
យន្តហោះចុះចតនៅព្រលានយន្តអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញ: ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌារំពឹងថា នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ ដើម្បីជំរុញលំហូរ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ខណៈដែលប្រទេសទាំង ២ ក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។នេះបើតាមមន្ត្រីជាន់ខ្ពស់កម្ពុជា។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មានឥណ្ឌា ANI នៅថ្ងៃទី ២៦ ខែសីហាថា ទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា បានឈានដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់បច្ចុប្បន្ននេះ។ លោកសង្ឃឹមថា ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជានឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៤។
លោក កុយ គួង ត្រូវបានគេដកស្រង់សម្ដីដោយលើកឡើងថា៖ «ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នៅពេលនេះ បានឈានដល់កម្រិតថ្មីមួយ ជាពិសេសនៅពេលដែលប្រទេសទាំង ២ កំពុងប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ប្រទេសទាំង ២ មានកិច្ចសហប្រតិបត្តិការល្អទ្វេភាគី ក្នុងតំបន់ ដែលឥណ្ឌាជាដៃគូសន្ទនារបស់អាស៊ាន និងអន្តរជាតិ ប្រទេសទាំង ២ តែងតែគាំទ្រគ្នាទៅវិញទៅមក»។
លោកថ្លែងថា៖ «ឥណ្ឌាមានជើងហោះហើរត្រង់ពីឥណ្ឌាទៅកាន់សមាជិកអាស៊ាន ៩ ផ្សេងទៀតលើកលែងតែកម្ពុជា។ ដូច្នេះនៅពេលអនាគតដ៏ខ្លីខាងមុខ យ៉ាងហោចណាស់នៅដើមឆ្នាំ ២០២៤ ឥណ្ឌានឹងបើកលទ្ធភាពនៃការហោះហើរត្រង់ពីទីក្រុងញូវដែលីមកកាន់ប្រទេសកម្ពុជា។ ដូច្នេះយើងសង្ឃឹមថា នៅដើមឆ្នាំក្រោយអាចនឹង មានជើងហោះហើរត្រង់។ ដូច្នេះ វានឹងងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំង ២ ក្នុងការធ្វើដំណើរក្នុងនាមជាភ្ញៀវទេសចរ ឬវិនិយោគិន»។
ថ្លែងក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងឥណ្ឌា កាលពីថ្ងៃទី ២៤ ខែសីហា លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានប្រាប់វេទិកានេះថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយល្អប្រសើរហើយការណ៍នេះផ្តល់ឱ្យប្រទេសទាំង ២ នូវឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏អាចផ្តល់លទ្ធភាពឱ្យប្រទេសនានាមានការយល់ដឹងដើម្បីជួយដល់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ចរវាងប្រទេសទាំង ២ ផងដែរ។
លោកស្រីបានបន្តថា មានការផ្តួចផ្តើមជាច្រើនដែលរដ្ឋាភិបាលឥណ្ឌា និងកម្ពុជាកំពុងធ្វើដើម្បីជំរុញទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្ម។ ឥណ្ឌា និងកម្ពុជា បច្ចុប្បន្នកំពុងចរចាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី។ លោកស្រីបញ្ជាក់ថា៖ «ការណ៍នេះកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ដែលជាសម្ទុះសម្រាប់ការវិនិយោគមកពីភាគីទាំង ២»។
លោកស្រីលើកឡើងថា៖ «ភាគីទាំង ២ របស់យើងក៏កំពុងពិចារណាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មផងដែរ ដើម្បីជំរុញ និងធ្វើពិពិធកម្មពាណិជ្ជកម្មរវាងប្រទេសយើងទាំង ២។ ខ្ញុំសូមបន្ថែមថា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌារួចហើយ ដែលផ្តល់ឱ្យក្រុមហ៊ុនឥណ្ឌានូវបរិយាកាសដ៏សម ស្របមួយក្នុងការនាំចេញ និងជំរុញការនាំចេញពីកម្ពុជាទៅកាន់បណ្ដាប្រទេសអាស៊ានផ្សេងទៀត។ ខ្ញុំតែងតែនិយាយទៅកាន់សហសេវិកធុរកិច្ចរបស់យើងថា កុំមើលប្រទេសកម្ពុជាជាប្រទេសដែល មានប្រជាជន ១៧ លាននាក់ ត្រូវមើលប្រទេសកម្ពុជា ថាជាច្រកទ្វារស្ថិរភាព និងមិត្តភាពរបស់អ្នកទៅកាន់អាស៊ាន។ ខ្ញុំសូមចែករំលែកជាមួយអ្នកថា ស្ថានទូតកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា និងកម្ពុជា។ យើងសង្ឃឹមថា ក្រុមប្រឹក្សានេះនឹងត្រូវបង្កើតឡើងនៅក្នុងឆ្នាំនេះ»។
ទិន្នន័យបានពីក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ១៦ ៣៨៨ នាក់ក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងជាងពាន់ភាគរយធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ១ ៤៧៨៕