​កំណត់ត្រា​នៃ​កំណើន​បំណុល​របស់​រដ្ឋាភិបាល ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ដែល​គំរាមកំហែង​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល និង​ការបន្ត​ធ្លាក់ចុះ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​អាច​នឹង​ធ្វើឱ្យ​ពិភពលោក​មានការ​អភិវឌ្ឍ​យឺត​យ៉ាវ និង​ទំនងជា​កាន់តែ​លំបាក​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​ធនាគារកណ្តាល​នៃ​ទីក្រុង Kansas បានរៀបចំ​ការស្រាវជ្រាវ​មួយ​ដោយ​ផ្ដោតទៅលើ​សេដ្ឋកិច្ចពិភពលោក​ក្រោយ​ជំងឺ​រាតត្បាត​កូ​វីដ​​ ១៩​ ដែល​បាន​វាយ​​ប្រហារ​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​។ កិច្ចការ​ស្រាវជ្រាវ​នេះ​បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​ដូចជា​ទស្សន​​វិស័យ​សម្រាប់​ការច្នៃប្រឌិត​បច្ចេកវិទ្យា​បំណុល​សាធារណៈ និង​ស្ថានភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​សហរដ្ឋអាមេរិក​ជាដើម​។​

​តាមរយៈ​កិច្ចការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញថា ប្រទេស​នានា​នឹង​ស្ថិតក្នុង​ស្ថានភាព​កាន់តែ​ផុយស្រួយ​ជាង​មុន​ហើយ​ពួកគេ​បាន​ប្រើប្រាស់​ធនធានធម្មជាតិ​របស់​ពួកគេ​អស់​ជាច្រើន​ដើម្បី​ទប់ទល់​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​​ពួកគេ​ប្រឈម​ចំពោះមុខ​។​

​លោក Pierre-Olivier Gourinchas ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា​៖ «​ប្រសិនបើ​យើង​ទៅដល់​ចំណុច​មួយ​ដែលជា​ផ្នែក​មួយ​នៃ​ពិភពលោក​ត្រូវបាន​ជាប់គាំង​ដោយ​មិនមាន​ដំណោះស្រាយ​អ្វី​សោះ​វា​នឹង​បង្កើតឱ្យមាន​សម្ពាធ​ប្រជា​សាស្ត្រ​យ៉ាងខ្លាំង​ហើយ​វា​នឹង​រុញ​ឱ្យមាន​ការធ្វើ​ចំណាកស្រុក​កាន់តែច្រើន​»​។​

​លោក Maurice Obstfeld អតីត​ប្រធាន​សេដ្ឋវិទូ​របស់ IMF និង​បច្ចុប្បន្ន​ជា​សហការី​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ការរស់នៅ​តាម​បរិបទ​ថ្មី​នេះ គឺជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​សម្រាប់​សេដ្ឋកិច្ចពិភពលោក​។​

​ដោយឡែក​សម្រាប់​ផលប៉ះពាល់​នៃ​បំណុល​សាធារណៈ​នឹង​ប្រែប្រួល​ទៅតាម​ប្រទេស​ដោយ​លោក​បាន​និយាយថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​ជា​ប្រទេស​ដែលមាន​បំណុល​ខ្ពស់​ដូចគ្នា ដូចជា​សហរដ្ឋអាមេរិក​ជាដើម ទំនងជា​អាច​ប្រឈម​នឹង​បញ្ហា​បំណុល​កើនឡើង​ក្នុងពេល​ខាងមុខ ខណៈដែល​ប្រទេស​តូចៗ​ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ​វិញ​អាច​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ និង​កាន់តែ​ជ្រៅ​នាពេល​អនាគត​។​

​ក្រុម​អ្នកស្រាវជ្រាវ​ផ្សេងទៀត​បានកត់សម្គាល់​ពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ដែល​បណ្ដាលឱ្យ​មានការ​ផ្ដាច់ទំនាក់ទំនង​គ្នា​យ៉ាង​ឆាប់រហ័ស​នៃ​បណ្តាញ​ថាមពល​អឺរ៉ុប​ពី​ថាមពល​​រុស្ស៊ី​ដែល​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ជា​លក្ខណៈ​សកល​។​

​យោងតាម​របាយការណ៍​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោក​ក្នុងអំឡុងពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ត្រឹមតែ​ ២,៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ និង ​២,៥ ​ភាគរយ​នៅ​ឆ្នាំ ​២០២៤​ ដែលជា​ការកើនឡើង​តិចតួច បើ​ធៀប​ទៅនឹង​ការ​ព្យាករ​ឆ្នាំមុន ហើយ​ងាយ​នឹង​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​ណាមួយ​៕