
លោកស្រី ចម និម្មល ដឹកនាំកិច្ចប្រជុំជាមួយលោក Francisco Kalbuadi Lay កាលពីថ្ងៃទី ២៨ ខែសីហា។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ប្រទេសទីម័រខាងកើត បានប្តេជ្ញានឹងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្ករពីប្រទេសកម្ពុជាឱ្យបានឆាប់ សំដៅលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានប្រទេសទីម័រខាងកើត បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៨ ខែសីហា កន្លងមកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
លោក Francisco បានលើកឡើងពីទំនាក់ទំនងល្អទាំងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដែលប្រព្រឹត្តទៅកាន់តែរលូនល្អ ខណៈប្រទេសទាំង២នឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករនាពេលខាងមុខផងដែរ។
លោកបានប្រាប់ថា៖ «រដ្ឋាភិបាលទីម័រខាងកើតកំពុងជំរុញឱ្យអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករនៃប្រទេសទាំង ២ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះភាគីទីម័រខាងកើតនឹងជំរុញឱ្យមានជំនួបរវាងវិស័យឯកជននៃប្រទេសទាំង ២ តាមរយៈការរៀបចំផែនការរៀបចំវេទិកាសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះ ហើយនឹងអញ្ជើញកម្ពុជា និងប្រទេសអាស៊ានចូលរួមផងដែរ»។
លោកស្រី ចម និម្មល ក៏បានលើកឡើងអំពីភាគីទាំង ២ ដែលបានផ្លាស់ប្តូរយោបល់លើការងារកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី កម្រិតតំបន់ និងសកលលោក។ លោកស្រីក៏បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកពេញសិទ្ធិ។
លោកស្រីបានលើកទឹកចិត្តឱ្យភាគីទីម័រខាងកើត ជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំង ២ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យមានការជួបគ្នារវាងវិស័យឯកជនប្រទេសទាំង ២ សំដៅជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការនាំចូលទំនិញកសិផល និងទំនិញសក្តានុពល។
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មើលឃើញថា ទំនាក់ទំនងក្នុងវិស័យកសិកម្មជាមួយទីម័រខាងកើត គឺជាសម្ព័ន្ធភាពដែលមានផលប្រយោជន៍ទៅវិញទៅមក និងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ កម្ពុជាពីប្រទេសដែលជួបបញ្ហាកង្វះស្បៀងអាហារ និងការភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុកខ្សោយ ទៅជាប្រទេសផលិត អាហារគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនរបស់ខ្លួន ហើយថែមទាំងអាចនាំចេញទៀតផង។
លោកថ្លែងថា៖ «យើងអាចចែករំលែកបទពិសោធន៍ទាំងនោះជាមួយប្រទេសទីម័រខាងកើត និងជួយលើកកម្ពស់វិស័យកសិកម្មក្នុងប្រទេស»។
សេដ្ឋកិច្ចប្រទេសទីម័រខាងកើត ពឹងផ្អែកយ៉ាងខ្លាំងលើការទាញយកទុនបម្រុងប្រេងពីក្នុងសមុទ្រទីម័រ ដែលតាមក្រសួងទេសចរណ៍របស់ខ្លួនមានចំនួនរហូតដល់ ៨០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
កសិកម្មក៏ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់ប្រទេសអតីតអាណានិគមព័រទុយហ្គាល់មួយនេះផងដែរ ដែលផ្តល់ការងារដល់ប្រជាជនពាក់កណ្ដាល។ រដ្ឋាភិបាលបានកំណត់ការកែលម្អផលិតកម្មកសិកម្ម និងជលផលជាអាទិភាពឈានមុខគេក្នុងគោលបំណងធានាសន្តិសុខស្បៀង និងទប់ស្កាត់ការនាំចូលលើសតម្រូវការ៕