ភ្នំពេញៈ ​វិនិយោគិន​ក្នុងស្រុក និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ជំរុញឱ្យមាន​ការកែលម្អ​បរិ​យា​កាស​វិនិយោគ​បន្ថែមទៀត ​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​លេចធ្លោ​មួយ នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​ តាន់ មុនី​វណ្ណ​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០២៣ ថា រាជរដ្ឋាភិបាល​ថ្មី​នេះ ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​បាន​ដាក់ចេញ​នូវ​ការកែទម្រង់​យ៉ាងច្រើន ដើម្បី​ទាក់ទាញ​ការវិនិយោគ​មាន​ទាំង​ការអនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​ការ​រៀបចំ​ឱ្យមាន​ច្បាប់​វិនិយោគ​ជា​ដើម​។

​លោក​បញ្ជាក់ថា​៖ «​តាមពិតទៅ​យើង​ធ្វើ​បានល្អ​ច្រើន​ហើយ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ការរៀបចំ​ច្បាប់ បទដ្ឋាន​គតិយុត្ត​, ​ការផ្លាស់​​ប្តូរ​មកប្រើប្រាស់​បច្ចេក​វិទ្យា​ឌី​ជី​ថ​ល និង​ការ​កំណែទម្រង់​នានា ដែល​សំដៅ​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅប្រទេស​។ តែ​អ្វីដែល​យើង​នៅ​ខ្វះ គឺ​ធនធានមនុស្ស ដែលមាន​ជំនាញ​ពិតប្រាកដ ដែល​នេះ​ជា​ចំណុច​សំខាន់​មួយ​ដែរ ដែល​អាចធ្វើឱ្យ​បរទេស គេ​សម្រេចចិត្ត​មករក​ស៊ី​នៅ​ស្រុក​យើង​»​។

លោក​បន្ថែមថា ចំពោះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) របស់​សកលលោក​នៅក្នុង​អាស៊ាន​នេះ ត្រូវបាន​លើក​​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី ដោយ​គាត់​បាន​បញ្ជាក់ថា អាស៊ាន គឺជា​ទិសដៅ​ទាក់ទាញ​បំផុត​សម្រាប់​វិនិយោគិន​បរទេស​។​

​លោក មុនី​វណ្ណ បាន​បន្ថែមថា អាស៊ាន​បានធ្វើ​ការងារ​ច្រើន​ហើយ ដើម្បី​ជំរុញ​ការវិនិយោគ​ផ្ទា​ល់ពី បរទេស​មកកាន់​តំបន់ ដូចជា ការផ្លាស់ប្តូរ​ឌីជីថល​,​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ជាដើម​។ ម្យ៉ាងវិញទៀត​ប្រទេស​ក្នុង​តំបន់​អាស៊ាន គួរ​មានការ​ចែករំលែក​ពី​វិធីសាស្ត្រ​ល្អជា​ពិសេស​ប្រទេស ដែលមាន​កំណើន​ FDI ខ្ពស់ គួរ​ជួយ​បណ្តុះបណ្តាល​ប្រទេស​ជា​សមាជិក​ផ្សេងទៀត ដើម្បី​ធ្វើឱ្យ​អាស៊ាន​កាន់តែខ្លាំង​។​

​យោងតាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ វិ​និ​យោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន ១៨៥,៧ ទ្រី​លាន​រៀល (៤៥,៨​ ប៊ី​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៩​ ភាគរយ​ធៀប​នឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ប្រភព​ទុន​ចម្បង មកពី​ប្រទេសចិន កូរ៉េខាងត្បូង សិង្ហ​បុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និង​ចក្រភព​អង់គ្លេស​។ លំហូរ​វិនិយោគ​នេះ​គ្របដណ្តប់​លើ វិស័យ​ធំៗ ដូចជា វិស័យ​ហិ​រញ្ញ​វត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និង​រមណីយដ្ឋាន កសិកម្ម វា​រី​អគ្គិសនី និង​សំណង់​។​

​វិស័យ​ហិរញ្ញវត្ថុ ទទួលបាន​ការវិនិយោគ​ពី​បរទេស​ក្នុង​ទំហំ​ទឹក​ប្រាក់​ច្រើនជាងគេ ក្នុងនោះ​ក្រុម​ហ៊ុន​ដែល​ចូលមក​វិនិយោគ​ច្រើនជាងគេ​មានមក​ពី កូរ៉េ ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ ជាដើម​។ ​លោក អ៊ិន ចាន់នី ប្រធាន​នា​​យក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បានលើកឡើង​ដែរ​ថា មាន​កត្តា​សំខាន់ៗ​ជាច្រើន ដែល​នៅតែ​ជំ​រុញឱ្យ​វិនិយោគិន​បរទេស ចាប់​អារម្មណ៍​លើ​ការវិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

