ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​លើកឡើងថា ការ​រឹត​បន្តឹង​ការនាំចេញ​អង្ករ​បាក់ និង​អង្ក​រស​ប្រភេទ​ផ្សេងទៀត​រួមទាំង​រឹតបន្តឹង​ការនាំចេញ​ស្រូវ​សាលី និង​ស្ករ និង​រក្សាទុក​គ្រា​ប់ធ​ញ្ញ​ជាតិ​មួយចំនួន​របស់​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេ​នៅលើ​ពិភពលោក គឺជា​ឱកាស​សម្រាប់​កម្ពុជា​។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ឥណ្ឌា​ «The Economic Times» បាន​ផ្សព្វ​ផ្សាយ​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​កំណត់​តម្លៃ​អង្ករ​ ១ ២០០ ដុល្លារ​ ក្នុង​ ១​ តោន លើ​ការនាំចេញ​អង្ករ basmati (​អង្ករ​ដ៏​ពេញនិយម​នៅ​អាស៊ី​ខាងត្បូង​) ដើម្បី​ការពារ​ការរត់ពន្ធ​អង្ក​រស​ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​នាំ​ចេញ​។ ចំពោះ​តម្លៃ​ដែល​លក់​ចេញ ក្នុងករណី​ខ្លះ​មាន​ត្រឹមតែ ៣៥៩​ ដុល្លារ ​ក្នុង ១​ តោន ​ដែល​ទាប​ជាង​តម្លៃ​នាំចេញ​ជា​មធ្យម ១ ២១៤​ ដុល្លារ​នៅ​ខែ​នេះ​។

ក្រោយពី​កំណត់​តម្លៃ​តាម​កិច្ចសន្យា ហើយ​រកឃើញ​មាន​ការលក់​ក្រោម​តម្លៃ ១ ២០០​ ដុល្លារ ​ក្នុង​ ១ ​តោន រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ចាត់វិធានការ​។ ចំណាត់​ការ​នេះ​ធ្វើឡើង​ បន្ទាប់ពី​ឥណ្ឌា​បានដាក់​ពន្ធ ២០ ​ភាគរយ​លើ​ការ​​នាំចេញ​អង្ករសំរូប​ កាលពី​ថ្ងៃទី ២៥ ខែសីហា​។ ពន្ធ​លើ​ការនាំ​ចេញ​អង្ករសំរូប​នេះ​នឹងត្រូវ​អនុ​វត្ត​រហូតដល់​ថ្ងៃទី​ ១៥ ខែតុលា ​ឆ្នាំ​ ២០២៣​។​

​ចំពោះ​ការ​រឹតបន្តឹង​របស់​ឥណ្ឌា ក្នុង​ការនាំ​អង្ករ​ចេញ​នេះ​ត្រូវបាន​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៩ សីហា​ថា វា​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​បន្ថែមទៀត នៅពេលដែល​ឥណ្ឌា​ផ្អាក​ការនាំចេញ​អង្ករ​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​កម្ពុជា​យើង វា​ជា​ឱកាសល្អ ដែល​យើង​ក្នុងនាម​ជា​ប្រទេស​នាំចេញ​អង្ក​រដែរ ព្រោះថា នៅពេលដែល​តម្រូវការ​កាន់តែច្រើន អ្នកផ្គត់ផ្គង់​មាន​តិច នោះ​ហើយ​ជា​ពេលដែល​យើង​អាច​ចាប់​ចំណែក​ទីផ្សារ​បន្ថែមទៀត​។​យ៉ាងណាក្តី​យើង​ត្រូវមាន​ការពង្រឹង​ខ្លួនឯង​ដែរ ជា​​ពិសេស​រក្សា​ឱ្យបាន​គុណភាព​អង្ករ​របស់​យើង និង​កេរ្តិ៍ឈ្មោះ​ក្នុងនាម​ជា​អង្ករ​ល្អ​ដាច់​គេ​»​។​

