៃក្រឡា​អគារ​ជាង ៥​ លាន​ម៉ែត្រការ៉េ ក្នុង​ទុនវិនិយោគ ២ ២៧០ លាន​ដុល្លារ កើន ១៣៨,៥២ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២៕