​ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ចក្រភព​អង់គ្លេស ក្នុង​រយៈពេល ៧​ ខែ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជិត ៥០០ ​លាន​ដុល្លារ ក្នុងនោះ​ប្រាក់​នៃ​ការនាំ​ទំនិញ​ពី​កម្ពុជា​គ្របដណ្តប់​រហូតដល់​ជិត ៩០​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​របាយការណ៍ GDCE បង្ហាញថា ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​ប្រទេស​ទាំង​ ២ មានទឹក​ប្រាក់​សរុប ៤៩៦,៣៣​ លាន​ដុល្លារ ថយចុះ ១៤,៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ គឺ​កម្ពុជា​នាំទៅ​អង់គ្លេស ៤៤១ ​លាន​ដុល្លារ ថយចុះ ១៦,៤ ​ភាគរយ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​វិញ ៥៥,៣៣​ លាន​ដុល្លារ កើន ៣,១​ ភាគរយ​។ បើ​ផ្អែក​តាម​តារាង​តុល្យការ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ៣៨៥,៦៧​ លាន​ដុល្លារ​។ ចក្រភព​អង់គ្លេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១០ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហ​បុរី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង​កាណាដា​។​

GDCE បានឱ្យដឹង​ទៀតថា សម្រាប់​ខែកក្កដា ឆ្នាំ ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់ ៨៨,៣​ លាន​ដុល្លារ ធ្លាក់ចុះ ២៩,៣៣​ភាគរយ ដោយ​កម្ពុជា​នាំ​ទំនិញ​ចេញ ៨០,០១​ លាន​ដុល្លារ ធ្លាក់ចុះ ៣០,២​ ភាគរយ និង​អង់គ្លេស​នាំមក​កម្ពុជា ៨,២៩ ​លាន​ដុ​ល្លារ ធ្លាក់ចុះ ១៣,៤​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស គឺ​ដោយសារ​ការបញ្ជាទិញ​ទំនិញ​ពី​អង់គ្លេស​ធ្លាក់ចុះ ខណៈ​ប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ពី​អង់គ្លេស​ គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ ការបញ្ជាទិញ​ពី​អង់គ្លេស​ធ្លាក់​​ចុះ​គឺ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​កើតមាន ​(​ពិសេស​សង្គ្រាម​រវាង​ប្រទេស​​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​) ​ដែល​បាន​បង្ខំ​ឱ្យ​មនុស្ស​ម្នាក់ៗ​រឹតបន្តឹង​ការ​ចំណាយ​។ លោក​បន្តថា ការនាំ​ចេញ​របស់​កម្ពុជា​នឹង​អាច​ល្អ​ឡើងវិញ​ទាល់តែ​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ល្អ​។​

​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣០ ខែសីហា​ថា​៖ «​ដោយ​សារ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​រឹងមាំ ដូច្នេះ​បើសិន​មាន​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ រួមទាំង​ចក្រភព​អង់គ្លេស​នោះ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នឹង​កើនឡើង​គ្រប់​គោលដៅ​។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា សមត្ថ​ភាព​រោងចក្រ​ផលិត​កែច្នៃ​ដើម្បី​នាំចេញ​របស់​កម្ពុជា​នឹង​ប្រសើរឡើង​នៅក្នុង​ឆ្នាំ​ ២០២៤»​។​

​យោងតាម​លោក លឹម ហេង ភាគច្រើន​នៃ​ទំនិញ​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស គឺជាសម្លៀក​បំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម ចំណែក​អង់គ្លេស​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី និង​គ្រឿង​អេ​ឡិច​ត្រូ​និក ជាដើម​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ធ្លាក់ចុះ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនល្អ​។ សញ្ញា​នេះ​បាន​លេចឡើង​តាំង​ពី​ដើម​ឆមាស​ទី ​២ ឆ្នាំ​ ២០២២ មក​ម្ល៉េះ ពោលគឺ​បន្ទាប់ពី​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ផ្ទុះឡើង​។ លោក​បន្ថែមថា ក្នុងដំណាក់កាល​នេះ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ ពិសេស​ការនាំចេញ​ផលិតផល​មិនមែន​ម្ហូបអាហារ​។​

​លោក​ថ្លែងថា​៖«​វា​មិន​ចម្លែក​ទេ​ដែល​ការនាំ​ចេញទៅ​ចក្រភព​អង់គ្លេស​ធ្លាក់ចុះ ពីព្រោះ​មុខ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​អង់​គ្លេ​សភាគ​ច្រើន​ជា​ផលិតផល​វាយ​ន​ភណ្ឌ និង​កង់​ជាដើម​»​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​កម្ពុជា​-​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​ជិត ៩៧៧,៤៤​ លាន​ដុល្លារ កើនឡើង ២៣,៩៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំចេញ ៨៨៦,៤២​ លាន​ដុល្លារ កើន ២១,១​ ភាគរយ និង​នាំចូល ៩១,០២​ លាន​ដុ​ល្លារ កើន ៦០,២​ ភាគរយ​៕