លោក​បានឱ្យដឹងថា កត្តា​ទាំងនោះ​មាន​ដូច​ជា ការយកចិត្តទុកដាក់​របស់​ធនា​គារ​ជាតិ ក្នុងនាម​ជា​និយតករ ក្នុង​វិស័យនេះ​,​ការអនុវត្ត​ដោយ​ផ្អែកលើ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​អន្តរជាតិ​,​តម្រូវការ​ដើមទុន​អប្ប​បរមា​សម្រាប់​ធនាគារ​នៅមានកម្រិត​ទាប​នៅឡើយ និង​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​បញ្ជាក់ថា​៖ «​ការចែករំលែក​ព័ត៌មាន​ស្តីពី​ការអភិវឌ្ឍ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ធនាគារ និង​ហិរញ្ញវត្ថុ និង​ព័ត៌មាន​អំពី​បរិ​​យា​កាស​ដែល​ពួកគេ​កំពុងធ្វើការ រួមទាំង​ព័ត៌មាន​នៅលើ​ទីផ្សារ និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ ពិត​ជាមាន​សារៈសំខាន់​។ វិនិយោគិន​បរទេស មិនចាំបាច់​ព្រួយបារម្ភ​លើ​ការផ្លាស់ប្តូរ​ទៅជា​រូបិយប័ណ្ណ​ក្នុងស្រុក​ទេ ព្រោះ​ពួកគេ​អាចមាន​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួក​គេ​ជា​ដុល្លារ​អាមេរិក​បាន ដែល​នេះ​វា​បង្កលក្ខណៈ​ងាយស្រួល​ច្រើន​ដល់​អ្នកវិនិយោគ​»​។​

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា ធ្លាប់បាន​លើកឡើងថា ទោះបី​ជាមាន​វិបត្តិ​កូ​វីដ​ ១៩ ដែល​កំពុង​បន្ត​កើតមាន និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ក៏ដោយ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស មកកាន់​ប្រទេស​កម្ពុជា​ នៅតែមាន​ស្ថិរភាព ដោយ​ទាក់ទាញ​បាន​ចំនួន ៣,៦ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំមុន​។

លោក​បញ្ជាក់ថា៖ «​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​អ្នកវិនិយោគ​ក្នុងប្រទេស​កាលពី​ឆ្នាំមុន​ដោយមាន​ចំនួន ៥៣,៥៤ ភាគរយ​ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន​ចំនួន ៤២,០១ ភាគរយ ប្រទេស​ថៃ​ចំនួន ១,០៩ ភាគរយ​និង​ប្រទេស​ជប៉ុន​ចំនួន ០,៩៨ ភាគរយ​»​។​

​លោក វុទ្ធី​ បន្តថា តំបន់​សេដ្ឋ​កិច្ច​ពិសេស​គឺជា​ការទាក់ទាញ​យ៉ាងសំខាន់​សម្រាប់ FDI​។ SEZs បាន​ទាក់ទាញ​កម្រិត​សំខាន់​នៃ​ការវិនិយោគ​បរទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា​លោក ហុង​វណ្ណៈ លើកឡើងថា ដើម្បី​ជំរុញ​កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​បន្ថែមទៀត ទាំង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ត្រូវមាន​ការពិភាក្សាគ្នា​ឱ្យបាន​លម្អិត​ដើម្បី​រៀបចំ​បរិយាកាស​វិនិយោគ​ថ្មី​មួយ ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​មាន​ទំនុកចិត្ត​និង​ផ្តល់​ភាព​ចំណេញ​ខ្ពស់​នៅពេល​គេ​សម្រេច​បោះទុន​។ «​ការរៀបចំ​គោលនយោបាយ ច្បាប់ ជា​រឿង​សំខាន់​ហើយ​ដែល​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ រឹតតែ​សំខាន់​ថែមទៀត​ឯ​តម្លៃ​អគ្គិ​ស​នី អាចជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស​ព្រោះ​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់​ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម កម្លាំង​ពលកម្ម និង​បច្ចេកវិទ្យា​ឌីជីថល​»៕