​ភ្នំពេញៈ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ដាក់ឱ្យ​ដំណើរការ​កិច្ច​ច​រចា​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន (DEFA) ដែលជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល ​នៅ​ទូទាំង​តំបន់​ដ៏​សំខាន់​ដំបូង​គេ​ក្នុង​ពិភពលោក​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​អាស៊ាន​។​

​ការដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AECC) កាលពី​ថ្ងៃទី​៣ ខែកញ្ញា នៅ​ទីក្រុង​ហ្សា​ការតា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី​។​

​គោលបំណង​សំខាន់​នៃ​កិច្ចព្រមព្រៀង​ DEFA​ នេះ​គឺ​ដើម្បី​ជំរុញ​តំបន់​អាស៊ាន​ឱ្យទៅជា​សហគមន៍ និង​តំបន់​សេដ្ឋកិច្ច​ដែល​ត​ភ្ជាប់​ឌីជីថល​ដ៏​លេចធ្លោប្រកបទៅដោយ​សេវាកម្ម​ឌីជីថល​ដែលមាន​សុវត្ថិភាព និង​ការអភិវឌ្ឍ​ឌីជីថល បច្ចេកវិទ្យា​ទំនើប និង​ប្រព័ន្ធ​អេកូ​ដ៏​រឹងមាំ​។​

​កិច្ចប្រជុំ​ក៏បាន​អនុម័ត​ក្របខ័ណ្ឌ​នៃ​កិច្ចចរចា​លើកិច្ច​ព្រមព្រៀង​នេះ​ដែល​នឹង​ណែនាំ​អំពី​ការចរចា​នៃ​កិច្ចព្រមព្រៀង​នេះ​ដោយ​អនុវត្ត​គោលបំណង និង​គោលការណ៍​នៃ​ការចរចា ពិនិត្យ​លើ​វិស័យ​ដែល​ត្រូវ​ចរចា និង​កំណត់​ដំណើរ និង​ពេលវេលា​នៃ​ការចរចា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខាធិការដ្ឋាន​អាស៊ាន នា​ថ្ងៃទី​៣ ខែកញ្ញា​។​

​ការដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង ​DEFA​អាស៊ាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ការអនុម័ត​នៃ​ការសិក្សា​ទៅលើកិច្ចព្រមព្រៀង​ DEFA ​អាស៊ាន​នេះ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៥ (AEM) នៅ​ទីក្រុង Semarang ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែសីហា​។​

​ការសិក្សា​នេះ​បានកំណត់​ធាតុ​ស្នូល​ចំនួន​៩ រួមមាន ពាណិជ្ជកម្ម​ឌីជីថល ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(e-commerce) ឆ្លង​ព្រំដែន សុវត្ថិភាព​តាម​អុីនធឺណិត ការកំណត់​អត្តសញ្ញាណ​តាម​ឌីជីថល ការទូទាត់​តាម​ឌីជីថល លំហូរ​ទិន្នន័យ​ឆ្លង​ព្រំដែន និង​ប្រធានបទ​នានា​ដែល​រំពឹងថា​ នឹង​គ្របដណ្តប់​ទៅលើ​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង ​DEFA នេះ​។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី លោក AirlanggaHartarto ​បាន​ថ្លែងថា តំបន់​អាស៊ាន​នឹង​ឆ្ពោះទៅរក​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង DEFA នេះ​នៅ​ឆ្នាំ​២០២៥ ហើយ​ប្តេជ្ញា​បង្កើត​ប្រព័ន្ធ​អេកូ​ឌីជីថល​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​។​

​លោក​ថ្លែង​៖ «​នេះ​គឺជា​កិត្តិយស​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នាពេលនេះ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​នីមួយៗ​»​។​

​អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​​ថា ការដាក់​ដំណើរការ​កិច្ចចរចា DEFA នេះ​គឺជា​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​ក្រោម​ការដឹកនាំ​របស់​ឥណ្ឌូនេស៊ី​។​

​លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា DEFA ដ៏​រឹងមាំ ជឿនលឿន និង​ឆ្ពោះទៅមុខ​នេះ​ត្រូវបាន​រំពឹងថា​ នឹង​បន្ថែម​ថវិកា​រហូតដល់​ទៅ ​២ ០០០ ពាន់​លាន ​ដុល្លារ​អាមេរិក​ ដល់​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​នៅ​ឆ្នាំ​២០៣០ ដោយ​ពង្រឹង​ថាមវន្ត​ក្នុង​តំបន់ និង​ការប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ចពិភពលោក​។​

​គណៈកម្មាធិការ​ចរចា​កិច្ចព្រមព្រៀង DEFA អាស៊ាន​នេះ​ដឹកនាំ​ដោយ​ប្រទេស​ថៃ និង​ប្រទេស​ចរចា​នាំមុខ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​រួម​ទៅលើ​ការចរចា​លើ​បទ​ប្បញ្ញត្តិ DEFA ដោយ​ផ្អែកលើ​គោលការណ៍ដំណើរការ និង​ពេលវេលា​កំណត់​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​ការចរចា DEFA អាស៊ាន​នេះ​។​

​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មាធិកា​រ​ចរចា DEFA អាស៊ាន​នេះ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​២០២៣​។ កិច្ចប្រជុំ​ជា​បន្តបន្ទាប់​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៤ និង​២០២៥​ដោយមាន​គោលបំណង​បញ្ចប់​ការចរចា DEFA អាស៊ាន​នេះ​នៅ​ឆ្នាំ​២០២៥៕