​ដោយឡែក បើ​ងាក​ទៅ​មើល​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយនឹង​កម្ពុជា គឺ​ប្រទេស​វៀតណាម ដែលជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​ទី​៣ ​របស់​ពិភពលោក បាននិងកំពុង​សម្រុក​ទិញស្រូវ​ពី​កម្ពុជា​។ ចំពោះ​សកម្មភាព​នេះ ត្រូវបាន​លោក​ចាន់ សុ​ឃាំង យល់ឃើញថា ជា​រឿង​ធម្មតា​ដោយ​សារ​វៀតណាម ជា​ឈ្មួញ​ទិញស្រូវ​របស់​កម្ពុជា​ជា​យូរ​មកហើយ​ប៉ុន្តែ​អ្វីដែល​លោក​បានកត់សម្គាល់​នោះ​គឺ ឆ្នាំនេះ​វៀតណាម បាន​ទិញស្រូវ​ពី​កម្ពុជា ក្នុងតម្លៃ​ខ្ពស់ជាង​រាល់​ឆ្នាំ​។​

​លោក​បញ្ជាក់ថា​៖ «​ដោយសារ​វៀតណាម គាត់​មាន​ទុនបម្រុង​ច្រើន ទើប​គាត់​ទិញស្រូវ​ស្តុក​ទុក​បាន​ច្រើន អាច​ទុក​ប្រើប្រាស់​ក្នុងស្រុក​ផង និង​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ផង​។ ថ្វីដ្បិតតែ​វៀតណាម ជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ធំ​មួយ​បន្ទាប់ពី​ឥណ្ឌា និង​ថៃ​មែន ប៉ុន្តែ​វៀតណាម​ក៏មាន​នាំចូល​អង្ករ​ពី​ប្រទេស​ផ្សេងៗ​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ដែរ​»​។​

​បើតាម​ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​ ដដែល​នេះ​ បើទោះបីជា​តម្លៃ​ស្រូវ​មានការ​ឡើងថ្លៃ​មែន ប៉ុន្តែ​ទីផ្សារ​អង្ករ​អន្តរជាតិ​មិនទាន់​មានការ​ឡើងថ្លៃ​ដែល​សម​មាត្រ​ទៅនឹង​តម្លៃ​ស្រូវ​ដែល​ឡើង​នេះ​ទេ​ដោយសារតែ​ប្រទេស​ភាគច្រើន​បាន​ទិញ​អង្ករ​ស្តុក​ទុក​តាំងពី​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ​រាប់សែន​តោន ដែល​ប្រើប្រាស់​មិនទាន់​អស់ ដូចនេះ​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ មិនទាន់មាន​កើនឡើង​គួរឱ្យកត់សម្គាល់​នៅឡើយ​ទេ​។​

​ជាមួយគ្នានេះដែរ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មើលឃើញថា ការ​រឹតត្បិត​របស់​ឥណ្ឌា ចំពោះ​ការនាំចេញ​អង្ករ​នេះ មាន​ផល​ល្អ​សម្រាប់​កម្ពុជា ខណៈដែល​កម្ពុ​ជាមាន​ស​ន្តិ​សុខ​ស្បៀង​ល្អ និង​ក៏​ជា​ប្រទេស​នាំចេញ​អង្ករ​ផងដែរ​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​ទោះបីជា​ប្រទេស​មួយចំនួន​មាន​បញ្ហា​សន្តិសុខ​ស្បៀង​ក្រោយពី​ឥណ្ឌា​ផ្អាក​នាំចេញ​អង្ក​រស តែ​កម្ពុជា មិន​ត្រឹមតែ​មិន​ជួប​បញ្ហា​នោះទេ តែ​វា​ថែមទាំង​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ទៀតផង​។ ក្រសួងកសិកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ បាននិងកំពុង​ខិតខំ​សហការគ្នា ក្នុង​ការធ្វើការងារ​ច្រើន​ជាមួយ​កសិករ និង​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​ជំរុញ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​តាម​ផែន​ការកំណត់ ដែល​នឹង​អនុញ្ញាតឱ្យ​អង្ករ​កម្ពុជា​រួមចំណែក​បាន​កាន់​​តែ​ច្រើន​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ពិភពលោក​»​។​

​យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា នៅក្នុង​រយៈពេល​ ៧ ​ខែ ពោលគឺ​គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣​នេះ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស ក្នុង​បរិមាណ​ចំនួន ៣៦២ ៧៩៨​ តោន ទៅកាន់​ប្រទេស​គោលដៅ​ចំនួន​ ៥២ នៅលើ​ពិភពលោក​​ដោយ​បរិមាណ​នាំ​អង្ករ​ចេញ​នេះ ស្មើនឹង​ ៥២ ​ភាគរយ​នៃ​ផែនការ​ ៧០ ​ម៉ឺន​តោន​៕