ភ្នំពេញៈ កម្ពុជា​-​ជប៉ុន គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោ​ប​ល់​កម្រិត​គោលនយោបាយ​លើក​ទី១៤ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ នៅ​អំឡុង​ខែ​វិច្ឆិកា​ខាងមុខ ខណៈ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​២០២៣ សម្រេចបាន​ជាង ១​ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ​ជិត ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោល​​នយោបាយ​លើក​ទី​១៤ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន នាពេលខាងមុខ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃ ​៣១ ខែសីហា ឆ្នាំ​ ២០២៣ លោក ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​២ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើកដំបូង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ជាមួយនឹង​លោក TANINAL Ichitomo អនុប្រធាន​បេស​ក​កម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Miyahara Ai អនុប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​(JICA Cambodia)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​សារៈសំខាន់​សម្រាប់​ពិភាក្សា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​១៤ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដែល​គ្រោង​នឹង​រៀបចំ​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នេះ​។​

​លោក TANINAL Ichitomo បាន​លើកឡើងថា​៖ «​រដ្ឋាភិបាល​​ជប៉ុន​មានបំណង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោល​នយោបាយ​លើក​ទី​១៤ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋា​ភិ​​បាលជ​ប៉ុន បន្ទាប់ពី​បាន​អាក់​ខាន​មួយរយៈ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ជប៉ុន រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ១ ០២៤,៦៦​ លាន​ដុល្លារ ធ្លាក់​ចុះ ៩,៩​ ភាគរយ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែលមាន ១ ១៣៧,៥២​លាន​ដុ​ល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ចំនួន ៦៥៥,២១​ លាន​ដុ​ល្លារ ធ្លាក់ចុះ ១,៩​ ភាគរយ និង​ជប៉ុន​នាំមក​កម្ពុជា ៣៦៩,៤៤​ លាន​ដុល្លារ ធ្លាក់ចុះ ២១,៣​ ភាគរយ​។

ផ្អែក​តាម​តួលេខ​នេះ​ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព ២៨៥,៧៧​ លាន​ដុ​ល្លារ ខណៈ​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២២ មាន ១៩៨,៣២​ លាន​ដុល្លារ​។ ជប៉ុន គឺជា​ដៃគូ​ពា​ណិ​​ជ្ជ​កម្ម​ធំជាងគេ​ទី​ ៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ថា ការធ្លាក់ចុះ​ព្រម​​គ្នា​ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ប្រទេស​ទាំង​ ២ គឺ​ដោយសារតែ​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​ធ្វើឱ្យ​បុគ្គល​គ្រប់រូប​រឹតត្បិត​ការចំណាយ​មិនចាំបាច់​ក្រៅពី​ម្ហូបអាហារ​។ ស្ថានភាព​នេះ​នឹង​កាន់តែ​លំបាក​ប្រសិនបើ​ស្ថាន​ភាព​នយោបាយ និង​សេដ្ឋកិច្ច ពិភពលោក​នៅតែ​បន្ត​បែបនេះ​យូរ​ទៅទៀត​។ លោក​បន្ថែមថា មូលហេតុ​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​ធ្លាក់ចុះ​តិចជាង​ភាគី​ជប៉ុន គឺ​ដោយសារ​ទំនិញ​កម្ពុជា​នាំចេញ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។​

​លោក​អះអាងថា​៖«​ការធ្លាក់​​ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅពេលនេះ គឺ​កើត​មាននៅ​ស្ទើរ​គ្រប់​គោលដៅ​»​។ លោក​បន្តថា​៖«​ប្រសិនបើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​មាន​ភាពរលូន​ឡើងវិញ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន ប្រាកដជា​ងើបឡើង​វិញ​លឿន ព្រោះ​ក្រៅពី​មាន​កិច្ច​សហប្រតិបត្តិ​ការល្អ​ផ្នែក​ការទូត ប្រទេស​ទាំង ​២ ក៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ ផងដែរ​»​។​

​ក្រៅពី​ការផ្លាស់ប្តូរ​ទំនិញ​ជា​មួយ​គ្នា បច្ចុប្បន្ន​ក៏មាន​វិ​និ​យោ​គិ​ន​ជប៉ុន​ជាច្រើន​កំពុង​បណ្តាក់​ទុន​នៅ​កម្ពុជា​ផងដែរ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) ឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ជប៉ុន​គឺជា​ប្រ​​ទេស​ដែលមាន​វិនិយោគិន​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី ​៤ ដោយមាន​ប្រាក់​សរុប ១១,៣ ​ទ្រី​លាន​រៀល (​កើន ​១១,៦ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគ​​ច្រើន​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញ​​វត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​៕